ពលរដ្ឋ​នៅ​អគារ​បូឌីញ​ស៊ូ​ស្លាប់​ដោយ​អគារ​បាក់​រលំ​លើ​ដោយ​មិន​ព្រម​ចាក​ចេញ

0:00 / 0:00

ក្រុម​ពលរដ្ឋ​រស់នៅ​អគារ​បូឌីញ​ស អះអាង​ថា មិន​ព្រម​ចាក​ចេញ​ពី​អគារ​ទេ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​មួយ​រយៈ​សិន ព្រោះ​អគារ​ទ្រុឌទ្រោម។ ចំណែក​អាជ្ញាធរ​លើក​ឡើង​ថា ស្ថានភាព​អគារ​នេះ​ពលរដ្ឋ​ដល់​ពេល​ត្រូវ​ចាក​ចេញ​ហើយ ចំណែក​រឿង​លំនៅឋាន​ថ្មី ពលរដ្ឋ​អាច​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ។

ទោះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ព្រួយ​បារម្ភ​ពី​សភាព​ទ្រុឌទ្រោម​នៃ​អគារ​បូឌីញ​ស និង​ប្រាប់​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​មួយ​រយៈពេល​ក្តី ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​អះអាង​ថា ស៊ូ​ស្លាប់​ដោយ​អគារ​បាក់​រលំ​លើ ក៏​មិន​ចាក​ចេញ​ដែរ ព្រោះ​គេ​មិន​ដឹង​ទៅ​រស់នៅ​ទីណា។

លោក ម៉ម ចាន់រិទ្ធិ ជា​ពលរដ្ឋ​រស់នៅ​លើ​អគារ​បូឌីញ លោក​អះអាង​ថា​មិន​ព្រម​ចាក​ចេញ​ពី​ទីនេះ ទេ ព្រោះ​ជា​ជម្រក​សុខសាន្ត​របស់​លោក។ ពលរដ្ឋ​រូប​នេះ​ចង់​ឃើញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ផ្តល់​ដំណោះស្រាយ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន៖ «សម្រាប់​ខ្ញុំ​អត់​ចេញ​ទេ យើង​ចុះ​ទៅ​ណា? ខ្ញុំ​ចង់​ឲ្យ​គេ (អាជ្ញាធរ) ដោះស្រាយ​តាម​តម្លៃ​ទីផ្សារ»

កាល​ពី​ដើម​ខែ​មិថុនា ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណ្ឌ​ចំការមន បាន​បង្ហាញ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​ផ្ញើ​ទៅ​សាលា​ខណ្ឌ​ចំការមន ថា អគារ​បូឌីញ​ជា​សំណង់​ចាស់​ស្នាក់នៅ​ច្រើន​គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ជួសជុល និង​សាងសង់​បន្ថែម​ទម្ងន់​លើ​បន្ទុក​អគារ​ស្នាក់នៅ​របស់​ខ្លួន ដោយ​គ្មាន​លិខិត​អញ្ញាត និង​គ្មាន​ការ​ថែទាំ​បាន​ល្អ​ផង​នោះ បច្ចុប្បន្ន​អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ស្រដៀង​គ្នា​នេះ​ដែរ សាលា​ខណ្ឌ​ចំការមន ដែល​ផ្ញើ​លិខិត​របស់​ខ្លួន​ជូន​ទៅ​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា សង្ឃឹម​ជឿជាក់​ថា ពលរដ្ឋ​នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​របស់​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោកស្រី អ៊ុច យ៉ានី ដែល​រស់នៅ​លើ​អគារ​បូឌីញ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ ឲ្យ​ដឹង​ថា លោកស្រី​មិន​ចាក​ចេញ​ពី​អគារ​នេះ​ទេ ព្រោះ​លោកស្រី​មិន​ដឹង​ត្រូវ​ទៅ​រស់នៅ​ទីណា។ ពលរដ្ឋ​រូប​នេះ​និយាយ​ទៀត​ថា លិខិត​របស់​អាជ្ញាធរ​ត្រឹម​តែ​ប្រាប់​ឲ្យ​ចាក​ចេញ ប៉ុន្តែ​មិន​ផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ ថា​ត្រូវ​ទៅ​ស្នាក់នៅ​ទីណា និង​រហូត​ដល់​ពេល​ណា ទើប​ក្រុម​ពលរដ្ឋ​មក​រស់នៅ​វិញ​បាន៖ «ឲ្យ​ខ្ញុំ​ចាក​ចេញ​មួយ​រយៈ ឲ្យ​ខ្ញុំ​ទៅ​នៅ​ណា? មាន​លុយ​ណា​ជួល​ផ្ទះ? ពួក​ខ្ញុំ​អ្នក​រស់នៅ​បូឌីញ សុទ្ធតែ​អ្នក​ក្រ»

កាល​ពី​រាត្រី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ពេល​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​សណ្ឋាគារ​កំពុង​ដំណើរ​ការ​បុក​គ្រឹះ និង​កាយ​ដី ពលរដ្ឋ​រស់នៅ​អគារ​បូឌីញ​ឲ្យ​ដឹង​ថា ស្រាប់​តែ​ផ្នែក​ខ្លះ​នៃ​អគារ​នេះ​ចេញ​ស្នាម​ប្រេះ ធ្វើ​ឲ្យ​ពលរដ្ឋ​រត់​ចាក​ចេញ​ពី​អគារ​អស់​មួយ​រយៈ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ស្វាគមន៍​ការ​ជូន​លិខិត​របស់​អាជ្ញាធរ និង​ស្នើ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ធ្វើ​វេទិកា​ជជែក​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​សម្រេច​ឲ្យ​ពួក​គេ​ចាក​ចេញ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​មិន​ត្រឹម​តែ​ផ្តល់​ជា​សេចក្តី​ដំណឹង​ទេ គួរ​តែ​ធ្វើ​វេទិកា​ជជែក​ជាមួយ​ពលរដ្ឋ សួរ​គាត់​មើល ថា​គាត់​ចង់​ទៅ​ណា? ហើយ​រដ្ឋ​មាន​លទ្ធភាព​ជួយ​បាន​ប៉ុណ្ណា?»

អគារ​វ័យ​ចំណាស់​សល់​ពី​សម័យ​រាស្ត្រ​និយម មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ សព្វថ្ងៃ​មាន​ពលរដ្ឋ​ជាង ៦០០​គ្រួសារ​កំពុង​រស់នៅ។

អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ថា ស្ថានភាព​អគារ​នៅ​ពេល​នេះ​ដល់​ពេល​ដែល​ពលរដ្ឋ​គួរ​ចាក​ចេញ​ហើយ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ប្រាប់​ថា កន្លង​មក​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​លើក​ជា​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ផ្តល់​ទីតាំង​ថ្មី ប៉ុន្តែ​ពលរដ្ឋ​នៅ​មិន​ស្វាគមន៍​ដំណោះស្រាយ​នោះ។ ទោះ​បែប​នេះ លោក​ថា អាជ្ញាធរ​នៅ​តែ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ដល់​ពលរដ្ឋ៖ «ជម្រើស ឬ​អ្វី​ផ្សេង​ទៀត យើង​អាច​ជជែក​គ្នា​បាន ប្រសិន​ជា​គាត់ (ប្រជាជន) មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​គ្នា រួម​គ្នា​ដោះស្រាយ​បញ្ហា»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​សាលា​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ភាព​ទ្រុឌទ្រោម​នៃ​អគារ​បូឌីញ​ស​នេះ។ ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចាក​ចេញ​ពី​អគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។