ពលរដ្ឋ​​នៅ​ខណ្ឌ​សែនសុខ​ចោទ​អាជ្ញាធរ​ថា​បង្ខំ​ឲ្យ​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន

0:00 / 0:00

ពលរដ្ឋ​នៅ​ភូមិ​ចំនួន ៦​ផ្សេង​គ្នា ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​សែនសុខ បាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខណ្ឌ​នេះ ថា​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ ប្រគល់​ដី​ដែល​ពួក​គាត់​កាន់កាប់​ជា​យូរ​មក​ហើយ​ទៅ​ឲ្យ​ក្រុមហ៊ុន ដោយ​មិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ណា​ដែល​ត្រូវ​ទៅ​វិនិយោគ​ឲ្យ​ប្រាកដ។

ពលរដ្ឋ ២៦០​គ្រួសារ រស់​នៅ​ក្នុង​សង្កាត់​ពញាពន់ បាន​រិះគន់​ប៉ូលិស​ខណ្ឌ​សែនសុខ ថា​បាន​បង្ខំ​និង​គំរាមកំហែង​ពួកគាត់​ឲ្យ​ផ្ដិត​មេដៃ​ប្រគល់​ដី​ដែល​កាន់កាប់​ជាង ២០០​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដោយ​មិន​បាន​បង្ហាញ​ពី​អត្តសញ្ញា​ក្រុមហ៊ុន​នោះ។

តំណាង​អ្នក​ភូមិ លោក ជា ច័ន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មីនា ថា អ្នក​ភូមិ ២៦០​គ្រួសារ រស់​នៅ​ភូមិ​ធំត្បូង ភូមិ​ធំជើង ភូមិ​ត្រពាំងស្នោរ ភូមិ​បឹង ភូមិ​ព្រៃពង្ររ និង​ភូមិ​វែង ក្នុង​សង្កាត់​ពញាពន់ បាន​កាន់កាប់ និង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ជាង ២០០​ហិកតារ តាំង​ពី​ឆ្នាំ​១៩៧៩។

លោក​បាន​រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៩៣ អាជ្ញាធរ​ភូមិ​បាន​ឲ្យ​អ្នក​ភូមិ​លក់​ដី​ទាំង​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​មួយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សាងសង់​ជា​រោងចក្រ​នៅ​តំបន់​នោះ ក្រោម​កិច្ចសន្យា​ថា បើ​រយៈពេល ៥​ឆ្នាំ ក្រុមហ៊ុន​នោះ​មិន​សាងសង់​រោងចក្រ ឬ​វិនិយោគ​តំបន់​នោះ​ទេ ពលរដ្ឋ​នឹង​យក​ដី​ទាំង​នោះ​មក​បង្កបង្កើន​ផល​វិញ។

តំណាង​អ្នក​ភូមិ​ប្រាប់​ថា ក្រោយ​ពី​ក្រុមហ៊ុន​ទិញ​ដី​ពី​អ្នក​ភូមិ​ហើយ​នោះ ក្រុមហ៊ុន​មិន​បាន​សាងសង់​រោងចក្រ​អ្វី​ទេ ហើយ​អ្នក​ភូមិ​ក៏​នៅ​តែ​បង្កបង្កើនផល​លើ​ដី​នោះ​ដូច​សព្វ​មួយ​ដង។ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ពោល​គឺ ២១​ឆ្នាំ​ក្រោយ ស្រាប់​តែ​លោក​អធិការ​ខណ្ឌ​សែនសុខ លោក ម៉ក់ ហុង បាន​ប្រកាស​ឲ្យ​អ្នក​ភូមិ រុះរើ​រោង​ចាំ​ចម្ការ និង​ចោទ​អ្នក​ភូមិ​ថា បាន​បង្កបង្កើនផល​លើ​ដី​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​ផ្ដិត​មេដៃ​ប្រគល់​ដី​ទាំង​នោះ​ទៅ​ក្រុមហ៊ុន​វិញ ដោយ​មិន​ប្រាប់​ថា ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ។

