ពលរដ្ឋ​ជាង​៣០០​គ្រួសារ​សង់​រោង​អនាធិបតេយ្យ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​រតនគិរី​ស្នើសុំ​ដី

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នាំ​គ្នា​ទៅ​សង់​រោង​ធ្វើ​ផ្ទះ​ស្នាក់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ នៅ​ស្រុក​អូរជុំ ខេត្ត​រតនគិរី តាម​របៀប​អនាធិបតេយ្យ។ ចំណែក​មន្ត្រី​អាជ្ញាធរ​ចាត់​វិធានការ​បង្ក្រាប ប៉ុន្តែ​សកម្មភាព​តាំង​ទីលំនៅ​ថ្មី​ខុស​ច្បាប់​នេះ មិន​បាន​ថយ​ចុះ​ទេ ផ្ទុយ​ទៅ​វិញ​កាន់​តែ​កើន​ច្រើន​ឡើង។

ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​អនាធិបតេយ្យ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា ទទួល​ស្គាល់​ថា សកម្មភាព​តាំង​ទីលំនៅ​របស់​ពួក​គាត់​ខុស​ច្បាប់ ប៉ុន្តែ​ពួក​គាត់​គ្មាន​ជម្រើស ដោយសារ​ពួក​គាត់​ជា​ជន​ក្រីក្រ​គ្មាន​ដី​សង់​លំនៅឋាន​រស់​នៅ។

អ្នក​តាំង​ទីលំនៅ​ថ្មី​មួយ​រូប​ឈ្មោះ កុយ ពៅ សំណូមពរ​សុំ​រាជ​រដ្ឋាភិបាល​អនុគ្រោះ និង​កាត់​ដី​នោះ​ចេញ​ពី​ដី​ចម្ការ​កៅស៊ូ ហើយ​ផ្តល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​រស់​នៅ​ចិញ្ចឹម​ក្រុម​គ្រួសារ ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។ លោក​បន្ត​ថា នឹង​មិន​ចាក​ចេញ​ពី​រោង​ស្នាក់​នៅ​នេះ​ទេ បើ​ទោះ​បី​ប្រឈម​នឹង​ការ​រុះរើ​បណ្ដេញ​ចេញ​ពី​ក្រុម​សមត្ថកិច្ច​ជាច្រើន​លើក​ក្តី៖ «រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឲ្យ​បាន​តែ​មួយ​ផ្ទះៗ​ក៏​ខ្ញុំ​អរ​ដែរ។ ១០​ម៉ែត្រ​បួន​ជ្រុង​ក៏​យក​ដែរ អរ​ណាស់! គ្មាន​តែ​ម្តង ស្បថ​ជើង​ជាន់​ធរណី​កូន​សម្លាញ់ ៧​នាក់»

ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី ជាង ៣​ពាន់​ហិកតារ បន្សល់​ពី​សម័យ​សង្គម​រាស្ត្រ​និយម បាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចិន ឈ្មោះ ស្វីហ្វ​រ៉ាប់ប័រ រតនគិរី ប្លិនថេសិន (Swift Rubber Rattanakiri Plantation)។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​កាប់​ដើម​កៅស៊ូ​ចាស់​ចោល ហើយ​ដាំ​ថ្មី​ឡើង​វិញ ជាពិសេស​ចម្ការ​កៅស៊ូ​នៅ​ស្រុក​អូរជុំ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អើល​នាំ​គ្នា​ទៅ​ចាប់​ដី​ធ្វើ​រោង​ស្នាក់​នៅ​កាន់​តែ​ច្រើន​ឡើង។

ប្រធាន​ការិយាល័យ​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ្វ​រ៉ាប់ប័រ លោក ងិន បូរិន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ប្ដឹង​ករណី​នេះ​តាម​ផ្លូវ​តុលាការ​រួច​ហើយ ដើម្បី​ការពារ​ដី​វិនិយោគ​របស់​រដ្ឋ។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​តាម​កិច្ចសន្យា​វិនិយោគ​ជាមួយ​ក្រសួង​កសិកម្ម៖ «មាន​តែ​អាជ្ញាធរ​ខេត្ត​ទេ​ដែល​អាច​ដោះស្រាយ​បាន​បញ្ហា​ដីធ្លី ព្រោះ​ក្រុមហ៊ុន​ហួស​ពី​សមត្ថភាព។ និយាយ​រួម ក្រុមហ៊ុន​អត់​មាន​ដី​សម្រាប់​ចែក​ជូន​ឲ្យ​អ្នក​ណា​ម្នាក់​ទេ មាន​តែ​ភារកិច្ច​ការពារ​ដី​ជូន​រដ្ឋ»

