ប្រជាពលរដ្ឋមានទំនាស់ដីជាមួយក្រុមហ៊ុនចម្ការអំពៅរបស់ លោក លី យ៉ុងផាត់ នៅឃុំអមលាំង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់ នាំគ្នាមកតវ៉ាមុខអគារធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅភ្នំពេញ នៅរសៀលថ្ងៃទី៣០ កញ្ញា។
នេះជាលើកជាទីបីហើយដែលពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកំពង់ស្ពឺ បាននាំគ្នាមកតវ៉ាមុខធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ ដើម្បីទាមទារឱ្យធនាគារមួយនេះទទួលខុសត្រូវ ចំពោះរឿងសំណងពីការបាត់បង់ដីធ្លី និងការខូចខាតរបស់ពួកគាត់។
តំណាងអ្នកភូមិនៅឃុំអមលាំង ស្រុកឱរ៉ាល់ លោក ចាន់ សុឃឿន បញ្ជាក់ថា មូលហេតុដែលពួកលោកលើកគ្នាមកតវ៉ាចំពោះធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នេះ គឺព្រោះតែធនាគារធ្លាប់ឱ្យលុយក្រុមហ៊ុនស្ករសភ្នំពេញ ខ្ចីទៅធ្វើចម្ការអំពៅ ដែលរំលោភសិទ្ធិពួកគាត់៖ «ខ្ញុំមកនេះចង់អោយ អេ.អិន.ហ្សិត ចេញមកទទួលខុសត្រូវដោះស្រាយរឿងបញ្ហាដីធ្លីរបស់ពួកគាត់ ដោយសារ អេ.អិន.ហ្សិត ផ្តល់លុយដល់អោយក្រុមហ៊ុន លី យ៉ុងផាត់ ខ្ចី ហើយក្រុមហ៊ុន លី យ៉ុងផាត់ យកលុយពី អេ.អិន.ហ្សិត អភិវឌ្ឍនៅតំបន់គាត់រំលោភដីធ្លីរបស់ប្រជាពលរដ្ឋចឹង ប្រជាពលរដ្ឋយើងខ្ញុំមានការខ្វះខាត វេទនាដោយសារក្រុមហ៊ុន លី យ៉ុងផាត់ ទទួលលុយពី អេ.អិន.ហ្សិត ទៅធ្វើការអភិវឌ្ឍ»។

បន្ទាប់ពីទន្ទឹងរង់ចាំតំណាងធនាគារមិនព្រមចេញមកដោះស្រាយអស់ជាង ២ម៉ោង អ្នកតវ៉ាដីធ្លីសម្រេចនាំគ្នាដាក់បណ្ដាសាដល់ធនាគារមួយនេះ ដោយអុជធូបដោតលើអំបិលម្ទេសមួយថាស ពីព្រោះតែពួកគាត់ចាត់ទុកធនាគារនេះថា បានជញ្ជក់ញើសឈាមពួកគាត់ ដោយផ្ដល់ប្រាក់កម្ចីដល់ក្រុមហ៊ុន លោក លី យ៉ុងផាត់ យកទៅធ្វើវិនិយោគទុនស្ករអំពៅ លើដីស្រែដីចម្ការរបស់ពួកគាត់។
ក្រុមអ្នកតវ៉ារឿងដីធ្លីទាំងនោះព្រមានថា ពួកគាត់នឹងនាំគ្នាមកតវ៉ាមុខធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នៅថ្ងៃទី១ តុលា បន្តទៀត លុះត្រាតែពួកគាត់ទទួលបានការដោះស្រាយសមរម្យណាមួយពីធនាគារមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
