ជនជាតិ​ដើម​ភាគ​តិច​ពរ​នៅ​បាត់ដំបង​បារម្ភ​បាត់​បង់​ដី​ទៅ​ក្រុមហ៊ុន

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច​ពរ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់​បង់​ដី​ក្នុង​សហគមន៍​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន រ័ត្ន សម្បត្តិ។

ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​ពួក​គាត់​ស្វែងរក​អន្តរាគមន៍​ពី​សាលា​ខេត្ត ប៉ុន្តែ​ខេត្ត​បាន​ត្រឹម​តែ​ចេញ​លិខិត​ការពារ​ដី​ជម្លោះ​បណ្ដោះអាសន្ន ហើយ​ទុក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បន្ត តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​នេះ ដោះស្រាយ​ពុំ​ចេញ​ឡើយ។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ពរ នៅ​ស្រុក​សំឡូត អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដី​ក្នុង​សហគមន៍​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់ ពីព្រោះ​រឿង​ទំនាស់​នេះ​បាន​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ។

ផ្ទៃ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​នោះ មាន​ទំហំ​ប្រមាណ ២​ពាន់​ហិកតារ ស្ថិត​នៅ​ភូមិ​ភ្នំរៃ ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ប្រមាណ ៧៥​គ្រួសារ កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន រ័ត្ន សម្បត្តិ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពរ នៅ​ស្រុក​សំឡូត លោក ឆឺត ឈន ថ្លែង​នៅ​ថ្ងៃ​ទី​២៣ តុលា ថា ផ្ទៃ​ដី​សហគមន៍​ដែល​មាន​ទំនាស់​នោះ ប្រជាពលរដ្ឋ​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩១។ មក​ដល់​ឆ្នាំ​២០០៨ ក៏​កើត​មាន​ទំនាស់ ដោយសារ​ក្រុមហ៊ុន រ័ត្ន សម្បត្តិ បោះ​បង្គោល​រំលោភ​លើ​ដី​របស់​ពួក​គាត់។ លោក​បន្ត​ថា ចាប់​តាំង​ពី​ពេល​មាន​ទំនាស់​មក អ្នក​ភូមិ​បាន​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​ជា​បន្តបន្ទាប់ តែ​គ្មាន​ដំណោះស្រាយ​ទាល់​តែ​សោះ។

លោក ឆឺត ឈន៖ «អឺ! ខ្ញុំ​បាន​តវ៉ា​រយៈពេល​បី​បួន​ដង​ហើយ គាត់​បាន​ចុះ​ដែរ​សិក្សា​ស្រាវជ្រាវ មាន​ខាង​សមត្ថកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ។ ប៉ុន្តែ​បើ​លទ្ធផល​ដែល​ដោះ វា​នៅ​បង្គោល​បោះ​ដដែល ហើយ​ផ្លាក​ក្រុមហ៊ុន​នៅ​ដដែល ហើយ​ខាង​ក្រុមហ៊ុន ខ្ញុំ​បាន​ជជែក​ជាមួយ​តំណាង​របស់​គេ​ថា នៅ​តែ​ដី​គេ​ដដែល។ អ៊ីចឹង លទ្ធផល​វា​អត់​មាន លោក! ដោយសារ​តែ​អឺ! ស្រុក​ឃុំ​ហ្នឹង​គាត់​អត់​មាន​លទ្ធភាព​ដោះ»

លោក​បន្ថែម​ថា បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ចេញ​លិខិត​ការពារ​លើ​ដី​ទំនាស់​ឲ្យ​ផ្អាក​ធ្វើ​សកម្មភាព​បណ្ដោះអាសន្ន ហើយ​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ស្រុក​ដោះស្រាយ​បន្ត តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ តុលា។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​សំឡូត លោក ឥន សៅរិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ហេតុ​ដែល​យឺតយ៉ាវ​មិន​បាន​ដោះស្រាយ​ភ្លាមៗ​នោះ ដោយសារ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​មក​រារាំង​មិន​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចូលរួម​ពិភាក្សា​តាម​ការ​កោះ​អញ្ជើញ​របស់​អាជ្ញាធរ៖ «អា​ហ្នឹង​រក​ដី​ទំនាស់​វា​អត់​ឃើញ ហើយ​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក សាលា​ខេត្ត​បាន​រៀបចំ​ឲ្យ​ស្រុក​ដោះស្រាយ។ ស្រុក​អញ្ជើញ​ពួក​គាត់​មក តែ​ពួក​គាត់​ថា​គាត់​គ្មាន​លទ្ធភាព​មក​ទេ។ មុន​នឹង​ការ​ដោះស្រាយ​អី យើង​ត្រូវ​ពិគ្រោះ​ពិភាក្សា​រាល់​ជំនាញ​ទាំងអស់​អ៊ីចឹង ដល់​គាត់​មក​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ថា​ដោះ​យ៉ាង​ម៉េច»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ដោយ​គ្មាន​ច្រក​ចេញ​ជាច្រើន​ឆ្នាំ​មក​នេះ ពុំ​មែន​ដោយសារ​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​មិន​ចូលរួម​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ។ លោក ហេង សាយហុង ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​អាជ្ញាធរ​ស្រុក​នោះ ថា​គ្រាន់​តែ​ជា​លេស​មួយ ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ៖ «អ៊ីចឹង​វា​អាច​ប៉ះពាល់​នឹង​ទីកន្លែង​ខ្លះ ឬ​ក៏​អារម្មណ៍​ខ្លះ​មួយ​ចំនួន​ទេ មិន​មែន​ជា​រឿង​អី​ធំ​ដុំ​ទេ។ តាម​ខ្ញុំ​គិត​មើល​ទៅ បើ​សិន​ជា​អាជ្ញាធរ​យើង​មាន​ឆន្ទៈ​ដោះស្រាយ​តំបន់​សហគមន៍​ពរ​ហ្នឹង យើង​អាច​ជួប​ប្រជា​សហគមន៍​ជាទូទៅ​ទៅ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​សំណេះសំណាល​ជា​បឋម ស៊ើប​ជា​បឋម យើង​អាច​រូបមន្ត​ដោះស្រាយ​ច្រើន​ណាស់។ យើង​អត់​មាន​យក​លេស​ថា​សង្គម​ស៊ីវិល​នេះ​ទៅ​រារាំង មិន​មែន​ទេ សង្គម​ស៊ីវិល គឺ​ថា​មាន​គោល​បំណង​សហការ​ជាមួយ​អាជ្ញាធរ​ជា​ដៃគូ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​បាត់​បង់​ដីធ្លី​ហ្នឹង គាត់​ទទួល​បាន​យុត្តិធម៌»

យ៉ាង​ណា តំណាង​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ហេតុ​ដែល​ពួក​គាត់​មិន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ស្រុក ដោយសារ​សមត្ថកិច្ច​តម្រូវ​ឲ្យ​តំណាង​តែ​ម្នាក់​ចូល​ពិភាក្សា ពីព្រោះ​ការ​ធ្វើ​ដូច​នេះ កន្លង​មក​ពុំ​ទទួល​បាន​លទ្ធផល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។