ស្ត្រី​មេម៉ាយ​ទិញ​អេតចាយ​ដឹក​កូន​ពិការ​មក​ពី​ខេត្ត​បាត់ដំបង​ឡើង​តវ៉ា​ដីធ្លី​នៅ​ភ្នំពេញ

0:00 / 0:00

ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់ មាន​មុខរបរ​ជា​អ្នកទិញ អេតចាយ​បាន​ជិះ​ម៉ូតូ សណ្ដោង​រ៉ឺម៉ក​ដឹក​កូនប្រុស​មាន​ជំងឺ​ធ្ងន់​ពី​ខេត្ត​បាត់ដំបង មក​ភ្នំពេញ​ដើម្បី​តវ៉ា​រឿង​ដីធ្លី។ ខណៈ​ដែល​មក​តវ៉ា​នៅ​ភ្នំពេញ អ្នកស្រី នាង ចាន់រើន មិន​មាន​ពេល​ប្រកប​របរ​ចិញ្ចឹមជីវិត​ទេ ហើយ​សព្វថ្ងៃ​អ្នកស្រី​ជ្រក​ក្រោម​ដំបូល​វត្ត​មួយ​នៅ​ភ្នំពេញ។ តើ​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​ឈឺ​ពិការ មាន​បញ្ហា​ដីធ្លី​រូប​នេះ មាន​ប្រវត្តិ​រឿងរ៉ាវ​ដូចម្ដេច?

នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ នៅ​ម៉ោង​ជាង​៩​ព្រឹក ជា​ថ្ងៃមួយ​ដែល​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មិន​ចេញ​តវ៉ា​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ អ្នកខ្លះ​ជជែក​គ្នា​រឿង​អតីតកាល​នៃ​ទំនាស់​ដីធ្លី អ្នកខ្លះ​ជជែក​រឿង ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ពេល​តវ៉ា​ជាដើម។ នៅ​ក្បែរ​នោះ​ដែរ អ្នកស្រី នាង ចាន់រើន ដែល​មាន​បញ្ហា​ដី​ធ្លី​ដែរ​នោះ មិនបាន​ឆ្លងឆ្លើយ​នឹង​គេ​ឡើយ ព្រោះ​អ្នកស្រី​រវល់​មើលថែ​កូន​ប្រុស​អាយុ​សែសិប​ឆ្នាំ​ប្លាយ ដែល​ឈឺ​ពិការ សម្រាក​ងើប​មិន​រួច​នៅ​ក្នុង​រទេះ តូច​មួយ​ដែល​មាន​បណ្ដោយ​ប្រវែង​២​ម៉ែត្រ ទទឹង​កន្លះ​ម៉ែត្រ ដោយមាន​ដំបូល​គ្រប​ជ័រកៅស៊ូ​ចាស់ៗ។ តាមពិត​រទេះ​នេះ ជា​រទេះដឹក​អីវ៉ាន់​អេតចាយ ប៉ុន្តែ បាន​ក្លាយ​ជា​រទេះដឹក​កូន​ប្រុស​អ្នកស្រី​វិញ៖ «តា​មេភូមិ​ចាស់ អតីត​មេភូមិ​ហ្នឹង ហើយ​ភូមិ​ឃុំ​ហ្នឹង គាត់​ឃុបឃិត​គ្នា​លក់​ដី​អត់​មាន​មេដៃ​ពី​អ៊ំ ( អ្នកស្រី នាង ចាន់រើន ) ទេ ដល់​ពេល​ហើយ​អ៊ំ​រក​ក្រដាស​ឃើញ ក្រដាស​ឯកសារ​ដែល​អ៊ំ​ធ្វើ​ប្លង់​ទន់​ជាមួយ​មេឃុំ​ហ្នឹង​ណា គេ​អត់​ទទួល​ធ្វើ​ឲ្យ​អ៊ំ​ទេ។ ទោះបី​អ៊ំ​ស្លាប់​តាម​ផ្លូវ ក៏​អ៊ំ​ត្រូវ​តែ​មក​ឲ្យ​បាន​ដែរ តា​ដែល​រំលោភ​ដី​អ៊ំ បង្គាប់​កូន​ក្រមុំ​ឲ្យ​បញ្ជា​អ៊ំ​ធ្វើ​ស្មៅ​ខាងក្រោយ​ធ្វើ​ខាងមុខ​បញ្ជា​ខាងមុខ អ៊ំ​ឈឺចិត្ត​ណាស់​កូន ( អ្នក​សម្ភាសន៍»។

