ចំណែកពលរដ្ឋក្នុងសហគមន៍ដែលមានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ កំពុងបារម្ភខ្លាចថានឹងអាចមានអ្នកបន្លំចុះបញ្ជីកាន់កាប់ដីធ្លី។
មន្ត្រីសាលារាជធានីភ្នំពេញ ហៅយុទ្ធការចុះស្រង់ព័ត៌មានពីស្ថានភាពពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ថាជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងរាជធានីភ្នំពេញ។
នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ព័ត៌មានដែលស្រង់បានពីបណ្ដាសហគមន៍ នឹងត្រូវដាក់អោយអភិបាលថ្មីរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីចាត់ចែងរកវិធានការដោះស្រាយ។ លោកថា អភិបាលថ្មីមានឆន្ទៈក្នុងការដោះស្រាយបញ្ចប់បញ្ហាជម្លោះដីធ្លីដែលនៅសេសសល់។
ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា មន្ត្រីសាលារាជធានីភ្នំពេញ និងមន្ទីរសុរិយោដីរាជធានីភ្នំពេញ បានចុះស្រង់ព័ត៌មាននៅក្នុងសហគមន៍មានជម្លោះដីធ្លីសំខាន់ៗមួយចំនួន រួមមាន តំបន់បឹងកក់ បុរីកីឡា ថ្មគោល និងតំបន់តាំងទីលំនៅថ្មីនៅក្រៅក្រុង រួមមានតំបន់ដំណាក់ទ្រយឹង ជាដើម។ តាមការអះអាងរបស់សហគមន៍ នៅសហគមន៍បឹងកក់ មានពលរដ្ឋយ៉ាងតិច ៦៣គ្រួសារ ដែលមិនទាន់បានកម្មសិទ្ធិដីធ្លី បុរីកីឡា មានជាង ១០០គ្រួសារ ដែលមិនទាន់ទទួលបានផ្ទះ សហគមន៍ថ្មគោល ជិត ៣០០គ្រួសារ ដែលប្រឈមនឹងការបណ្ដេញចេញ។ ចំណែកនៅតំបន់តាំងទីលំនៅឋានថ្មី ពលរដ្ឋកំពុងជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា អ្នកស្រីសាទរចំពោះរាល់សកម្មភាពនៃសាលារាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពលរដ្ឋ។ យ៉ាងណា អ្នកស្រីនៅមានការព្រួយបារម្ភខ្លាចការបន្លំដាក់ឈ្មោះយកដីពលរដ្ឋ ដូចធ្លាប់កើតឡើងកន្លងមក។
នៅក្នុងពេលចុះស្រង់ព័ត៌មាន មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនត្រូវអនុញ្ញាតអោយចូលរួមតាមដាន។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សង្ឃឹមថា ដំណើរការដោះស្រាយបញ្ហានៅកណ្ដាលរាជធានីភ្នំពេញនេះ នឹងអាចដោះស្រាយបាននៅមុនបោះឆ្នោត។
មកដល់ពេលនេះ មន្ត្រីសាលារាជធានីភ្នំពេញនៅមិនទាន់អាចបញ្ជាក់ថា តើអាចនឹងមានដំណោះស្រាយបែបណា ចំពោះអ្នកសហគមន៍ដែលបានចុះស្រង់ព័ត៌មាននោះនៅឡើយ គឺត្រូវរង់ចាំការសម្រេចពីអភិបាលថ្មីរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បន្ទាប់ពីការស្រង់ព័ត៌មានបានបញ្ចប់។ ការចុះស្រង់ព័ត៌មានក្នុងសហគមន៍មានជម្លោះដីធ្លី គ្រោងនឹងបញ្ចប់នៅសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
