ពលរដ្ឋ​ជាង​៤០០​នាក់​មក​ពី​៦​ខេត្ត​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​និង​ក្រសួង​មួយ​ចំនួន

ប្រជា​កសិករ​ដែល​អះអាង​ថា​ជា​អ្នក​រងគ្រោះ​ដោយ​អំពើ​រំលោភ​ដីធ្លី និង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទីផ្សារ​កសិកម្ម​ជាង ៤០០​នាក់​មក​ពី​ខេត្ត​ចំនួន​៦ បាន​រួម​គ្នា​ដើរ​ដង្ហែ​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​កសិកម្ម និង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​ជូន​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ញ៉ិល ភាព ដែល​ឃ្លាំ​មើល​ផ្ទាល់​នូវ​ការ​ដង្ហែ​ដាក់​ញត្តិ​នេះ បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១ របស់​ប្រជាពលរដ្ឋ​ដែល​យក​ញត្តិ​មក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​ដំណោះស្រាយ​ដល់​ពួក​គាត់​នោះ​ទេ។ លោក​ថា ប្រជា​កសិករ​ទាំងនោះ​ប្រឈម​នឹង​វិបត្តិ​រំលោភ​ដីធ្លី និង​មិន​មាន​ទីផ្សារ​កសិកម្ម​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

លោក ញ៉ិល ភាព ថ្លែង​ថា៖ « បង​ប្អូន ​ដែល​អញ្ជើញ​ មក​នេះ សុទ្ធតែ​មាន​បញ្ហា​ដីធ្លី​ទាំងអស់។ ដីធ្លី​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន និង​ អ្នក​មាន​អំណាច ​រំលោភ​យក ហើយ​ បញ្ហា​ដីធ្លី ​នេះ​ទៀតសោត ការ​រំលោភ​យក​នេះ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​ហើយ ១០​ឆ្នាំ​ជាង​ហើយ អត់​មាន​ដំណោះស្រាយ​អី​សោះ ព្រោះ​យើង​ ឃើញ​ថា ការ​រំលោភ ​ដីធ្លី​ នេះ​មាន ​លក្ខណៈ​ជា​ប្រព័ន្ធ តាំង​ពី​ថ្នាក់​ជាតិ​ ដល់​ ថ្នាក់​ក្រោម ​ជាតិ »

ការ​ដាក់​ញត្តិ និង​ដើរ​ដង្ហែ​របស់​ប្រជាពលរដ្ឋ​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ទៀត និង​បន្ត​ទៅ​រដ្ឋសភា មិន​មាន​ការ​រារាំង ឬ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​មាន​ប៉ូលិស​ជាច្រើន​រូប​បាន​ពង្រាយ​គ្នា​តាម​ដង​ផ្លូវ ពិសេស​កែង​ផ្លូវ​ដែល​ពលរដ្ឋ​ដើរ​ដង្ហែ។

ទាំង​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម មាន​តំណាង​ចេញ​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​រដ្ឋសភា​វិញ គឺ​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍ ៦​រូប​ចូល​ទៅ​ដាក់​ញត្តិ​ដល់​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ហើយ​គណៈកម្មការ​បាន​សន្យា​ថា នឹង​ប្រគល់​ញត្តិ​ប្រជាពលរដ្ឋ​ដល់​ដៃ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។

ប្រជា​កសិករ​ដែល​មក​ពី​ខេត្ត​ចំនួន​៦ រួម​មាន ខេត្ត​កោះកុង ព្រះសីហនុ តាកែវ កណ្ដាល ស្វាយរៀង និង​ខេត្ត​ព្រៃវែង។ ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រសួង និង​រដ្ឋសភា មិន​ផ្តល់​ដំណោះស្រាយ​ដល់​ពួក​គាត់​ក្នុង​រយៈពេល​មួយ​ខែ​ទេ ពួក​គាត់​នឹង​នាំ​គ្នា​មក​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។