ពលរដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀង ចោទប្រកាន់មន្ត្រីទទួលបន្ទុកផ្នែកវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ថាវាស់ដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋប្រកាន់បក្ខពួកនិយម ដោយវាស់ដីឲ្យអ្នកដែលមានទ្រព្យធនជាមុន ចំណែកអ្នកក្រក្រី ត្រូវរង់ចាំតាមក្រោយ។
ករណីនេះ អនុប្រធានទទួលបន្ទុកផ្នែកវាស់ដី បញ្ជាក់ថា ការចុះវាស់ដីពលរដ្ឋធ្វើឡើងដោយតម្លាភាព ពុំមានប្រកាន់បក្ខពួកនិយមអ្វីឡើយ។
ប្រជាពលរដ្ឋជាម្ចាស់ដីដែលអាជ្ញាធរមិនបានវាស់ដីអោយ ដោយរំលងទៅអ្នកមានទ្រព្យធនជាមុននោះ សម្ដែងការមិនពេញចិត្តទៅនឹងចំណាត់ការរបស់អាជ្ញាធរវាស់វែងដីធ្លីនេះ ដោយចាត់ទុកថា ជារឿងអយុត្តិធម៌រើសអើងមកលើអ្នកគ្មានទ្រព្យធន។
ពលរដ្ឋម្នាក់រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្កុញ ក្រុងបាវិត ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី១៩ កក្កដា ថា មន្ត្រីសុរិយោដីនៃមន្ទីរនគរូបនីយកម្ម និងសំណង់ខេត្តស្វាយរៀង ចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋ នៅភូមិជ្រៃធំ បានបំពេញការងារដោយលម្អៀងទៅខាងអ្នកមានទ្រព្យធន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។ លោកបន្តថា មន្ត្រីទាំងនោះមិនវាស់ក្បាលដីតាមលំដាប់លំដោយនោះទេ គឺរក្សាក្បាលដីរបស់អ្នកភូមិក្រីក្រទុកមួយអន្លើសិន ហើយស្ទុះស្ទាទៅវាស់ក្បាលដីឲ្យអ្នកមានទ្រព្យជាមុន។
លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិតែងត្អូញត្អែរពីសកម្មភាពរបស់អាជ្ញាធរនេះ ប៉ុន្តែពួកគាត់ទាំងនោះព្រួយបារម្ភខ្លាចគេមិនធ្វើប្លង់ឲ្យ ហើយម្នាក់ៗសុខចិត្តអត់ទ្រាំពុំហ៊ានបញ្ចេញយោបល់ពីទុក្ខលំបាករបស់ខ្លួនឡើយ៖ «ម្ដាយខ្ញុំនៅឯងគាត់អត់ចេះអក្សរ អ៊ីចឹងបើខ្ញុំអត់នៅ គាត់ចេះមើលអក្សរ ហើយព្រំប្រទល់អីគាត់ធ្លាប់លក់ដីឲ្យគេ គាត់ត្រូវផ្ដិតមេដៃជូនគេអ៊ីចឹង។ អ៊ីចឹងគាត់អត់ចេះ អ៊ីចឹងគេអាចបន្លំបានអ៊ីចឹង ទាល់តែខ្ញុំអ្នកចេះហ្នឹងនៅមើល អ៊ីចឹងវាខាតពេលវេលា ខ្ញុំនៅដល់ទៅ២ថ្ងៃ ហើយអត់បានវាស់ទៀត។ ខ្ញុំត្រូវបានវាស់ថ្ងៃ អឺ! ថ្ងៃសុក្រ ហ្នឹង ប៉ុន្តែគេទៅវាស់អ្នកមានមុន! ហៅមកវាស់ហើយហ្នឹង កាន់ម៉ែត្រកាន់អី! បង្គោលហើយហ្នឹង អ្នកមានមកទៅវាស់ឲ្យអ្នកមានបណ្ដោយ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អនុប្រធានទទួលបន្ទុកផ្នែកវាស់វែងដីធ្លីជាលក្ខខណ្ឌប្រព័ន្ធក្រុងបាវិត លោក ប៉ី ណារ៉េត មានប្រសាសន៍ដោយបដិសេធថា