មាន​អាយុ​៦១​ឆ្នាំ អ្នកស្រី នាង ចាន់រើន ជា​ស្ត្រី​មេម៉ាយ​ប្ដី​ស្លាប់​ដោយ​ជំងឺ កាលពី​ឆ្នាំ​២០០៨។ មួយ​ឆ្នាំ ក្រោយ​មក​កូនប្រុស​តែ​ម្នាក់​របស់​អ្នកស្រី ក៏​ធ្លាក់ខ្លួន​ឈឺ ដេក​នៅ​កន្ទេល​ងើប​ខ្លួន​មិន​រួច។ និយាយ​បណ្ដើរ និង​កំពុង​ជួត​សំអាតខ្លួន​កូនប្រុស ដែល​មាន​ទឹកមុខ​ស្លេកស្លាំង​បណ្ដើរ អ្នកស្រី នាង ចាន់រើន រៀបរាប់​ឲ្យ​ដឹង​ថា អ្នកស្រី ត្រូវ​ទទួល​បន្ទុក គ្រប់គ្រង​ជីវភាព​គ្រួសារ​ផង និង​ត្រូវ​មើលថែ​កូន​ផង ប្រកប​របរ​ជា​អ្នកទិញ​អេតចាយ អ្នកស្រី អាច​រក​ចំណូល​បាន​ពី​១៥០០០៛ ទៅ​២០០០០៛ ទូទាត់​ថ្លៃដើម​រួច។ ប៉ុន្តែ​ប្រាក់​ដែល​រក​បាន​នោះ ស្ទើរ​តែ​មិន​អាច​ទប់ទល់​ទៅ​នឹង​ការ​ចំណាយ និង​ប្រាក់​ទិញ​ថ្នាំ​ព្យាបាល​កូន​ឡើយ៖ «មុខរបរ​អេតចាយ​ឥឡូវ​កូន​ជ្រាប​ស្រាប់​ហើយ មិនមែន​រក​បាន​ដូច​ពី​ដើម​ទេ ពី​ដើម​រក​បាន​ចំណេញ​មួយ​ជា​បួន ឥឡូវ​ចំណេញ​មួយ​ហាសិប​រៀល រស់​គ្រាន់តែ​ចិញ្ចឹម​កូន ហើយ​វ័យ​យើង​កាន់តែ​ចាស់​ណា​កូន ៦១​ឆ្នាំ​ហើយ។ រើស​ផង និង​ទិញ​បាន​ពេញ​មួយ​រទេះ បាន​ពីរ​ម៉ឺន​ៗ កូន​ជ្រាប​ហើយ ចង់​ញ៉ាំ​សាច់​គោ​ក៏​មិន​ហ៊ាន​ដែរ ទុក​សម្រាប់​ទិញ​ថ្នាំ​បន្ទន់​លាមក​ឲ្យ​កូន ដូចជា​ផ្លែឈើ ផ្លែ​ស្រកា​នាគ ផ្លែ​ក្រូច​អី សម្រាប់​កូន​ញ៉ាំ​ពេល​ព្រលឹម​ឡើង តែ​ប៉ុណ្ណឹង​ឯង»។

អ្នកស្រី នាង ចាន់រើន ពោល​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា នៅ​ឆ្នាំ​២០០៩ អ្នកស្រី​ជួបប្រទះ​បញ្ហា​ដីធ្លី គឺ​ត្រូវ​បាន​មេភូមិ លួច​កាត់​ដី​អ្នកស្រី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ជា​ជន​ជាតិ​ចិន​ម្នាក់ ដី​នោះ​មាន​ទំហំ ប្រវែង​ទទឹង​៥​ម៉ែត្រ គុណ​នឹង​បណ្ដោយ ៤៧​ម៉ែត្រ នៅ​ក្នុង​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ដី​នោះ​ជា​ប្រភេទ​ដី​ត្រូវប៉ាន់ ត្បិត​អី​នៅ​ខាង​មុខ​ជាប់​ផ្លូវ​លំនៅ​ពីក្រោយ​ជាប់​ផ្លូវជាតិ។ អ្នកស្រី​អះអាង​ថា ដី​នោះ​បើ​លក់​បាន​តម្លៃ​រាប់ពាន់​ដុល្លារ។