ស្ថិតិ​របស់​អាជ្ញាធរ​ឃុំ​អូរជុំ មុន​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា និង​កម្មករ​ចម្ការ​កៅស៊ូ​មក​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​មាន ៥១​គ្រួសារ។ តួលេខ​នេះ​កើន​ឡើង​ដល់​ជាង ១០០​គ្រួសារ ក្នុង​ឆ្នាំ​២០១៣ និង​កើន​ឡើង​ដល់​ជាង ៣០០​គ្រួសារ នា​ពេល​បច្ចុប្បន្ន។

អភិបាល​ស្រុក​អូរជុំ លោក សាក់សុន មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​អនុគ្រោះ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្វើ​កិច្ចសន្យា​តាំង​ទីលំនៅ​បណ្ដោះអាសន្ន​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​មិន​អនុញ្ញាត​ឲ្យ​ពង្រីក​ដី​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្ត្រ និង​ពង្រីក​លំនៅឋាន រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត ក៏ប៉ុន្តែ​អ្នក​តាំង​ទីលំនៅ​ខុស​ច្បាប់​បាន​ល្មើស​ការ​ណែនាំ និង​មាន​ប្រជាពលរដ្ឋ​ថ្មីៗ​បន្ថែម​ទៀត​ចូល​មក​ចាប់​ដី ធ្វើ​រោង​ប្រក់​សំពត់​កៅស៊ូ​ដោយ​បំពាន​ច្បាប់៖ «វា​ច្រើន​ពេក​មក​ពី​កំពង់ចាម សឹង​គ្រប់ ខេត្ត​បាត់ដំបង មក​ពី​ក្រចេះ ប៉ុន្តែ​មាន​គោលការណ៍​របស់​គេ​ហើយ​ខាង​តុលាការ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​រដ្ឋ​ថា​ជា​អំពើ​ខុស​ច្បាប់។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​គោលការណ៍​សុំ​ដី​សម្បទាន​សង្គម​កិច្ច ចំពោះ​ប្រជាពលរដ្ឋ​គ្មាន​ដី​រស់​នៅ​ពិត​ប្រាកដ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​គួរ​ចាត់​វិធានការ​ដោះស្រាយ​ដី​សង្គម​កិច្ច ដល់​អតីត​អ្នក​តាំង​ទីលំនៅ​លើ​ដី​ចម្ការ​កៅស៊ូ​ប្រមាណ ១០០​គ្រួសារ ដែល​បាន​រស់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ច្រើន​ឆ្នាំ​មក​ហើយ៖ «តាម​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ពី​មុន​នោះ។ យើង​គិត​ថា​ជាង ១០០​គ្រួសារ​ប៉ុណ្ណឹង​ទេ ហើយ​បើ​យើង​មាន​គោល​នយោបាយ​ច្បាស់​លាស់​ចំពោះ​ពលរដ្ឋ ១០០​គ្រួសារ​ប៉ុណ្ណឹង អ្នក​ដែល​មក​ក្រោយៗ​ក៏​គាត់​មិន​ហ៊ាន​មក​ដែរ ខុស​ច្បាប់​ទាំង​ស្រុង»

តួលេខ​របស់​ក្រុមហ៊ុន ស្វីហ្វ​រ៉ាប់ប័រ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ និង​កម្មករ​រស់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ជាង ២០០​គ្រួសារ នៅ​ស្រុក​អូរជុំ និង​ក្រុង​បានលុង។ បច្ចុប្បន្ន នៅ​ឃុំ​កាចាញ ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន​លើ​ទំហំ​ក្បាល​ដី​ដែល​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ជាក់ស្តែង និង​បណ្តោយ​ក្បាល​ដី ៦០​ម៉ែត្រ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អាជ្ញាធរ​ខេត្ត​ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​អ្នក​តាំង​ទីលំនៅ​ថ្មីៗ​ក្រោយ​ឆ្នាំ​២០១៣ ចេញ​ពី​តំបន់​នោះ​នា​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។