ពលរដ្ឋ​នៅ​សៀមរាប​ប្ដឹង​សកម្មជន​បក្ស​ប្រជាជន​ថា​ប្រើ​អំណាច​លុប​អូរ​ដែល​ជា​ផ្លូវ​សាធារណៈ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់ រិះគន់​ថា អ្នក​មាន​ឥទ្ធិពល​ម្នាក់​ដែល​ជា​បណ្ដាញ​ពង្រឹង​សមាជិក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​នោះ កំពុង​ប្រើ​អំណាច​ផ្ទាល់​ខ្លួន​យក​ដី​ទៅ​ចាក់​លុប​អូរ ដែល​ជា​ផ្លូវ​សាធារណៈ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​បាន​ទេ។

បញ្ហា​នេះ ក្រុម​អ្នក​ភូមិ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឱ្យ​ជួយ​ដោះស្រាយ​រយៈពេល ៥​ខែ​មក​ហើយ ក៏ប៉ុន្តែ មេ​ឃុំ​បាន​ផ្អាប់​សំណុំ​រឿង​នោះ​ចោល​មិន​ហ៊ាន​ដោះស្រាយ។

ប្រជាពលរដ្ឋ​ចំនួន ១២៣​គ្រួសារ នៅ​ភូមិ​ដំណាក់ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​ស្រុក​នេះ ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ទៅ​លើ​បញ្ហា​អ្នក​មាន​ឥទ្ធិពល​ចំនួន ២​គ្រួសារ ដែល​ចាក់​ដី​លុប​អូរ​ជា​ផ្លូវ​ចាស់ ហើយ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន បណ្ដាល​ឲ្យ​គ្មាន​ផ្លូវ​ចេញ​ចូល​បាន​នោះ។

ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​បុរស​ឈ្មោះ ពេញ ង៉ិក និង​ប្រពន្ធ​ឈ្មោះ ចាន់ សារេត ថា​ជា​អ្នក​បាន​ចាក់​ដី​លុប​អូរ​ជា​ផ្លូវ​របស់​ពួក​គេ​ធ្លាប់​ចេញ​ចូល​រាប់​ជំនាន់​មក​ហើយ។

តំណាង​អ្នក​ភូមិ​ដំណាក់ខ្ចាស់ គឺ​លោក ឈួន តេត។ លោក​មាន​ប្រសាសន៍​ថា ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ បាន​យក​ដី​ទៅ​ចាក់​លុប​អូរ​ដែល​ជា​ផ្លូវ​គោ​ក្របី​ធ្លាប់​ដើរ​នៅ​រដូវ​ប្រាំង ចំណែក​នៅ​រដូវ​វស្សា គឺ​ជា​ផ្លូវ​ទូក​ជាច្រើន​ខែ​មក​ហើយ មិន​ឱ្យ​អ្នក​ភូមិ​អាច​ចេញ​ចូល​បាន​ទេ។ លោក ឈួន តេត បញ្ជាក់​ថា លោក និង​អ្នក​ភូមិ​ជាង ១២០​គ្រួសារ ព្យាយាម​តវ៉ា​បញ្ហា​នេះ​រយៈពេល​ជាង ៥​ខែ​មក​ហើយ ក៏ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន​លទ្ធផល។

លោក ឈួន តេត៖ «ផ្លូវ​ហ្នឹង​អូរ​បុរាណ​ច្រើន​ជំនាន់​មក​ហើយ កាល​ពី​សម័យ​មាន​គោ​ក្របី ពេល​ខែ​ប្រាំង​យើង​ដេញ​គោ​ក្របី​បរ​រទេះ។ ដល់​ខែ​រដូវ​វស្សា គឺ​ផ្លូវ​ទូក។ គេ​បិទ​ថា​ជា​ដី​របស់​គេ ហើយ​ឃុំ​ថា​គេ​មិន​អាច​ដោះស្រាយ​បាន។ ដូច្នេះ គេ​អត់​ហ៊ាន​ដោះ​ទេ គឺ​បញ្ជូន​ទៅ​ស្រុក​ប៉ុន្មាន​ខែ​មក​ហើយ»