នឹក​ដល់​រឿង​ដី ទឹកភ្នែក​អ្នកស្រី​ក៏​ចាប់​ផ្ដើម​ស្រក់​ចុះ មាន​ប្រសាសន៍​ទាំង​ទឹកភ្នែក​ហូរ​ប្រដេញ និង​សំឡេង​អួល​ដើម​ក​ថា អ្នកស្រី​រស់នៅ​លើ​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ដោយមាន​ទាំង ក្ដារ​បេង និង​ស័ង្កសី នៅ​សម័យ​នោះ​ជា​សំអាង​ថែម​ទៀត​ផង។

បញ្ហា​ដី​ធ្លី​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី នាង ចាន់រើន សុំ​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ត្រី​សុរិយោដី​ដោះស្រាយ​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ។ កាលពី​ឆ្នាំ​២០១២ អ្នកស្រី នាង ចាន់រើន បាន​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ លោកនាយក​រដ្ឋ​មាន​មន្ត្រី ហ៊ុន សែន ហើយ​បើ​ទោះ​ជា​ខុទ្ទកាល័យ បញ្ជាក់​ថា ដី​នោះ​ជា​កម្មសិទ្ធិ របស់​អ្នកស្រី​ក្ដី ប៉ុន្តែ​លិខិត​បញ្ជាក់​នោះ ពុំ​មាន​អំណាច​ឲ្យ​អាជ្ញាធរ ខេត្ត​បាត់ដំបង​អនុវត្ត​តាម​ឡើយ៖ «ស្ដាប់​តែ​ម្ខាង​ទេ អ៊ំ ( នាង ចាន់រើន ) គេ​មិន​ដែល​ស្ដាប់​ទេ ដូច្នេះ​អ៊ំ​គឺ​ខុស​រហូត ហើយ​មុន​ហ្នឹង​មកនេះ គេ​បាន​ស្ដី​ឲ្យ​អ៊ំ​សព្វ​បែប​យ៉ាង ថា​អ៊ំ​ជា​មនុស្ស​រឿង​ច្រើន​ណាស់ ស្ដី​នៅ​មុខ​ប្រជាជន​ទូទៅ អ៊ំ​មាន​ភាព​អាម៉ាស់​ណាស់​កូន មនុស្ស​មាន​បេះដូង​មានចិត្ត។ ខ្ញុំ​ថា​ខ្ញុំ​មាន​ច្បាប់ ដូច្នេះ​ខ្ញុំ​ទៅ​រក​ច្បាប់ ហើយ​ខ្ញុំ​មានតែ​ម្នាក់ឯង​បើ​ខ្ញុំ​មិន​ពឹង​ច្បាប់ ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​ ? គេ​ថា​អ៊ីចឹង​ហើយ​ពឹង​ច្បាប់ តែ​យើង​រឿង​ច្រើនពេក អ្នកណា​គេ​ជួយ​យើង​បាន ឃុំ​គេ​ធុញ​គេ​ទ្រាន់​គេ​ណាស់»។

