លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រងការចោទប្រកាន់ពីសំណាក់អ្នកបឹងកក់ មួយចំនួនថា លោកប្រកាន់បក្ខពួកនៅពេលលោកចុះទៅសិក្សារឿងរ៉ាវជម្លោះដីនៅតំបន់បឹងកក់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ។
លោកអភិបាលរាជធានីភ្នំពេញ ត្រូវបានអ្នកបឹងកក់ មួយចំនួនដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីចោទថា មិនអនុញ្ញាតឲ្យពួកគាត់ចូលរួមក្នុងការសិក្សាដើម្បីរកដំណោះស្រាយនោះទេ ប៉ុន្តែបែរជាអនុញ្ញាតឲ្យក្រុមដែលមាននិន្នាការទៅរករដ្ឋាភិបាលចូលរួមជាមួយលោកទៅវិញ។
អ្នកបឹងកក់ មួយរូបដែលរស់នៅភូមិ១ លោក ចាន់ ពុទ្ធិស័ក្ត បានឲ្យដឹងថា លោកគឺជាជនរងគ្រោះដីធ្លីមួយរួបដែលរស់នៅលើដីជាប់ផ្លូវរថភ្លើង ប៉ុន្តែលោកមិនត្រូវបានអាជ្ញាធររាជធានីអនុញ្ញាតឲ្យចូលរួមក្នុងការសិក្សារបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកមិញនោះឡើយ៖ «ព្រឹកនេះជាក់ស្ដែងគាត់ចុះមក គាត់បានមើលតែខាងក្រុម ហេង មុំ, លី មុំ, ដួង គា, តុល ស្រីពៅ អីតែប៉ុន្មានទេ។ គាត់ធ្វើការជាមួយគ្នាគាត់តែប៉ុន្មាននាក់ហ្នឹងទេ អត់សហការជាមួយប្រជាពលរដ្ឋដែលមានបញ្ហាដើរតវ៉ាកន្លងមកជាមួយ ទេព វន្នី ទេ។ គាត់ដើរតែក្រុមគ្នាគាត់ហ្នឹង ដើរមើលអ៊ីចឹងទៅ ហើយថតតែផ្ទះប៉ុន្មាននាក់ហ្នឹងទេ អត់ថតអ្នកមានបញ្ហាផ្សេងទៀត»។
ឆ្លើយតបការចោទប្រកាន់នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបដិសេធថា សាលារាជធានីមិនបានហាមឃាត់ប្រជាពលរដ្ឋបឹងកក់ ទាំងនោះ មិនឲ្យចូលរួមនោះឡើយ ដោយលោកបានមានប្រសាសន៍ថា ការសិក្សានោះក៏មានវត្តមានតំណាងអ្នកភូមិបឹងកក់ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដែរ៖ «យើងអត់មានទៅលូកលាន់ទៅលើការងារផ្ទៃក្នុងរបស់អ្នកតវ៉ាទេ។ រឿងបងប្អូនអ្នកតវ៉ានៅក្នុងបឹងកក់នេះ ជារឿងផ្ទៃក្នុងរបស់ពួកគាត់។ យើងទៅធ្វើការងារជាមួយអ្នកណាដែលជាអ្នកតំណាងរបស់បងប្អូនដែលតវ៉ាពិតប្រាកដ»។
ប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ឃើញថា ការងារនេះគួរធ្វើឡើងប្រកបដោយតម្លាភាព ដោយមានវត្តមានរបស់អ្នកបឹងកក់ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ ឬមានការចូលរួមពីអ្នកតំណាងរបស់អ្នកបឹងកក់ ដែលជ្រើសតាំងដោយការបោះឆ្នោត៖ «បើគាត់ចុះទៅ ទៅហើយ ខ្ញុំគិតថា គាត់គួរតែជួប ព្រោះជួនកាល អ្នកដែលថា ជាតំណាងហ្នឹង តើគាត់បានទទួលស្គាល់ពីការបោះឆ្នោតពីប្រជាពលរដ្ឋថា ពិតជាតំណាងមែនក៏អត់? ជួនកាលគ្រាន់តែជាតំណាងដែលគាត់ថា ខ្លួនគាត់អ៊ីចឹងទៅ អាហ្នឹងក៏វាអត់តម្លាភាពដែរ»។
កន្លងមក អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសន្យាជាមួយប្រជាពលរដ្ឋបឹងកក់ថា លោកនឹងព្យាយាមដោះស្រាយបញ្ហាដីតំបន់បឹងកក់ ឲ្យបានចប់មុនពេលបោះឆ្នោត ប៉ុន្តែការអនុវត្តតាមពាក្យសន្យានេះ ត្រូវពន្យាររហូតដល់ក្រោយពេលបោះឆ្នោត។ ឯការចុះទៅពិនិត្យមើលទីតាំងដីធ្លីរបស់អ្នកបឹងកក់ នៅព្រឹកថ្ងៃទី២៣ កក្កដា នេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីឲ្យដឹងថា ជាការផ្ទៀងផ្ទាត់ថា អ្វីដែលស្ថិតនៅក្នុងផែនទី ដូចគ្នានឹងស្ថានភាពជាក់ស្ដែងដែរ ឬទេ សម្រាប់ជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនអ្នកបឹងកក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
