ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ស្រុក​ពញាឮ​តវ៉ា​ជិត​ផ្ទះ​លោក ហ៊ុន សែន

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់ មក​ពី​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ចំនួន​២ នៃ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នាំ​គ្នា​ទៅ​តវ៉ា​នៅ​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា។

ពួក​គេ​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី អោយ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុម​ឈ្មួញ​ទិញ​លក់​ដី ដែល​អ្នក​ភូមិ​អះអាង​ថា បាន​រំលោភ​យក​ដី​ពួក​គាត់។

ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ទៅ​ដល់​ជិត​របង​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឋិត​ក្បែរ​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​កង​កម្លាំង​អាជ្ញាធរ​រារាំង នឹង​រុញ​ច្រាន​អោយ​ចេញ​ទៅ​តវ៉ា​នៅ​ក្រោម​ដើម​ពោធិ៍​មួយ​ខាង​មុខ​វត្ត​បទុមវតី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ដែរ​នោះ។

ពលរដ្ឋ​បាន​លើក​បដា​ជាច្រើន​ដែល​និយាយ​ពី​ការ​ចង់​បាន​របស់​ពួក​គេ បង្ហាញ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​សាធារណជន និង​អ្នក​សារព័ត៌មាន​ផង ដើម្បី​អោយ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ។ យ៉ាង​ណា អ្នក​ដែល​ពួក​គេ​ចង់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ​រួម​មាន ទាមទារ​អោយ​ក្រុមហ៊ុន​របស់ អ្នកស្រី លឹម គា និង​ឈ្មោះ ឡាយ ហៀង ប្រគល់​ដី​ទំហំ​ជាង ១០០​ហិកតារ អោយ​ទៅ​ពលរដ្ឋ​វិញ បញ្ឈប់​ការ​គំរាម​កំហែង និង​ទម្លាក់​ចោល​រាល់​ការ​ប្ដឹង​ចោទ​ប្រកាន់​ពលរដ្ឋ​ទៅ​តុលាការ។

ស្ត្រី​វ័យ​ចំណាស់​វ័យ​ជាង ៧០​ឆ្នាំ ឈ្មោះ ហំ កង មាន​ប្រសាសន៍​ថា ដី​នោះ គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កាន់​កាប់ និង​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​ពួក​គាត់​ពុំ​បាន​ទៅ​លួច​ដី​របស់​អ្នក​ណា​ឡើយ។ លោកស្រី​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ ដ្បិត​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវ​ឈ្មួញ​អ្នក​មាន​លុយ​រំលោភ​បំពាន៖ «ខ្ញុំ​មក​អោយ​បាន​ដល់​សម្តេច អោយ​បាន​សម្តេច​ដឹង​កុំ​អោយ​កូន​ចៅ​ពិបាក​ពេក​ទឹក​ភ្នែក​ទឹក​សំបោរ។ គេ​គាប​សង្កត់ ខ្ញុំ​ថា ខ្ញុំ​ឡើង​ប្តឹង​ដី វា​ជា​ដី​ខ្ញុំ​ផ្ទាល់ៗ ឥឡូវ​គេ​ចោទ​ខ្ញុំ​ដាក់​សុទ្ធ​តែ​ខ្ញុំ​លួច​ដី​គេ​លក់ ចាប់​ពួក​ខ្ញុំ​អស់ ៣​នាក់​ដាក់​គុក តែ​ដល់​បុណ្យ​សម្ដេច​តា​ថ្វាយ​ព្រះភ្លើង​គេ​លែង​មក​វិញ។ ​ឥឡូវ​លែង ៣​នាក់​ហ្នឹង​ទៅ មក​ចាប់​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ទៀត​អោយ​ឡើង​តុលាការ រាល់​តែ​ដង​ចឹង​ចាប់​តែ​ខ្ញុំ។ ខ្ញុំ​អត់​ព្រម​ទេ​ឥឡូវ​មក​ដល់​សម្តេច អោយ​សម្ដេច​ជួយ​ខ្ញុំ​អោយ​ដោះស្រាយ​ដី​អោយ​ខ្ញុំ​វិញ»

ប្រជាពលរដ្ឋ​ចំនួន ៤​នាក់ ដោយ​រួម​ទាំង លោកស្រី ហំ កង ផង ត្រូវ​អ្នកស្រី លឹម គា និង ឡាយ ហៀង ប្ដឹង​ទៅ​តុលាការ​ខេត្ត​កណ្ដាល ដែល​តម្រូវ​អោយ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ពី​បទ​រំលោភ​យក​ដី។ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៦ នេះ មាន​ចំនួន​សរុប ១៣៤​គ្រួសារ មក​ពី ៥​ភូមិ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ឈ្វាំង និង​ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ពួក​គាត់​អះអាង​ថា កាល​ពី​ឆ្នាំ​២០០៨ គឺ​២​ឆ្នាំ​ក្រោយ​ដី​នោះ​ចាប់​មាន​ជម្លោះ លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​សម្រេច​ធ្វើ​សម្បទាន​ឲ្យ​ប្រជាពលរដ្ឋ​ថែម​ទៀត។

ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៉ាល់ ច័ន្ទតារា បាន​ចេញ​មុខ​ទៅ​ទទួល​ញត្តិ​របស់​ពលរដ្ឋ។ លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ៖ «កាល​មុន​ដោះស្រាយ​ជាមួយ​អភិបាល​ខេត្ត អភិបាល​ខេត្ត​គាត់​ធ្វើ​ការ​រឿង​នេះ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា ដោះ​របៀប​ម៉េចឥឡូវ​យើង​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាមួយ​គ្នា​ទៀត»

អ្នក​ភូមិ​រំឭក​ថា ដី​មាន​ទំនាស់​នោះ​មាន​ទំហំ ១៥៥​ហិកតារ ជា​ប្រភេទ​ដី​ស្រែ​ចម្ការ និង​ដី​ស្រែ​ប្រាំង ដែល​ពួក​គាត់​ភាគ​ច្រើន​បាន​កាន់​កាប់​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ មក។ តែ​នៅ​ឆ្នាំ​១៩៩៧ មាន​ក្រុម​អាជ្ញាធរ បាន​ដើរ​ឲ្យ​ប្រាក់​កក់​តាម​គ្រួសារ ខ្លះ​លក់ ហើយ​គ្រួសារ​ខ្លះ​អត់​លក់។ លុះ​រហូត​ដល់​ដល់​ឆ្នាំ​២០០៦ មាន​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ទើប​ពលរដ្ឋ​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។