ទីបំផុត នៅ​ក្នុង​សីហា ឆ្នាំ​២០១៤ អ្នកស្រី នាង ចាន់រើន បាន​សម្រេច​ធ្វើដំណើរ មក​ភ្នំពេញ រក​អន្តរាគមន៍​ពី​ស្ថាប័ន​នានា។ ឆ្លើយ​តប​ចំពោះ ការ​លើក​ឡើង​របស់ អ្នកស្រី នាង ចាន់រើន អភិបាលរង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក ជុំ ញ៉ មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ដោះស្រាយ​រឿង​នេះ​ម្ដង​ដែរ ប៉ុន្តែ​មិន​ទាន់​សម្រេច។ លោក​អភិបាល​រង​ស្រុក បន្ត​ថា​អាជ្ញាធរ​នឹង​ដោះស្រាយ​ម្ដង​ទៀត ទោះ​បែបនេះ​ក្ដី លោក​មិនទាន់​បញ្ជាក់​ថា​នៅ​ពេល​ណា​នោះ​ទេ។ លោក​អភិបាលរង​ស្រុក​បន្ត​ទៀត​ថា ប្រសិនបើ​ភាគី​មាន​ជម្លោះ​មិន​ស្របតាម​អាជ្ញាធរ​ទេ នោះ​អាជ្ញាធរ​ស្រុក នឹង​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ទេ៖ «ខ្ញុំ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ខ្ញុំ​សម្របសម្រួល​នៅ​ពេល​គណៈកម្មាធិការ ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ហ្នឹង គឺ​ថា​ខ្ញុំ​ហៅ​ភាគី​ទាំងអស់​នោះ​មក បើ​សិន​ភាគី​ណាមួយ​មិន​យល់ព្រម គឺ​យើង​អត់​បាន​ចេញ​ប្លង់​កម្មសិទ្ធិ ជូន​គាត់​ទេ ហើយ​បើ​អត់​ប្លង់​កម្មសិទ្ធិ​ដី​ហ្នឹង ជា​មោឃៈ ដី​មិន​អាច​យក​ទៅ​ការ​អី​បាន»។

អ្នកស្រី ចាន់រើន និង​​រទេះ​អូស​សម្រាប់​ទិញ​អេតចាយ កំពុង​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី។ រូបថត​ថ្ងៃ​ទី ២១ តុលា ២០១៤។
អ្នកស្រី ចាន់រើន និង​​រទេះ​អូស​សម្រាប់​ទិញ​អេតចាយ កំពុង​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី។ រូបថត​ថ្ងៃ​ទី ២១ តុលា ២០១៤។ ( RFA/Brach Chev)

ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ ៦% នៃ​ពលរដ្ឋ​សរុប​រងគ្រោះ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា ដោយ​ការ​បណ្ដេញ​ដោយ​បង្ខំ។ នេះ​បើ​យោង​តាម​បណ្ដឹង​របស់​មេធាវី អន្តរជាតិ លោក រីឆាត រ៉ូជើ (Richard Rogers) ប្ដឹង​ក្រុម​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុម​អ្នកជំនួញ ទៅ​តុលាការអន្តរជាតិ អាយ​ស៊ី​ស៊ី (ICC) កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៤។

បើ​តាម​អ្នកស្រី នាង ចាន់រើន មេភូមិ​ចាស់​នៃ​ភូមិ​សំពៅ​លិច ឃុំ​ភ្នំសំពៅ ឈ្មោះ អួម សួម បាន​លួច​លក់​ដី​អ្នកស្រី​លក់ ដោយមាន​ការ​រួម​ចំណែក​ពី​មេភូមិ​សព្វ​ថ្ងៃ​នេះ គឺ​លោក ថោង ឈឿម។ ប៉ុន្តែ​ពេល​នេះ លោក អួម សួម ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ចូល​និវត្តន៍ និង​មាន​ជំងឺ​វង្វេង​ទៀត។

ចំណែក​មេភូមិ សំពៅ​លិច​បច្ចុប្បន្ន គឺ​លោក ថោង ឈឿម បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក​ធ្លាប់​បាន​ទទួល​សគុណ​តិចតួច​ពី​ការ​លក់​ដី​នោះ។ លោក ថោង ឈឿម លើក​ឡើង​ថា ដី​របស់ អ្នកស្រី ចាន់រើន គឺ​ពិត​ជា​មាន​មែន ប៉ុន្តែ​មិន​ទាន់​មាន​ការវាស់វែង​ពី​ព្រំប្រទល់​ត្រឹមត្រូវ​ទេ។ លោក​មេភូមិ​បញ្ជាក់​ថា រឿងរ៉ាវ​ដីធ្លី​នេះ អ្នកលក់​បាន​លក់​អស់​រយៈពេល​២​ឆ្នាំ​ទៅ​ហើយ ទើប​អ្នកស្រី នាង ចាន់រើន ទាមទារ​តវ៉ា៖ «ដី​នោះ​ប្រវត្តិ​ដើម​ដី​នោះ គឺ​ដី​គាត់​មុខ​អ៊ីចឹង​ហើយ ទំហំ​ដើម​គាត់​មិន​ដល់​ក្រោយ​ទេ វា​គ្រាន់តែ​ពាក់​កណ្ដាល​ហ្នឹង​ទៅមុខ​ទេ។ អា​ដី​ប្រាំ​ម៉ែត្រ​លក់​មិនមែន​លក់​ដី​របស់​គាត់​ហ្នឹង ដី​គេ​នៅ​តែ​តាំងពី​មុនគេ​នៅ គាត់​ទៅ​នៅ​ជុំរុំ​ប៉ុន្មាន​ឆ្នាំ គាត់​មក​នៅ​ក្រោយ​គេ​តើស។ ភ្លាមៗ បើ​គាត់​តវ៉ា ថា​ដី​នេះ​លក់​អត់​បានទេ រដ្ឋអំណាច​គេ​មិន​ដែល​លក់​ទេ ដី​ត្រូវ​គេ​លក់​បាត់​ហើយ​បាន​តវ៉ា»។

