មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ សាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ពិនិត្យឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលមានការពាក់ព័ន្ធដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤។
លិខិតចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានចុះហត្ថលេខា និងបោះត្រារដ្ឋលេខាធិការ លោក ស៊ូ ភិរិន្ទ បានជម្រាបជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាការឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា។
យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោក ជា សុផារ៉ា លើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយផ្តល់មតិសំខាន់ទៅលើចំណុចទី២ គឺនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ មានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។
លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីយោងតាមចំណាររបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមខេត្តជាប់សមុទ្រទាំង៤។ ក្រុមប្រជាពលរដ្ឋសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវកោះហៅអ្នកជាប់ពាក់ព័ន្ធនឹងការឃុបឃិតចេញប្លង់កម្មសិទ្ធិជូនឯកជន ទៅលើដីព្រៃកោងកាងរបស់រដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រុមប្រជាពលរដ្ឋ និងជាអ្នកនេសាទសមុទ្រមួយចំនួននៅឃុំបិតត្រាំង ឃុំរាម និងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្លែងគាំទ្រប្រមុខដឹកនាំដែលមានចំណាត់ការឈានដល់ដកហូត ឬនិរាករណ៍ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ បានឃុបឃិតធ្វើប្លង់រំលោភយកដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រនៅពេលនេះ៖ «បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ថ្មធំនេះ ទឹកលិច គាត់អត់មានអាជីវកម្មអីទេ។ អ៊ីចឹងសូមជួយដោះស្រាយ កុំយកតំបន់ព្រៃទឹកលិចនេះយកធ្វើជាកម្មសិទ្ធិឯកជន សូមទុកជាសមូហភាពសម្រាប់ប្រជាជនទូទៅ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏បង្ហាញទស្សនៈគាំទ្រចំពោះចំណាត់ការដ៏មានប្រយោជន៍របស់ប្រមុខដឹកនាំ ដែលជួយការពារ និងទប់ស្កាត់សកម្មភាពរំលោភដីព្រៃកោងកាងរាប់ពាន់ហិកតារ ជាជម្រកត្រីសមុទ្របន្តពូជ ឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិពីឯកជន មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សនៅពេលនេះ។ លោកចោទអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ និងអភិបាលខេត្តប៉ុន្មានអាណត្តិកន្លងមកនេះ ថាជាអ្នកមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការឃុបឃិតចេញប្លង់កម្មសិទ្ធិទៅលើដីព្រៃកោងកាង ដីតំបន់ឆ្នេរសមុទ្រ និងដីបឹងអូរធម្មជាតិ ដោយអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ បានស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ត្រូវកោះអញ្ជើញអ្នកមានឈ្មោះជាប់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិនៅលើដីចំណីព្រៃលិចទឹក ឬដីព្រៃកោងកាង ដីចំណីឆ្នេរសមុទ្រ និងដីបឹងអូរធម្មជាតិជាដើម ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «ខេត្តព្រះសីហនុ យើងនេះ ចំណុចដែលកំពុងគំរាមកំហែង និងឈានដល់បាត់បង់ដោយសារប្លង់កម្មសិទ្ធិមួយចំនួនហ្នឹង គឺមានដូចជានៅបឹងកង្កែប មានរាប់សិបប្លង់ ហើយនៅឃុំទឹកថ្លា ស្រុកព្រៃនប់ មានចាក់ដីលុបព្រៃកោងកាងដែរ នៅឆ្នេរអូរត្រេះ ក៏មានដែរ។ ឃើញមានអាជ្ញាធរចុះពិនិត្យដល់ទីតាំងមួយចំនួនដែរ ប៉ុន្តែមិនមានវិធានការទប់ស្កាត់ទេ ដោយម្ចាស់ដីទាំងនោះបង្ហាញប្លង់កម្មសិទ្ធិចេញដោយមន្ត្រីសុរិយោដី ឬភូមិបាលមួយចំនួននៅពេលកន្លងមក ធ្វើឲ្យមានការបាត់បង់ព្រៃលិចទឹក ឬព្រៃកោងកាងជាបន្តបន្ទាប់»។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខដឹកនាំ ដែលដាក់ឲ្យរដ្ឋមន្ត្រីក្រោមឱវាទពិនិត្យទៅលើការចេញប្លង់កម្មសិទ្ធិលើដីព្រៃកោងកាងនាខេត្តជាប់សមុទ្រទាំង៤ ដើម្បីឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងនោះ។
យ៉ាងនេះក្តី លោក សុខ សុខុម ថ្លែងថា នឹងរង់ចាំមើលសកម្មភាពចុះអនុវត្តការងារនេះរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ថាតើមានប្រសិទ្ធភាពឈានដល់ដកហូតដីព្រៃលិចទឹក ឬដីព្រៃកោងកាង ដែលបុគ្គលឯកជនឃុបឃិតជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីរដ្ឋកន្លងមកមានប្រសិទ្ធភាពត្រឹមកម្រិតណា?
មន្ត្រីសិទ្ធិមនុស្សរូបនេះ បង្ហាញទស្សនៈថា ដីព្រៃកោងកាង ឬដីព្រៃលិចទឹកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវអាជ្ញាធរជំនាញតាមខេត្តនីមួយៗ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនឯកជនកន្លងមក ត្រូវតែរដ្ឋាភិបាលរឹបអូសមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សព្រៃកោងកាងទុកសម្រាប់ជម្រកត្រីសមុទ្របន្តពូជ និងបម្រើដល់វិស័យទេសចរណ៍នាថ្ងៃអនាគត៖ «ក្នុង នាមខ្ញុំជាសង្គមស៊ីវិល ចង់ឃើញការអនុវត្តច្បាប់មានប្រសិទ្ធភាព។ សូមអំពាវនាវដល់ឯកឧត្ដម ជា សុផារ៉ា ជួយពិនិត្យឡើងវិញនូវដីសាធារណៈរបស់រដ្ឋដែលត្រូវបានចេញប្លង់ កម្មសិទ្ធិរួចហើយនោះ ត្រូវយកប័ណ្ណកម្មសិទ្ធិទាំងនោះមកពិនិត្យ ឬជជែកវែកញែកថា តើត្រូវលុបប័ណ្ណ ឬនិរាករណ៍ប្លង់កម្មសិទ្ធិទាំងនេះចោល ដើម្បីរក្សាដីសាធារណៈរបស់រដ្ឋ ឬក៏ត្រូវរក្សាទុកនាំឲ្យបាត់បង់ដីសាធារណៈរបស់រដ្ឋ»។
មន្ត្រីសង្គមស៊ីវិលបានអះអាងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ របស់ប្រទេសកម្ពុជា ដែលដីចំណីឆ្នេរសមុទ្រ ដីព្រៃកោងកាង ឬដីព្រៃលិចទឹក និងដីចំណីបឹងអូរធម្មជាតិ ជាដើម ត្រូវរងការរំលោភធ្វើប្លង់កម្មសិទ្ធិពីសំណាក់ឯកជន ដោយមានការឃុបឃិតពីថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្តនេះក្នុងប៉ុន្មានអាណត្តិដឹកនាំកន្លងមក ប៉ុន្តែទើបតែក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ នេះទេ ដែលប្រមុខដឹកនាំមានចំណាត់ការក្តៅ ឬបទបញ្ជាឲ្យពិនិត្យ និងឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងឡាយណានាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាង ឬដីព្រៃលិចទឹកនៅតាមឆ្នេរសមុទ្រខេត្តទាំង៤ នៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
