លោក ហ៊ុន សែន ព្រមាន​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ​រឿង​ដី​នៅ​កែវផុស

ដោយ ទេព សុរ៉ាវី
2013-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឈូស​ឆាយ​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង ២​ថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចេញ​លិខិត​អន្តរាគមន៍ ២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​លោក ជៀម ផែន នាយក​ស្រាបៀ​លីអូ (Leo Beer) ជាមួយ​ពលរដ្ឋ​ចំនួន ៤៩​គ្រួសារ និង​បាន​សម្រេច​ប្រគល់​ដី ៣៥២​ហិកតារ ព្រម​ទាំង​សង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ឈូស​បំផ្លាញ​ចោល​កាល​ពី​ដើម​ខែ​មីនា។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ព្រមាន​ចំ​ឈ្មោះ លោក ជៀម ផែន នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ ដែល​បាន​ចុះ​អនុវត្ត​ឈូស​បំផ្លិចបំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ចំនួន ៤៩​គ្រួសារ នៅ​ចំណុច​ចំរាំង ក្នុង​ឃុំ​កែវផុស បន្ទាប់​ពី​អនុវត្ត​តាម​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រួច​មក។

សមត្ថកិច្ច​ចម្រុះ​ជិត ១០០​នាក់ មាន​ខែល ដំបង​ឆក់ និង​កាំភ្លើង​គ្រប់​ដៃ ចុះ​អនុវត្ត​សាលក្រម​បណ្ដោះ​អាសន្ន ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ដើម្បី​យក​ដី​ទំនាស់​ទំហំ ៣៥២​ហិកតារ ប្រគល់​ឲ្យ​លោក ជៀម ផែន។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង និង​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០៣០ នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ការ​ឈូស​ឆាយ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​កែវផុស មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ ហើយ​លោក ជៀម ផែន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​លូកដៃ​ចូល​ក្នុង​រឿង​នេះ ដោយសារ​តែ​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​របស់​លោក ជៀម ផែន ហើយ​ក៏​មិន​អាច​អត់​ឱន​បាន​ចំពោះ​អ្នក​ប្រព្រឹត្ត​ដែរ៖ «ករណី​នេះ​លោក ជៀម ផែន អត់​ទាន់​រួច​ខ្លួន​ទេ ឮ​ថា សំណុំ​រឿង​ឋិត​ក្នុង​សាលាឧទ្ធរណ៍ ហេតុ​អី​បាន​គាត់​មាន​សិទ្ធិ​ទៅ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាជន? ខ្ញុំ​តាម​រឿង​ហ្នឹង​មួយ​អត់​ឲ្យ​របូត​ទេ ខ្ញុំ​ចូល​ពាក់ព័ន្ធ​ប៉ុណ្ណេះ​ហើយ​មិន​ឲ្យ​របូត​ទេ»

លោក ហ៊ុន សែន សម្ដែង​ការ​ងឿងឆ្ងល់​ថា ទំនាស់​ដីធ្លី​នៅ​ឃុំ​កែវផុស កំពុង​ឋិត​ក្នុង​សមត្ថកិច្ច​តុលាការ​ឧទ្ធរណ៍​នៅ​ឡើយ ហេតុ​អី​បាន​លោក ជៀម ផែន មាន​សិទ្ធិ​ទៅ​ឈូស​ផ្ទះ​អ្នក​ភូមិ​ទៅ​កើត?

លោក ហ៊ុន សែន បញ្ជាក់​ថា ក្រោយ​ពី​ដោះស្រាយ​ដីធ្លី និង​ផ្ទះ​សម្បែង​ជូន​អ្នក​ភូមិ​ហើយ​នោះ លោក​នឹង​ងាក​មើល​តាម​ផ្លូវ​តុលាការ​វិញ ដើម្បី​វែក​មុខ​អ្នក​បញ្ជា​ឲ្យ​អនុវត្ត​សាលក្រម​តុលាការ។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​មើល​ឃើញ​រូបភាព​វីដេអូ​ឃ្លីប ពី​សកម្មភាព​ឈូស​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង និង​បាន​ចុះ​ហត្ថលេខា​លើ​លិខិត ២ ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​លិខិត​ទី​១ ដាក់​ឲ្យ​និរាករណ៍​ទាំង​យប់​ចំពោះ​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្រ្តី ដែល​ប្រគល់​ដី ៣៥២​ហិកតារ​ឲ្យ​លោក ជៀម ផែន និង​ទី​២ សម្រេច​ប្រគល់​ដី​ជាង ៣០០​ហិកតារ​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ និង​សាងសង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​វិញ។

ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជៀម ផែន នាយក​ស្រាបៀ​លីអូ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។

ប្រធាន​តុលាការ​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុនីចរិយា បដិសេធ​មិន​ពន្យល់​ជុំវិញ​ការ​ចុះ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​របស់​តុលាការ​នៅ​ពេល​កន្លង​មក​នោះ​ទេ។