អ្នក​ភូមិ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​បឹង គឺ​លោកស្រី ព្រុំ សុគង់ ដែល​ត្រូវ​លោក ម៉ក់ ហុង ហៅ​ឲ្យ​ទៅ​ជួប និង​បង្ខំ​ផ្ដិត​មេដៃ​ប្រគល់​ដី​ចម្ការ​ជាង ១​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ ប្រាប់​ថា អធិការ​ខណ្ឌ​រូប​នេះ​បាន​គំរាម​ថា ប្រសិន​បើ​លោកស្រី​មិន​ផ្ដិត​ស្នាម​មេដៃ​ប្រគល់​ដី​ទេ​នោះ លោកស្រី​នឹង​ត្រូវ​ប្ដឹង​ពី​បទ​ព្រហ្មទណ្ឌ ដែល​បាន​កាន់កាប់​លើ​ដី​ក្រុមហ៊ុន។ ប៉ុន្តែ​អ្នកស្រី​មិន​ព្រម​ផ្ដិត និង​ទទូច​ឲ្យ​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន ហើយ​ឲ្យ​ក្រុមហ៊ុន​នោះ​មក​ជួប​អ្នក​ភូមិ។

តំណាង​អ្នក​ភូមិ លោក ជា ច័ន្ទ បញ្ជាក់​ថា អ្នក​ភូមិ​មិន​ដែល​រំលោភ​កាន់​កាប់​ដី​ក្រុមហ៊ុន​ទេ។ដី​ជាង ២០០​ហិកតារ​នោះ ជា​ដី​ដែល​ក្រុមហ៊ុន​កាន់កាប់​ឡើង​វិញ ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​តៃវ៉ាន់ ក្បត់​សន្យា​មិន​សាងសង់​រោងចក្រ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​នោះ ត្រឡប់​មក​យក​ដី​វិនិយោគ​ជា​រោងចក្រ អ្នក​ភូមិ​នឹង​ប្រគល់​ដី​ឲ្យ។ ប៉ុន្តែ​ប៉ូលិស​ខណ្ឌ​ដែល​ចេះ​តែ​អះអាង​ថា យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​ឲ្យ​ប្រាកដ ដែល​អ្នក​ភូមិ​សង្ស័យ​ថា អាជ្ញាធរ​មាន​បំណង​យក​ដី​ទាំង​នោះ​ទុក​ខ្លួន​ឯង ខណៈ​តំបន់​នោះ​ទើប​តែ​កាត់​ចូល​មក​ក្រុង​ភ្នំពេញ បាន​ជាង​មួយ​ឆ្នាំ ហើយ​ហាងឆេង​ដី​នៅ​តំបន់​នោះ​ចាប់​ផ្ដើម​ស្ទុះ​ឡើង។

ជុំវិញ​បញ្ហា​នេះ លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែនសុខ បាន​ចុច​បិទ​ទូរស័ព្ទ​ភ្លាមៗ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី សាកសួរ​ពី​រឿង​ដែល​អ្នក​ភូមិ​ក្នុង​សង្កាត់​ពញាពន់ ចោទ​ប្រកាន់​ថា លោក​បាន​បង្ខំ​និង​គំរាម​ឲ្យ​អ្នក​ភូមិ​ផ្តិត​មេដៃ​ប្រគល់​​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ពន្យល់​ថា ប្រសិន​បើ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់ ទិញ​ដី​ពី​អ្នក​ភូមិ​តាំង​ពី​ឆ្នាំ​១៩៩៣ លេច​មុខ​មក​ទាមទារ​ដី​វិញ​នោះ តំណាង​ក្រុមហ៊ុន​គួរ​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ។

មាត្រា​៣០ នៃ​ច្បាប់​ភូមិបាល ចេញ​កាល​ពី​ឆ្នាំ​២០០១ បាន​ចែង​ថា បុគ្គល​ទាំង​ឡាយ​ដែល​អាស្រ័យផល​​នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការ​ជំទាស់​ចាប់​ពី ៥​ឆ្នាំ​យ៉ាង​តិច គិត​មក​ដល់​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ លើ​អចលនវត្ថុ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​កាន់កាប់​ជា​ឯកជន មាន​សិទ្ធិ​ស្នើ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ។ ក្នុង​ករណី​មាន​ការ​ជំទាស់​ដល់​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នេះ អ្នក​តវ៉ា​ត្រូវ​យក​ភស្តុតាង​មក​បញ្ជាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។