ចំណែក​អ្នក​ភូមិ​ដំណាក់ខ្ចាស់ ម្នាក់​ទៀត លោក ខៀន ឃាង មាន​ប្រសាសន៍​ថា ចាប់​ពី​ឈ្មោះ ពេញ ង៉ិក និង​ចាន់ សារេត ចាក់​ដី​លុប​អូរ​បិទ​ផ្លូវ​សាធារណៈ​មិន​ឱ្យ​ចេញ​ចូល​មក គឺ​រូប​លោក​ក៏​ដូចជា​អ្នក​ភូមិ​ដំណាក់ខ្ចាស់ ជាច្រើន​ទៀត មាន​ការ​ពិបាក​ធ្វើ​ដំណើរ​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក ពីព្រោះ​តែ​មិន​មាន​ផ្លូវ។ បុរស​ដដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ឃុំ​សំបួរ និង​ស្រុក​ក្រឡាញ់ ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

លោក ខៀន ឃាង៖ «អូ! រាល់​ថ្ងៃ​នេះ វា​មាន​ការ​លំបាក​ត្រង់​ថា យើង​ចេញ​ទូក​ចេញ​អី​ទៅ​ច្រូត​ស្មៅ រាយ​សន្ទូច ដាក់​មង​ដាក់​អី ក៏​វា​អត់​បាន។ ចង់​បាន​ឱ្យ​តែ​បើក​វិញ​នេះ​ឯង សព្វថ្ងៃ​កំពុង​តែ​ទាមទារ​លោក​អភិបាល គាត់​សន្យា​កាល​ពី​ជួប​គ្នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា នោះ ថា​ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា គាត់​នឹង​បើក​ឱ្យ។ យើង​មិន​ទុក​ចិត្ត​ដែរ ព្រោះ​កាល​ពី​លើក​មុន​សន្យា ៣​ថ្ងៃ ដល់​ពេល​គ្រប់ ៣​ថ្ងៃ​ហើយ ភាគី​ខាង​បិទ​នោះ គេ​ថា​រវល់​ប្អូន ឡើង​ផ្ទះ ទៅ​គេ​អត់​បាន​ជួប​ដោះស្រាយ»

ក្រុម​អ្នក​ភូមិ​ដំណាក់ខ្ចាស់ ចោទ​ប្រកាន់​មេ​ឃុំ​សំបួរ ថា​មាន​ចេតនា​មិន​ដោះស្រាយ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជុំវិញ​រឿង​នោះ ពីព្រោះ​តែ​គេ​បាន​ដាក់​ពាក្យ​ប្ដឹង​តាំង​តែ​ពី​អំឡុង​ដើម​ខែ​មេសា មក ប៉ុន្តែ​មេ​ឃុំ​មិន​បាន​ដោះស្រាយ​ទេ ហើយ​ក៏​មិន​បញ្ជូន​បណ្ដឹង​នោះ​បន្ត​ទៅ​អាជ្ញាធរ​ស្រុក​ក្រឡាញ់ ឱ្យ​ជួយ​ដោះស្រាយ​ដែរ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​សំបួរ លោក ប៊ុន អឿម ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ក៏ប៉ុន្តែ នៅ​លើ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជុំវិញ​រឿង​នោះ លោក​មេ​ឃុំ​សំបួរ បាន​ចារ​ជា​លាយលក្ខណ៍​អក្សរ ដោយ​ទទួល​ស្គាល់​ថា ឈ្មោះ ពេញ ង៉ិក និង​ប្រពន្ធ​ឈ្មោះ ចាន់ សារេត ពិត​ជា​បាន​រំលោភ​យក​ផ្លូវ​ធ្វើ​ដំណើរ និង​ផ្លូវ​ទូក​កាណូត​របស់​ប្រជាពលរដ្ឋ​នៅ​រដូវ​វស្សា​មែន។ ក្នុង​ករណី​នេះ មេ​ឃុំ​សំបួរ ហាក់​មិន​បង្ហាញ​ពី​ការ​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ គឺ​បញ្ជូន​ទៅ​ឱ្យ​សាលា​ស្រុក​ក្រឡាញ់ ជួយ​ដោះស្រាយ​តែ​ម្ដង។

