អ្នកភូមិក្រឡាញ់ចំនួន ១១គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច បានមកសុំការជួយអន្តរាគមន៍ពីសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សប្រចាំខេត្តពោធិ៍សាត់ ដើម្បីដាក់បណ្ដឹងទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់ក្រុមហ៊ុនថាបានប្រើហិង្សារំលោភយកដីធ្លីរបស់ពួកគាត់។
ស្ត្រីអ្នកភូមិឈ្មោះ ឯក រ៉ាន់ ជាប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ មីនា ថា ដីចម្ការរបស់គាត់ដែលមានទំហំប្រមាណ ៣ហិកតារ ដែលក្រុមនិស្សិតបានវាស់វែង ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់កម្មសិទ្ធិឲ្យគាត់ត្រឹមត្រូវ។ តែក្រុមហ៊ុនភាពីម៉ិច បានប្រើហិង្សា ដោយបញ្ជាឲ្យមេការការដ្ឋាន ១.៧ ឈ្មោះ ផូ សារ៉ុម ព្រមទាំងកម្មករដាំដំឡូងជាច្រើននាក់ បានមកដកបង្គោលព្រំដី និងខ្ទមចាំចម្ការរបស់គាត់ និងគំរាមថា បើគាត់ហ៊ានមកដាំដុះលើដីនេះ គេនឹងកម្ទេចដំណាំគាត់ចោល៖ «ធ្វើរបងធ្វើខ្ទមអី គេដកអស់ ខ្ញុំមានដីឯណាទៀតមានតែប៉ុណ្ណឹង ដីហ្នឹងគេចែកឲ្យតាំងពីយូរហើយ។ ដល់ក្រុមនិស្សិតចុះមកវាស់វែងឲ្យហើយ គេចេញប្លង់ឲ្យហើយជាង ៣ហិកតារហ្នឹង...»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ប្រជាពលរដ្ឋទាំង ១១គ្រួសារនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលចុះហត្ថលេខាដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ គ្រប់ៗគ្នា។
មេការនៅការដ្ឋាន ១.៧ ឈ្មោះ ផូ សារ៉ុម បានពន្យល់ថា ដីនេះក្រុមហ៊ុនបានឈូសឆាយ និងដាំដំឡូងបានមួយឆ្នាំហើយ ស្រាប់តែឥឡូវអ្នកភូមិទាំងនេះមកដណ្ដើមថាជាដីរបស់ខ្លួន។ លោកបន្តថា ប្រធានការដ្ឋានជនជាតិចិន របស់ក្រុមហ៊ុនភាពីម៉ិច គឺលោក ប៉ ប្រាប់ថា លុះត្រាតែអាជ្ញាធរមកប្រាប់ថា ដីនេះជារបស់ប្រជាពលរដ្ឋ ទើបក្រុមហ៊ុនព្រមប្រគល់ឲ្យប្រជាពលរដ្ឋវិញ៖ «ទាល់តែមេស្រុក មេភូមិហ្នឹង យកប្លង់ហ្នឹងឲ្យចិន វាមើលទៅ ហើយឲ្យវាដោះស្រាយឲ្យទៅ ថាតើប្លង់ដីហ្នឹងមានទំហំប៉ុណ្ណាៗទៅអាហ្នឹងបានវាអត់មានបញ្ហា»។
ដោយអាជ្ញាធរដែនដីមិនព្រមអន្តរាគមន៍ជួយទាមទារដីពីក្រុមហ៊ុនមកឲ្យពួកគាត់ នៅព្រឹកថ្ងៃទី២៨ មីនា អ្នកភូមិក៏បាននាំគ្នាមកពឹងអង្គការអាដហុក ឲ្យជួយពួកគាត់វិញម្ដង។
អនុផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា អាដហុក គឺលោក ចាន់ សុវ៉េត មានប្រសាសន៍ថា តាមការចុះអង្កេតផ្ទាល់ បង្ហាញថា ប្រជាពលរដ្ឋកំពុងរងការរំលោភបំពានពីក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។ លោក ចាន់ សុវ៉េត ក៏បានឲ្យដឹងដែរថា លោកកំពុងឲ្យមេធាវីពិនិត្យតាមផ្លូវច្បាប់ ក្នុងការជួយប្រជាពលរដ្ឋទាំង ១១គ្រួសារនេះ៖ «ទី១ គឺគាត់ពឹងពាក់ឲ្យយើងជួយធ្វើបទអន្តរាគមន៍ដាក់ជូនទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តពោធិ៍សាត់ ទី២ គឺគាត់សុំឲ្យយើងជួយគាត់ក្នុងការដាក់បណ្ដឹងតាមផ្លូវច្បាប់ទៅតុលាការ និងទី៣ គឺគាត់ចង់ឲ្យយើងជួយរកមេធាវីឲ្យគាត់ផងដែរ ព្រោះពួកគាត់ក្រីក្រគ្មានលុយជួលមេធាវីទេ»។
លោក ចាន់ សុវ៉េត មានប្រសាសន៍ថា សកម្មភាពប្រើអំពើហិង្សារបស់ក្រុមហ៊ុនមកលើប្រជាពលរដ្ឋនៅភូមិក្រឡាញ់ បង្ហាញថា ជនជាតិចិន ដែលជាតំណាងឲ្យក្រុមហ៊ុនភាពីម៉ិច នៅក្នុងខេត្តនេះ ហាក់មិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺបទបញ្ជាលេខ០១ របស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
