ពលរដ្ឋ​តវ៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ភ្លើង​អគ្គិសនី​នៅ​បន្ទាយមានជ័យ

មាន​ប្រជាពលរដ្ឋ​ចំនួន​បី​ក្រុម ក្នុង​នោះ​ពីរ​ក្រុម​ជា​អ្នក​មាន​ទំនាស់​ដីធ្លី និង​មួយ​ក្រុម​ទៀត​មាន​ទំនាស់​រឿង​ភ្លើង​អគ្គិសនី បាន​នាំគ្នា​ឡើង​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​ឆាប់។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ថ្លែង​ថា ប្រជាពលរដ្ឋ​ទាំង​បី​ក្រុម​នោះ​មក​ទី​ពី​ឃុំ​ផ្សេង​គ្នា។

ក្នុង​នោះ មួយ​ក្រុម​មក​ពី​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី បាន​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​រឿង​អគ្គិសនី ដែល​ធ្លាប់​កើត​មាន​ភាព​មិន​ប្រក្រតី​កុងទ័រ​ភ្លើង​ដើរ​លឿន។ ករណី​ពីរ​ទៀត គឺ​រឿង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ត្រូវ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ឃុំ​បឹងស្នោ ស្រុក​ស្វាយចេក និង​មួយ​ក្រុម​ទៀត មក​ពី​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដូច​គ្នា៖ «យើង​ឃើញ​មាន​ភាព​ផ្លែ​ផ្កា​ច្រើន​សម្រាប់​អ្នក​ឡើង​មក​តវ៉ា​រឿង​ភ្លើង​អគ្គិសនី ដោយ​អាជ្ញាធរ​ខេត្ត​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​ពួក​គាត់​ឲ្យ​មាន​ការ​ដោះស្រាយ ខាង​ខេត្ត​គេ​បាន​តម្រូវ​ឲ្យ​ខាង​អាជ្ញាធរ​អគ្គិសនី​ហ្នឹង ទទួល​យក​វិក្កយបត្រ​ខែ​បី មាន​ន័យ​ថា ពួក​គាត់​ទទួល​បាន​ផល​ប្រយោជន៍​មក​វិញ។ ហើយ​រឿង​ទាក់ទង​បញ្ហា​ដី​ធ្លី វា​ហាក់​ដូច​បាន​ត្រឹម​តែ​ការ​សន្យា​នៅ​ឡើយ​ទេ។ ប៉ុន្តែ ទោះ​បី​យ៉ាង​ណា ក៏​យើង​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្ត​នៅ​ក្នុង​ការ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ»

អង្គការ​លីកាដូ ទន្ទឹម​គ្នា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់ ដើម្បី​ចៀសវាង​ការ​អូស​បន្លាយ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​កើត​ឡើង​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។