ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីតាមបណ្ដាខេត្តផ្សេងៗដែលអះអាងថា មានជីវភាពក្រីក្រ ហើយបាននាំគ្នាចូលទៅរស់នៅ និងបង្កបង្កើនផលត្រង់ចំណុចអូរធំចម្ការចេក នៃខេត្តពោធិ៍សាត់ កំពុងរស់នៅតែលតោលគ្មានទីជម្រក និងដីធ្លីធ្វើកសិកម្ម បន្ទាប់អាជ្ញាធរបណ្ដេញពួកគាត់ចេញដោយបង្ខំកាលពីឆ្នាំ២០១២។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ទទូចដល់អាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាឲ្យបានលម្អិត និងមានគោលការណ៍ច្បាស់លាស់ក្នុងការដោះស្រាយបញ្ចប់បញ្ហាជូនពលរដ្ឋទាំងនេះ ពីព្រោះប្រជាពលរដ្ឋទាំងនោះមករស់នៅទីនោះតាំងពីឆ្នាំ២០០៧។
ពលរដ្ឋក្រីក្រជាង ៣០គ្រួសារ ដែលបោះតង់ស្នាក់នៅបណ្ដោះអាសន្ននៅចំណុចតក់ឡក់ នៃឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបណ្ដេញចេញពីចំណុចអូរធំចម្ការចេក ឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ថា ពួកគាត់កំពុងតែប្រឈមនឹងបញ្ហាខ្វះទីជម្រក ស្បៀងអាហារ និងបញ្ហាជាច្រើនទៀត ដែលត្រូវការជំនួយឧបត្ថម្ភ និងការដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។
ប្រជាពលរដ្ឋម្នាក់អ្នកស្រី ប៉ាល់ រ៉ៃ មានប្រសាសន៍ថា ដំបូងឡើយមានពលរដ្ឋជាង ១០០គ្រួសារ ប៉ុន្តែក្រោយពីអាជ្ញាធរបណ្ដេញចេញដោយបង្ខំនៅសល់ជាង ៣០គ្រួសារ បានតស៊ូបោះតង់ស្នាក់បណ្ដោះអាសន្នក្បែរដីដែលគេបណ្ដេញចេញនោះប្រហែលជា ២គីឡូម៉ែត្រ ហើយមានអ្នកភូមិមួយចំនួនក្នុងចំណោមនោះបានលួចចូលទៅធ្វើរោងស្នាក់នៅ និងរៀបចំដីដើម្បីធ្វើកសិកម្ម។
អ្នកស្រីសូមឲ្យប្រមុខរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការបណ្ដេញចេញ និងដោះស្រាយបញ្ចប់បញ្ហានេះ៖ «ខ្ញុំទៅដេកស្នាក់នៅជម្រះដាំស្រូវលោកគ្រូយកស្រូវយកអីទៅ ឥឡូវលាក់ខ្ញុំ ឮគេតេ (ទូរស័ព្ទ) ប្រាប់ថា គេទៅទៀតហើយ ចាប់ហើយមួយសាហ្នឹង គេសួររកឈ្មោះខ្ញុំ ស្រាប់តែរើអីវ៉ាន់ចេញទាំងយប់ហ្នឹងគ្មានបានដេកបានអីទេ»។
ឆ្លើយតបបញ្ហានេះអភិបាលស្រុកវាលវែង លោក ឆេ ឈីវ ថ្លែងបញ្ជាក់ថា ខាងអាជ្ញាធរស្រុកបានចុះធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហានេះជាច្រើនលើក ប៉ុន្តែមិនទទួលបានលទ្ធផល ដោយសារតែប្រជាពលរដ្ឋដែលនៅសល់ប្រហែល ៣០គ្រួសារនោះ មិនព្រមសហការជាមួយអាជ្ញាធរ។
