អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្ដេជ្ញា​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​១១​សហគមន៍

0:00 / 0:00

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដែល​ប្រជាពលរដ្ឋ ១១​សហគមន៍។ ក្នុង​ចំណោម​នេះ អាជ្ញាធរ​បាន​ដោះស្រាយ​ទំនាស់​នេះ​ជូន​ពលរដ្ឋ​បាន ៣​សហគមន៍​ទៅ​តាម​ញត្តិ​ស្នើ​ជួយ​អន្តរាគមន៍។

ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ចំណាត់ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ហាក់​មាន​ការ​យឺតយ៉ាវ និង​មិន​ទាន់​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​បាន​ច្រើន​នៅ​ឡើយ​ទេ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ មាន​ប្រសាសន៍​ថា នឹង​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង ១១​សហគមន៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​អាច​ធ្វើ​ទៅ​បាន។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១១​សហគមន៍​នា​ខេត្ត​ព្រះសីហនុ គឺ​អាជ្ញាធរ​បាន​ដោះស្រាយ និង​រក​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ផ្ដល់​ជូន ឬ​ក៏​បែង​ចែក​ជូន​ពលរដ្ឋ​បាន​ចំនួន ៣​សហគមន៍​រួច​ហើយ។

ទោះ​យ៉ាង​នេះ​ក្តី លោក ស្រ៊ុន ស្រ៊ន់ ថ្លែង​ថា ទំនាស់​នានា​ដែល​នៅ​ក្នុង​ដៃ​តុលាការ គឺ​អាជ្ញាធរ​ខេត្ត​មិន​អាច​លូកដៃ​ចូល​បាន​ទេ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​ដាក់​ពាក្យ​បណ្ដឹង​បន្ត​ទៅ​កាន់​តុលាការ ដើម្បី​រក​ដំណោះ​ដោះស្រាយ៖ «ដំបូង​ឡើយ​គោលការណ៍​របស់​សាលា​ខេត្ត​ផ្ដល់​ជូន​បង​ប្អូន ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ ហើយ​បង​ប្អូន​មិន​ព្រម​យក ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ សុំ​ទារ​យក ៣០ គុណ ៤០​ម៉ែត្រ។ ឥឡូវ​នេះ​ដល់​ពេល​សាលា​ខេត្ត​ឯកភាព​ផ្ដល់​ជូន​ដី ៣០​ម៉ែត្រ គុណ ៤០​ម៉ែត្រ ប៉ុន្តែ​បង​ប្អូន​ទាមទារ​យក​ដី​កន្លះ​ហិកតារ។ ដល់​ទាមទារ​យក​កន្លះ​ហិកតារ មិន​ទាន់​ថា ផ្ដល់​ជូន​ស្រួល​បួល​ផង ទាមទារ​យក ១​ហិកតារ​ទៀត។ ខ្លះ​សុំ​កន្លះ​ហិកតារ ខ្លះ​សុំ ១​ហិកតារ។ អ៊ីចឹង​បាន​ថា ពិបាក​អ៊ីចឹង។ ខ្ញុំ​មិន​ដឹង​ថា តើ​ត្រូវ​ដោះស្រាយ រត់​រក​គោលការណ៍​ដោះស្រាយ​ណា​ទេ។ ចង់​បញ្ជាក់​ថា ការ​ដោះស្រាយ​ទៅ​តាម​ធនធាន​ដែល​យើង​មាន»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១១​សហគមន៍ មាន​គ្នា​ជិត ២០​នាក់ ជួបជុំ​គ្នា​នៅ​សាលា​ខេត្ត​ព្រះសីហនុ ដើម្បី​សួរ​នាំ​អំពី​ការ​ដាក់​ញត្តិ​ស្នើ​កិច្ច​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់។

នៅ​ក្នុង​ជំនួប​នោះ តំណាង​សហគមន៍​នីមួយៗ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​សហគមន៍​ខ្លះ​មាន​ទំនាស់​ដីធ្លី​នេះ​អូស​បន្លាយ​ចន្លោះ​ពី ៥​ឆ្នាំ រហូត​ដល់​ជិត ១០​ឆ្នាំ​មក​ហើយ។ ទំនាស់​នេះ ទុក​ឲ្យ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រំលោភ​យក​ដី​លំនៅឋាន ឬ​ដី​បង្កបង្កើនផល និង​ចាប់​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដាក់​គុក​ជា​បន្តបន្ទាប់។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១១​សហគមន៍ នា​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់ និង​កោត​សរសើរ​ចំពោះ​សកម្មភាព​ដោះស្រាយ​ទំនាស់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពេល​នេះ៖ «គាត់​សន្យា​ថា នឹង​ដោះស្រាយ​តាម​ដំណាក់កាល ហើយ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ទៅ​អង្កេត​ហើយ ចុះ​វាស់វែង​ដី​ឲ្យ​ពលរដ្ឋ​តែម្ដង។ ដោយសារ​តែ​សហគមន៍​ទាំង​ប៉ុន្មាន​ហ្នឹង​គាត់​រស់​នៅ​លើ​ដី​ហ្នឹង​ស្រាប់​ហើយ អ៊ីចឹង​បាន​ជា​គាត់​រក​ដំណោះស្រាយ​ជូន។ សហគមន៍​ទាំង​ប៉ុន្មាន​រស់​នៅ​លើ​ដី​ហ្នឹង​ស្រាប់ គឺ​គេ​ចុះ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ»

​ទាក់ទិន​បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​ពន្លឿន​សកម្មភាព​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់។ ជាង​នេះ លោក​ថា ដីធ្លី​ដែល​អាជ្ញាធរ​ត្រូវ​ផ្ដល់​ជូន​ពលរដ្ឋ​នោះ ត្រូវ​អភិវឌ្ឍន៍​ទីតាំង​ទាំង​នោះ​ឲ្យ​មាន​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ទឹក​ភ្លើង សាលារៀន និង​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បន្ត​ថា ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​មាន​ប្រសិទ្ធភាព​ទៅ​បាន​ដរាបណា​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ជាតិ មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​យក​យុត្តិធម៌​ជា​ធំ ទើប​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ទៅ​បាន៖ «បើសិនជា​អាជ្ញាធរ​ហ្នឹង​យក​ពលរដ្ឋ​ទៅ​បោះ​ចោល​ឲ្យ​ផុត​តែ​ពី​មុខ​ពី​មាត់​ហ្នឹង វា​ជា​ចំណុច​មួយ​ចុង​ក្រោយ នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​អស់​ហ្នឹង​ពិបាក​ដដែល។ ខ្ញុំ​ព្រួយ​បារម្ភ​អ៊ីចឹង»

​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១១​សហគមន៍ បាន​អះអាង​ថា បើសិនជា​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ មិន​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ​ទេ ក្រុម​ប្រជាពលរដ្ឋ​ទាំង ១១​សហគមន៍ មាន​គម្រោង​លើក​គ្នា​ទៅ​តវ៉ា​ដល់​មុខ​ស្ថាប័ន​កំពូលៗ នៃ​រាជ​រដ្ឋាភិបាល​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។