ទោះ​ការ​ទាមទារ​ដីធ្លី​ជា​អម្រែក ធ្ងន់​មួយ​ថែមទាំង​ត្រូវ​មើលថែ​កូន​មាន​ជំងឺ​ងើប​ខ្លួន​រួច សូម្បី ទទួលទាន​អាហារ ក៏​ត្រូវ​អ្នកស្រី​បញ្ចុក ប៉ុន្តែ​អ្នកស្រី​មានប្រសាសន៍​យ៉ាង​ច្បាស់ៗ ថា នេះ​ជា​កាតព្វកិច្ច​ក្នុង​នាម​អ្នកស្រី​ជា​ម្ដាយ៖ «ប្រែ​ម្ដាយ​ជួយ​ប្រែ ប្រែ​ទៅ​លិច​ជួយ​ប្រែ លើក​ជើង​ត្រង់​ជួយ​លើក ទាំងអស់​សព្វថ្ងៃ​គឺ​បម្រើ​កូន​ពេញ​ទំហឹងៗ ប៉ុន្តែ​ទឹកចិត្ត​ម្ដាយ​ក្នុង​លោក​ស្រលាញ់​កូន​ណាស់ ទោះបី​ឲ្យ​វៀរ​ឲ្យ​លូន​យ៉ាងណា ឲ្យ​តែ​កូន​បាន​ស្រួល​ក្នុង​ខ្លួន ម្ដាយ​សុខចិត្ត​ហើយ​ណា​កូន តែ​ប៉ុណ្ណឹង​ទេ ម្ដាយ​គ្មាន​អី​ទេ នេះ​ហើយ​ទឹកចិត្ត​ម្ដាយ​ក្នុង​លោក​ស្រលាញ់​កូន​ណាស់។ ទោះ​បី​ថា កូន​ដង្ហក់ រៀប​នឹង​ដាច់ខ្យល់ ឬ​ធ្វើ​អ្វីមួយ​ដែល​ហត់ សុំ​អង្វរ​កូន ថា​កូន​ម្ដាយ​កុំ​ទៅ​ចោល​ម្ដាយ​អី យើង​មានតែ​ពីរ​នាក់​ម៉ែកូន​ទេ បើ​កូន​ទៅ​ចោល​ម្ដាយ ម៉ែ​កើត​បណ្ដា​ចារ ម៉ែ​ទៅជា​មនុស្ស​វិកលចរិត​ហើយ»។

នៅ​ពេល​ចោទ​សួរ​ថា ហេតុ​អ្នកស្រី​ប្រឹងប្រែង​តស៊ូ​ទាមទារ​ដី​ជាង ៥​ម៉ែត្រ​នេះ​ម្ល៉េះ? ត្រូវ​បាន​អ្នកស្រី ចាន់រើន បញ្ជាក់​ថា អ្នកស្រី​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​ក្រៅពី​ដី​នេះ​ទេ ហើយ​អ្នកស្រី​រំពឹង​ថា នៅ​ពេល​បាន​ដី​មកវិញ អ្នកស្រី​អាច​យក​ដី​នោះ​ដាំ​ដំណាំ ឬក៏​ជួល​ឲ្យ​គេ​សម្រាប់​ធ្វើ​ផ្ទះ​ជួល គឺ​នឹង​អាច​ធ្វើ​ឲ្យ​ជីវភាព​អ្នកស្រី​ធូរ​ស្រាល​បាន​ខ្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។