រី​ឯ​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​ណា​មួយ​នៃ​កំហុស​ឆ្គង​របស់​តុលាការ​ខេត្ត​ព្រះសីហនុ នៅ​ឡើយ។ លោក​បន្ត​ថា  ក្នុង​លក្ខខណ្ឌ​មាន​បណ្ដឹង​ណា​មួយ​មក​ក្រសួង​យុត្តិធម៌​នោះ ក្រសួង​នឹង​ចុះ​អធិការកិច្ច​ករណី​នោះ​ភ្លាម។ តែ​បើ​ករណី​ពិសេស​នឹង​មាន​ការ​ចង្អុល​បង្ហាញ​ពី​រដ្ឋមន្ត្រី​ក្រសួង​នោះ ក្រុម​អធិការកិច្ច​ក៏​នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​ដែរ៖ «មិន​ថា​ខុស ឬ​មិន​ថា​ត្រូវ​ដែរ ទាល់​តែ​តុលាការ​អនុវត្ត​ផ្ទាល់ សួរ​គាត់​បាន​ដឹង»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)លោក អំ សំអាត យល់​ឃើញ​ថា ការ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក​បន្ត​ថា ជា​លើក​ទី​១​ដែល​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បារម្ភ​ចំពោះ​ការ​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​លោក​ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​បែប​ណា​ខ្លះ​ចំពោះ​អ្នក​ស្នើ​សុំ​ឲ្យ​អនុវត្ត​សាលក្រម និង​ឈូស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ទោស​ទណ្ឌ​ចំពោះ​ចៅក្រម​តុលាការ​ខេត្ត​ព្រះសីហនុ ដែល​មិន​អនុវត្ត​តាម​ច្បាប់។

លោក អំ សំអាត៖ «កាល​ណា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ត្រូវ​តែ​មាន​ទោស​ព្រហ្មទណ្ឌ ហើយ​ទី​២ ការ​មិន​អនុវត្ត​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​របស់​តុលាការ​កំពូល​ហ្នឹង តើ​ចៅក្រម​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​យ៉ាង​ម៉េច?»

កាល​ពី​ឆ្នាំ​២០០៨ ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ចេញ​សេចក្ដី​ជូន​ដំណឹង​ដោយ​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត ក្រុង ទាំង​អស់ មិន​ត្រូវ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​មុន​នឹង​មាន​ការ​ជំនុំជម្រះ ឬ​សាលក្រម​ថ្មី​ចេញ​ដោយ​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី United States

Hun Sen warned like this before,but he was just faking . He does not and he will never have real intention to stop corruption in Cambodia. He can run out of money for his gang members who help keep him in power,if he stop the corruption .

Mar 21, 2013 10:07 AM

អ្នក​អាន​អនាមិក

តើសំដីរបស់លោកនាយករដ្ឋមន្ត្រីធ្វើឲ្យមន្ត្រីក្រោមឳវាទខ្លាចរអារដែរ ឬ ទេ? តើការព្រមាននេះមានប្រសិទ្ធិភាពភាពដែរ ឬ ទេ?

Mar 20, 2013 06:10 AM

សារ៉ាត់

ពី តាកែវ

សូមអ្នកដឹកនាំទាំងអស់ស្រឡាញ់ប្រទេស ស្រឡាញ់ប្រជាជនក្រីក្រ ស្រឡាញ់យុត្តិធម៌ បំបាត់អំពើពុករលួយសូមអ្នកដឹកនាំត្រូវដឹងថាប្រជាជនក្រីក្រមិនជាអ្នកបំផ្លាញជាតិទេ ហើយត្រូវចាំថា ភូតនៅនឹងហោចោរនៅនឹងជាង យល់ញ្ញាត្តិបង្កភាពអយុត្តិធម៌ និង អំពើពុករលួយ។

Mar 20, 2013 05:13 AM

សេរី

សូមស្វាគមន៍។ហ៊ុនសែនមិនមែនអាក្រក់ទាំងអស់ទេ​។តែពពួកមន្រ្តី១ចំនួនធំជាអ្នកខឹលខូច។សូមលោកហ៊ុនសែនស្រែក១វ៉ាស់ដល់បព្ហាាបឺងកក់និងបុរីកីទ្បាផងព្រោះមានតែលោកទេដែលអាចធ្វើកើត។

Mar 20, 2013 03:51 AM

ភាពភ្នំពេញ

ពី Phnom Penh

ស្រែកមិនកើតទេព្រោះអ្នកបំផ្លាញផ្ទះប្រជាជននៅបុរីកីឡា និងបឹងកក់គឺជាគ្នារបស់ហ៊ុនសែន គាត់ក្អេងក្អាងតែកន្លែង ដែលមិនមែនជាគ្នាគាត់ប៉ុណ្ណោះ!!!

Mar 21, 2013 04:12 AM

អ្នក​អាន​អនាមិក

This news should show on the TV.

Mar 20, 2013 02:33 AM

មើល​មតិ​ទាំង​អស់.