បម្រាមរបស់សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយអភិបាលក្រុង លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី១១ ធ្នូ ហើយទើបនឹងចែកផ្សាយនៅថ្ងៃទី១៤ ខែធ្នូ បានបង្ហាញថា តំបន់ដែលស្ថិតក្នុងការហាមឃាត់នោះ មានភូមិទួលគោក សង្កាត់ទួលសង្កែ និងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តំបន់ទាំងនេះ សាលារាជធានីភ្នំពេញហាមមិនឲ្យមានការជីក និងចាក់បំពេញដី ការសាងសង់ថ្មី ឬសង់បន្ថែម ការលក់ទិញដី ការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលដីកំពុងមានទំនាស់នោះជាដាច់ខាត។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ទៀតថា គ្រប់ឯកសារលិខិតទិញលក់ដីទំនាស់ទាំងឡាយណាដែលបានធ្វើឡើងក្រោយពេលប្រកាសជូនដំណឹងនេះ នឹងមិនត្រូវបានយកមកពិនិត្យដោះស្រាយឡើយ។ ដោយឡែកតំបន់អភិវឌ្ឍន៍ក្រុងរណបនៅត្រើយខាងកើតទន្លេសាប រួមមានសង្កាត់ជ្រោយចង្វា សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក នៃខណ្ឌឫស្សីកែវ ដែលកំពុងមានជម្លោះរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នោះទេ។
កាលពីថ្ងៃទី១៣ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានបើកនីតិវិធីត្រៀមមួយទាក់ទងសំណុំរឿងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៣ ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី តាមបណ្ដឹងរបស់ប្រជាពលរដ្ឋ សុំឲ្យតុលាការចេញដីការក្សាការពារ មានន័យថា ហាមឃាត់មិនឲ្យក្រុមហ៊ុនបូមខ្សាច់ដាក់លើដីនៅតំបន់នោះបណ្ដោះអាសន្ន មុននឹងចេញសេចក្តីសម្រេចនានា ឬមុននឹងបើកសវនាការកាត់ក្តីរឿងនេះ។ ប៉ុន្តែ តុលាការមិនទាន់ចេញសេចក្តីសម្រេចឲ្យភាគីទាំងពីរអនុវត្តយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