ទាំង​ក្រុម​ប្រជាពលរដ្ឋ​ភូមិ​ដំណាក់ខ្ចាស់ និង​សមាជិក​នៃ​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ខ្លះ បាន​រិះគន់​ថា ឈ្មោះ ពេញ ង៉ិក និង​ឈ្មោះ ចាន់ សារេត ដែល​ហ៊ាន​ចាក់​ដី​លុប​អូរ​យក​ផ្លូវ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​កូន​របស់​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៅ​តំបន់​នោះ​ឈ្មោះ លោក សៃ សឿម។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ មួយ​រូប លោក ស៊ឹម សោភ័ណ ឱ្យ​ដឹង​ថា ដោយសារ លោក សៃ សឿម គឺ​ជា​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៅ​តំបន់​នោះ គឺ​អាជ្ញាធរ​ឃុំ​សំបួរ និង​អាជ្ញាធរ​ស្រុក​ក្រឡាញ់ មិន​ហ៊ាន​ដោះស្រាយ​រឿង​ចាក់​ដី​លុប​អូរ​យក​ផ្លូវ​សាធារណៈ​នោះ​ទេ បាន​ជា​ពន្យារ​ពេល​ជាច្រើន​ខែ​មក​ហើយ៖ «គាត់​ត្រូវ​បាន​គណបក្ស​ប្រជាជន រើស​ធ្វើ​ជា​បណ្ដាញ​ពង្រឹង​គណបក្ស​ប្រជាជន រួម​ទាំង​ខាង​ប៉ូលិស ឱ្យ​គាត់​ធ្វើ​បណ្ដាញ​គ្រាន់​រាយការណ៍​មក​ថ្នាក់​លើ​ផង អ៊ីចឹង​បើ​សិន​ជា​អភិបាល ឬ​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន កាត់​ឱ្យ​ឈ្មោះ សៃ សឿម ឬ​កូន សៃ សឿម ចាញ់ ហាក់​បី​ដូច​ជា​គាត់​អត់​មាន​អំណាច​អី​ជួយ​ការពារ​ផល​ប្រយោជន៍ សៃ សឿម នោះ​វិញ​សោះ»

ក៏ប៉ុន្តែ អាជ្ញាធរ​ស្រុក​ក្រឡាញ់ បាន​ច្រាន​ចោល​បញ្ហា​ដែល​ភ្ជាប់​ទៅ​នឹង​គណបក្ស​នយោបាយ​នោះ ថា ក្រុម​អ្នក​និយាយ​ដូច​នេះ​គ្រាន់​តែ​ធ្វើ​ឱ្យ​ពីរោះ​ស្ដាប់។

អភិបាល​ស្រុក​ក្រឡាញ់ លោក ជឿន ជាន អះអាង​ថា បញ្ហា​ដែល​កើត​ឡើង​យូរ​ហើយ​មិន​ទាន់​ដោះស្រាយ​នោះ គឺ​តាំង​តែ​ពី​មុន​រូប​លោក​ទៅ​កាន់​តំណែង​ម្ល៉េះ ហើយ​លោក​ទើប​តែ​បាន​ទទួល​បណ្ដឹង។ លោក​អភិបាល​ស្រុក​ក្រឡាញ់ បាន​បដិសេធ​ថា ឈ្មោះ ពេញ ង៉ិក និង​ចាន់ សារេត មិន​មែន​ចាក់​ដី​លុប​ផ្លូវ​សាធារណៈ​ដូច​អ្នក​ភូមិ​ប្ដឹង​នោះ​ឡើយ។ តាម​ពិត គឺ​លុប​កំណាត់​អូរ​ដែល​ធ្លាប់​ជា​ផ្លូវ​អ្នក​ភូមិ​ឆ្លង​កាត់។ ទោះ​យ៉ាង​ណា លោក​អភិបាល​ស្រុក​ក្រឡាញ់ ទទួល​ស្គាល់​ថា ការ​បិទ​អូរ​នោះ គឺ​ផល​ប្រយោជន៍​បាន​ទៅ​មនុស្ស​តិចតួច ប៉ុន្តែ​ប្រសិន​បើ​បើក​អូរ​ដូច​ធម្មតា​វិញ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទទួល​ផល​ប្រយោជន៍។ ដូច្នេះ លោក​កំពុង​ព្យាយាម​ដោះស្រាយ​ឱ្យ​ឆាប់​រហ័ស៖ «សម្រាប់​ខ្ញុំ​ជា​អាជ្ញាធរ​ដែន​ដី​នេះ ខ្ញុំ​ខិតខំ​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ។ មិន​មែន​ទើប​តែ​លើក​ទី​១ ចុង​ក្រោយ​នេះ​ទេ ចង់​៤-៥​លើក​ទៅ​ហើយ គឺ​វិធីសាស្ត្រ​ធ្វើ​ការ​សាកសួរ​រក​មធ្យោបាយ​សព្វ​បែប​យ៉ាង ដើម្បី​ជួយ​គាត់​ទាំង​សង​ខាង»

លោក​អភិបាល​ស្រុក​ក្រឡាញ់ បាន​សន្យា​យ៉ាង​មុតមាំ​ថា លោក​នឹង​ប្រឹងប្រែង​ដោះស្រាយ​រឿង​នោះ​ឱ្យ​ចប់​សព្វគ្រប់​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់​រួច​រាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។