លោកថា ក្រោយពីការបណ្ដេញចេញអាជ្ញាធរបានរៀបចំដីកសិកម្ម និងដីលំនៅឋានជូនអ្នកភូមិជាង ១០០គ្រួសារ ដែលនៅក្បែរវត្តអារាម និងសាលារៀន ចំណែកមណ្ឌលសុខភាពគ្រោងនឹងធ្វើនៅថ្ងៃខាងមុខនៅតំបន់នោះដែរ៖ «គោលជំហររបស់អាជ្ញាធរ គឺថានៅតែខិតខំសម្របសម្រួលធ្វើម៉េចអប់រំណែនាំពួកគាត់ហ្នឹងឲ្យមករស់នៅកន្លែងដែលស្របច្បាប់»។
លោក ឆេ ឈីវ បញ្ជាក់ថា អាជ្ញាធរបានព្យាយាមបំផុសឲ្យពលរដ្ឋទាំងនេះចូលទៅរស់នៅតំបន់ទួលក្រួស ជុំគ្នាដែលអាជ្ញាធរបានរៀបចំជូន ដើម្បីងាយស្រួលគ្រប់គ្រង។ លោកអះអាងថា គ្មានបញ្ហាដីមួយកន្លែងមានម្ចាស់ពីរ ឬបញ្ហាដីគ្មានជីជាតិដាំដំណាំមិនបាននោះទេ ដោយលោកលើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ១០០គ្រួសារ កំពុងរស់នៅ និងបង្កបង្កើនផលបានជាធម្មតា ប៉ុន្តែបើគ្រួសារដែលនៅសល់ពីការបណ្ដេញចេញនៅតែទាមទារចង់ទៅរស់នៅលើដីព្រៃដែលអាជ្ញាធរហាមឃាត់វិញនោះ គឺហួសពីសមត្ថភាពលោកដោះស្រាយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា ការបណ្ដេញពលរដ្ឋដោយបង្ខំ និងទុកឲ្យពលរដ្ឋរស់នៅក្នុងសភាពលំបាកបែបនេះ គឺជាករណីរំលោភសិទ្ធិមនុស្ស។
លោកថា ក្រោយពីខាងលោកចុះអង្កេតករណីនេះឃើញថា ពលរដ្ឋទាំងនោះសុទ្ធតែមានលិខិតស្នាមបញ្ជាក់ភាពក្រីក្រ ចេញដោយអាជ្ញាធរពីតាមស្រុកកំណើតរបស់ពួកគាត់រៀងៗខ្លួន ដូច្នេះអាជ្ញាធរខេត្តពោធិ៍សាត់ គប្បីស្រាវជ្រាវឲ្យឃើញថា តើពួកគាត់ជាពលរដ្ឋក្រីក្រពិតប្រាកដ ឬគ្រាន់តែដើរចាប់ដីសម្រាប់ទុកលក់៖ «យើងនៅតែទទូចដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់គួរតែសិក្សារាល់ព័ត៌មានលម្អិតសម្រាប់ប្រជាពលរដ្ឋទាំងអស់ហ្នឹង ហើយបើសិនជាអាជ្ញាធរអត់ប្រើវិធានការ ឬក៏ស្រាយបញ្ហាទាំងអស់ហ្នឹងទេ វានៅតែមានបញ្ហាដូចជាវែកចកអ៊ីចឹង»។
ការរស់នៅនិងបង្កបង្កើនផលរបៀបឆក់កណ្ដៀតរបស់ពលរដ្ឋទាំងនេះ បានកើតមានរយៈពេលជិត ២ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមិនអាចដោះស្រាយចេញ ក្រៅពីការគំរាមកំហែង និងដុតរោងស្នាក់នៅ ដើម្បីបង្ខំឲ្យពួកគាត់ចេញ។ ចាប់តាំងពីឆ្នាំ២០១២ មកអាជ្ញាធរបានដុតរោងសម្រាប់ប្រជាពលរដ្ឋរស់នៅជាង ១០០គ្រួសារ និងចាប់ស្រ្ដីម្នាក់ឈ្មោះ ស៊ិន សៀន ដាក់គុក ដោយចោទថា បានកាន់រានដីព្រៃរបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