ការវាស់វែងដីធ្លីនោះធ្វើឡើងដោយស្មើភាពគ្នា មិនរើសអើង និងប្រកាន់បក្ខពួកជាអ្នកមាន ឬអ្នកក្រនោះទេ។ លោកបញ្ជាក់បន្ថែមថា កាលពីថ្ងៃសុក្រ កន្លងទៅ អាជ្ញាធរវាស់ក្បាលដីមួយករណីឲ្យប្រជាពលរដ្ឋចំនួនមួយក្បាលដីមុនប្រាកដមែន ប៉ុន្តែការវាស់ដីកាលណោះ ធ្វើឡើងជាមនោសញ្ចេតនាទេ ដោយសារម្ចាស់ដីនោះនៅឆ្ងាយមកពីរាជធានីភ្នំពេញ ដែលពិបាកក្នុងការធ្វើដំណើរទៅមក ទើបសម្រេចចិត្តវាស់ដីឲ្យមុនទាំងបង្ខំ។
លោក ប៉ី ណារ៉េត៖ «ហើយខ្ញុំទើបតែទៅវាស់បានម៉ាថ្ងៃម៉ាពេលទេ មិនទាន់រត់ចោល បងប្អូនទេម៉ាភូមិៗ គឺវាស់ឲ្យទាំងអស់ រត់ចោលគាត់ មានតែគាត់អត់ចូលរួមជាមួយខ្ញុំអត់បោះបង្គោលដីឲ្យខ្ញុំទៀតណោះ។ ខ្ញុំប្រជុំគណៈកម្មការប្រជុំផ្សព្វផ្សាយថាឲ្យបោះបង្គោលដីឲ្យខ្ញុំមុន តាំងពីម៉ាអាទិត្យមុន គាត់អត់ចូលរួមទៀតណោះ។ ខ្ញុំប្រាប់មេភូមិឲ្យជួយហៅឲ្យចូលរួម ក៏គាត់មិនឃើញចូលរួមដែរ ព្រឹកឡើងបាត់អស់ហើយ ហើយបើដីម្ចាស់អត់ចូលរួម ឲ្យខ្ញុំទៅវាស់ជាមួយអ្នកណា!»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការវាស់វែងធ្វើប្លង់ដីជាលក្ខណៈប្រព័ន្ធ ធ្វើឡើងតាមលំដាប់លេខរៀងរបស់ម្ចាស់ក្បាលដីដែលបានដាក់ពាក្យសុំធ្វើប្លង់ដីជាមុន គឺអាជ្ញាធរមិនត្រូវវាស់វែងធ្វើប្លង់ដីទៅឲ្យអ្នកមានទ្រព្យធនមុន ហើយរំលងអ្នកក្រខ្សត់ខ្សោយនោះទេ។ លោក ថេង សាវឿន ចាត់ទុកការថ្លែងបដិសេធរបស់អាជ្ញាធរនេះ ថាជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវប៉ុណ្ណោះ៖ «អាជ្ញាធរដែលចុះវាស់វែងដីនៅពេលនៃការផ្ដល់អឺ! សំណូកពីសំណាក់អ្នកមានហ្នឹង ដាច់ខាតគាត់ត្រូវតែធ្វើការអឺ! ចុះវាស់វែងប្លង់ដីហ្នឹងជូនដល់អ្នកមានមុនហើយ អ៊ីចឹងអ្នកក្រគាត់អត់មានថវិកាអត់មានអីអ៊ីចឹង គាត់អឺ! ត្រូវបានទទួលបានក្រោយ។ នេះជាវប្បធម៌មួយដែលយើងបានមើលឃើញជាទូទៅនៅក្នុងគោលការណ៍នៃការអនុវត្តច្បាប់ ក៏ដូចជាការផ្ដល់សេវាសាធារណៈ មិនមែនតែប្លង់ដីទេ សូម្បីតែសេវាទទួលបានផ្នែកសុខភាពអីហ្នឹង ក៏បែបនេះផងដែរបាទ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីទទួលបន្ទុកផ្នែកវាស់ដីធ្លីក្រុងបាវិត បញ្ជាក់ថា អាជ្ញាធរនៅតែបន្តវាស់ដីឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃអង្កុញ រហូតទាល់តែអស់ក្បាលដី ទើបបន្តទៅសង្កាត់ផ្សេងទៀត។
អ្នកភូមិឲ្យដឹងថា ក្បាលដីរបស់ប្រជាពលរដ្ឋក្រីក្រដែលវាស់រំលងនោះ មានជាច្រើនក្បាលដី ហើយមកដល់ពេលនេះ អាជ្ញាធរពុំទាន់ត្រឡប់ទៅវាស់វែងឲ្យពួកគាត់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
