សហគមន៍​ការពារ​ព្រៃឈើ​នៅ​ព្រះវិហារ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី

0:00 / 0:00

ប្រជា​ការពារ​ព្រៃឈើ​ប្រមាណ​ជិត ៧០​នាក់ នៅ​ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី មួយ​ឈ្មោះ ហ្វីភី (Fephy) កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មេសា កន្លង​ទៅ។ ​ការ​រារាំង​នោះ បន្ទាប់ពី​ក្រុម​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​បរទេស​នេះ បាន​ឈូស​ឆាយ​ពង្រីក​ព្រំប្រទល់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​រំលោភ​ចូល​ទៅ​ក្នុង​ដែនដី​ព្រៃ​សហគមន៍។

សហគមន៍​ការពារ​ព្រៃឈើ ឈ្មោះ ព្រៃម្ល៉ូង នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ កំពុង​រាយ​បណ្ដាក់​សមាជិក​ឱ្យ​ឃ្លាំមើល​ជា​ប្រចាំ​ទៅ​លើ​សកម្មភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដោយ​មិន​ឱ្យ​ឈូស​ឆាយ​ចូល​ទៅ​ក្នុង​ដី​ព្រៃ​ការពារ​បាន​ទេ។

តំណាង​សហគមន៍​ព្រៃម្ល៉ូង គឺ​លោក សែម ឡំ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មេសា ថា លោក​និង​ប្រជាពលរដ្ឋ​ជា​ច្រើន កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃឈើ​ទំហំ​ជាង ២​ពាន់​ហិកតារ ដែល​ខិតខំ​ការពារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​លោក សែម ឡំ បាន​មានប្រសាសន៍​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មេសា កន្លង​ទៅ ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី បាន​យក​គ្រឿងចក្រ ១​គ្រឿង ទៅ​ឈូស​ឆាយ​កំណត់​ព្រំ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​បាន​រំលោភ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍៖ «ពី​ម្សិល​ឈូស​នោះ ប្រហែល​ចូល ៥០០​ហិកតារ​ហើយ បើ​គិត​ពី​ដី​ព្រៃ​នៅ​ចំណុច​ត្រពាំងតាគង់ ព្រៃម្ល៉ូង ស្រយង់​ខាងត្បូង។ ពួក​ខ្ញុំ​ដាក់​បណ្ដាញ​សមាជិក​សហគមន៍​ចែក​ជា​ក្រុម ១០​នាក់ ឃ្លាំមើល​ក្រុមហ៊ុន តើ​អាច​វាយ​ចូល​ព្រៃ​សហគមន៍​ទៀត​ឬ​ក៏​អត់?»

​តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក គេ​បាន​ទទួល​ការពារ​ព្រៃឈើ​ទំហំ​ជាង ២.៤០០​ហិកតារ ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ គឺ​គេ​បាន​ជួប​ជជែក​ជាមួយ​មនុស្ស​របស់​ក្រុមហ៊ុន ហ្វីភី ដោយ​បាន​ស្នើ​សុំ ​កុំ​ឱ្យ​ឈូស​ឆាយ​រំលោភ​ចូល​ទៅ​ក្នុង​ដី​ព្រៃ​ការពារ​​ត​ទៅ​ទៀត។

​ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​ការ​ទាក់ទង​ជាមួយ​តំណាង​ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នោះ​បាន​យ៉ាង​ណា​នៅ​ឡើយ។

​ឯកសារ​បាន​បង្ហាញ​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៨.២០០​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី នៅ​ឃុំ​ស្រយង់ ភូមិ​ត្បែង​១ និង​ភូមិ​ត្បែង២ ស្រុក​គូលែន។

​អភិបាល​រង​ស្រុក​គូលែន លោក ប៉ែន ជឹង បាន​មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​បាន​សុំ​ឱ្យ​រូប​លោក​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​អំពី​បញ្ហា​ដែល​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ចូល​តំបន់​ព្រៃ​សហគមន៍​នេះ ក៏ប៉ុន្តែ​លោក​ពិបាក​ដោះស្រាយ ដោយសារ​តែ​លោក​មិន​ដឹង​ច្បាស់លាស់​អំពី​ព្រំ​ប្រទល់​របស់​ព្រៃ​សហគមន៍ ពីព្រោះ​សហគមន៍​នោះ មិន​ទាន់​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​ឡើយ។

លោក ប៉ែន ជឹង៖ «ខ្ញុំ​ក៏​បាន​ប្រាប់​ពួកគាត់​ថា ឱ្យ​គាត់​រត់ ច្បាប់​សហគមន៍​នោះ​ឱ្យ​ត្រឹមត្រូវ សព្វគ្រប់​មក ស្រណុក​ដោះស្រាយ កុំ​ឱ្យ​វា​មាន​បញ្ហា ព្រោះ​សហគមន៍​នោះ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​ពី​ក្រសួង​អី​ផ្សេងៗ​ទេ។ អ៊ីចឹង​បាន​យើង​ពិបាក​ដោះស្រាយ ហើយ​ខាង​ក្រុមហ៊ុន​គេ​មាន​ផែនទី មិន​ដឹង​ត្រឹមណា អី​ត្រឹមណា​ផង អត់​ទាន​សិក្សា​ច្បាស់​ទេ»

​ទោះ​យ៉ាង​ណា មេ​ឃុំ​ស្រយង់ លោក ប៉ែន ឡាម បាន​អះអាង​ថា តំបន់​ព្រៃ​ជាង ២.៤០០​ហិកតារ​នោះ គឺ​អាជ្ញាធរ​ឃុំ​ស្រុក​បាន​យល់​ព្រម និង​ទទួល​ស្គាល់​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា តំបន់​ការពារ​ព្រៃឈើ​ព្រៃម្ល៉ូង នោះ មិន​មែន​ទើបតែ​មានការ​ប្រឈមមុខ​ជា​លើក​ដំបូង​ជាមួយ​ក្រុមហ៊ុន​ទេ គឺ​ចាប់​តាំងតែ​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ ប្រជា​សហគមន៍​បាន​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ សេលា ដាមិច និង​ក្រុមហ៊ុន​ហ្វីភី ម៉ាឡេស៊ី ចំនួន ២-៣​លើក​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។