ជាថ្មីម្ដងទៀត មន្ត្រីអាជ្ញាធររាជធានីភ្នំពេញ បានចុះវាស់វែងដីអ្នកភូមិបឹងកក់ ចំនួនជាង ៣០គ្រួសារ នៅថ្ងៃទី៦ វិច្ឆិកា ដើម្បីបន្តគម្រោងផ្ដល់កម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ជូនអ្នកភូមិបឹងកក់ ដែលនៅសេសសល់សរុប ៧៦គ្រួសារ ដែលអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសម្រេចកន្លងទៅ។
ការចុះវាស់វែងដីលើកនេះ ត្រូវបានអ្នកភូមិបឹងកក់ ជាច្រើនសាទរ ក៏ប៉ុន្តែមានអ្នកភូមិខ្លះនៅមិនទាន់ទុកចិត្តអាជ្ញាធរនៅឡើយ៖ «សំឡេងអ្នកភូមិ»។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានសម្រេចឲ្យក្រុមមន្ត្រីចុះវាស់វែងដីក្នុងទីតាំងបឹងកក់ ទំហំ ១២,៤៤ហិកតារ ជូនអ្នកភូមិគ្រប់គ្នាចំនួន ៧៦គ្រួសារ រួមទាំងផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ជូនពួកគាត់គ្រប់ៗគ្នាទៀតផង។ ក៏ប៉ុន្តែ ជំហានដំបូង ក្រុមមន្ត្រីត្រូវវាស់ដីជូនជាង ៣០គ្រួសារសិន។ ហើយនៅថ្ងៃទី២៣ តុលា ក្រុមមន្ត្រីក៏បានចុះទៅវាស់វែងដីជូនអ្នកបឹងកក់ ដូចសន្យាមែន។ តែសកម្មភាពនេះ ត្រូវបានផ្អាកវិញបន្ទាប់ពីបានអនុវត្តបានតែមួយថ្ងៃ ដែលធ្វើឲ្យអ្នកភូមិខ្លះមិនទុកចិត្ត ហើយគិតថា អាជ្ញាធរអាចមានល្បិចកលអ្វីម្យ៉ាង។ រហូតដល់ថ្ងៃទី៦ វិច្ឆិកា ទើបលេចមុខក្រុមមន្ត្រីចុះវាស់ដីបន្តទៀត។
ចំពោះការព្រួយបារម្ភនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងការអាក់ខានកន្លងមក ដោយសារតែបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម។ លោកបន្តថា អ្នកភូមិបឹងកក់ មិនគួរព្រួយទៀតទេ ព្រោះថា សាលារាជធានីនៅតែគោរពពាក្យសន្យាដែលបានប្រកាស កាលពីថ្ងៃទី២២ តុលា ចំពោះមុខអ្នកភូមិបឹងកក់ ជាង ៣០គ្រួសារ នោះដដែល៖ «អត់មានអីបែងចែករើសអើងអីទេ។ សំខាន់ គឺគោលការណ៍សាលារាជធានីភ្នំពេញ គោលការណ៍រាជរដ្ឋាភិបាល គឺយើងជាអាជ្ញាធរដែនដី យើងធ្វើរៀបចំនីតិវិធីបែបបទជូនបងប្អូនទាំងអស់ ដែលស្នាក់នៅហ្នឹង ដែលយើងបានប្រកាសជូនពួកគាត់ហើយដែលមានឈ្មោះនៅក្នុងសលាកបត្រត្រឹមត្រូវ ដែលនឹងត្រូវទទួលបានកម្មសិទ្ធិហ្នឹង គឺយើងធ្វើដោយមិនមានការរើសអើងនិន្នាការអ្វីទាំងអស់ គឺថាយើងបម្រើជូនបងប្អូនទាំងអស់»។
កាលពីឆ្នាំ១៩៩៧ រដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ស៊ូកាគូ វិនិយោគបឹងកក់ ចំនួន ៧៩លានដុល្លារ រយៈពេល ៩៩ឆ្នាំលើដី ១៣៣ហិកតារ ដែលកាលនោះមានប្រជាពលរដ្ឋជាង ៤.២០០គ្រួសារ រស់នៅលើបឹងនេះ។ មន្ត្រីអង្គការសិទ្ធិមនុស្សនានា ថ្លែងថា ប្រជាពលរដ្ឋបឹងកក់ ភាគច្រើនត្រូវបានអាជ្ញាធរបង្ខំឲ្យចេញពីផ្ទះ ដោយទទួលសំណងមិនសមរម្យ ហើយនៅសល់ជាង ៧០គ្រួសារ បានតស៊ូក្រាញននៀលមិនព្រមចាកចេញមកទល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
