ក្នុងពេលដែលអាជ្ញាធរនៅតាមមូលដ្ឋានជាច្រើនកំពុងគិតទៅលើតែយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ហាក់ដូចជាទុកឱ្យកាសឱ្យក្រុមហ៊ុនខ្លះ កាន់តែរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋដែរ។
អ្នកភូមិឱ្យដឹងថា នៅឯតំបន់ភ្នំដែក នៃស្រុករវៀង ខេត្តព្រះវិហារ មានក្រុមហ៊ុនមួយឈ្មោះ ឌែលខម កម្ពុជា ១ (Delcom Cambodia1) បានរំលោភលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ដើម្បីពង្រីកផ្ទៃដីរុករករ៉ែមាស។
ជនជាតិដើមភាគតិចកួយខ្លះ រស់នៅភូមិត្រពាំងកន្ទឹម បានចោទប្រកាន់ថា ក្រុមហ៊ុនចិន មួយឈ្មោះ ឌែលខម កម្ពុជា ១ ថា កំពុងរៀបចំផែនការរំលោភយកដីស្រែចម្ការរបស់ពួកគេ ក្នុងរយៈពេល ២-៣ថ្ងៃមកនេះ ដើម្បីឈូសឆាយពង្រីកផ្ទៃដីសម្បទានរុករករ៉ែមាស។
ជនជាតិដើមភាគតិចម្នាក់ ក្នុងចំណោមជាច្រើនទៀត ដែលមានដីចម្ការនៅជិតតំបន់ភ្នំអន្លង់ ដែលជាតំបន់រុករករ៉ែមាសនោះ គឺអ្នកស្រី យឹម ផាត។ អ្នកស្រីមានប្រសាសន៍ទាំងចិត្តអន្ទះសានៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ថា កាលពីម៉ោងជាង ៨ព្រឹកថ្ងៃដដែល គឺក្រុមហ៊ុនបាននាំទាហានប្រដាប់អាវុធមកជាមួយផង ប៉ុនប៉ងឈូសឆាយយកដីចម្ការរបស់គាត់ជាថ្មីទៀត។
ស្ត្រីដដែលបញ្ជាក់ថា ក្រុមហ៊ុននេះធ្លាប់ឈូសរំលោភយកដីចម្ការរបស់គាត់ដែលមានដំណាំពេញអស់ជាច្រើនហិកតារ ហើយដោយគាត់ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរតាំងពីថ្នាក់ឃុំ ស្រុករវៀង រហូតដល់ខេត្តព្រះវិហារ ផង ក៏ប៉ុន្តែរយៈពេលជាង ៥ខែមកហើយ មិនឃើញមានដំណោះស្រាយទេ៖ «ក្រុមហ៊ុន ឌែលខម កម្ពុជា ព្រឹកមិញនេះ មកពី ២-៣ដង មកបម្រុងយកគ្រឿងចក្រមកឈូសដីទៀត។ ខ្ញុំថា បើគេយកក៏យកចុះចេញ សងតែថ្លៃដំណាំ ប៉ុន្តែគេមិនឱ្យអ្វីទាំងអស់»។
ប្រជាពលរដ្ឋខ្លះ រិះគន់អាជ្ញាធរឃុំរម្យទមថា មិនដែលយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ដែលក្រុមហ៊ុនរ៉ែមាសរំលោភដីធ្លីរបស់អ្នកភូមិនោះឡើយ។
មេឃុំរម្យទម លោក ប្រាក់ ផន បានបដិសេធមិនធ្វើការពន្យល់ជុំវិញរឿងដែលអ្នកភូមិចោទប្រកាន់នេះទេ ដោយលោកឆ្លើយយ៉ាងខ្លីថា កំពុងជាប់រវល់ប្រជុំ។
ចំណែកមន្ត្រីក្រុមប្រឹក្សាឃុំរម្យទម ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនរំលោភយកដីចម្ការ គឺធ្លាប់ស្នើសុំទៅអាជ្ញាធរឃុំរម្យទម ឱ្យជួយទារសំណងពីការប៉ះពាល់ផលដំណាំក្នុង ១ហិកតារ ១.០០០ដុល្លារ ប៉ុន្តែឃុំមិនដែលយកចិត្តទុកដាក់ដោះស្រាយទេ។ មន្ត្រីដដែលបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងការប៉ះពាល់ដោយសារក្រុមហ៊ុនរំលោភយកដីទៅធ្វើជាតំបន់រុករករ៉ែមាសនោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ព្រួយបារម្ភចំពោះបញ្ហាដែលក្រុមហ៊ុនរ៉ែមាសនោះរំលោភយកដីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។ លោក ឡោ ចាន់ ស្នើសុំឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ តើក្រុមហ៊ុនយកកម្លាំងទាហានពីណាទៅកាងនៅក្នុងតំបន់រុករករ៉ែមាសនោះ៖ «គឺថាយកកម្លាំងទាហាន មានស្ពាយកាំភ្លើងយកមកកាង គឺទាហានមានតួនាទីការពារសន្តិសុខ ការពារប្រទេសជាតិ មិនមែនក្រុមហ៊ុនយកមកគំរាមប្រជាពលរដ្ឋឡើយ»។
គេហទំព័រ អូផិន ឌីវែលឡបមែន (Open Development) ឱ្យដឹងថា ក្រុមហ៊ុន ឌែលខម កម្ពុជា ១ បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលតាមប្រកាសលេខ ១៤១ ឆ្នាំ១៩៩៨ ដោយអនុញ្ញាតឱ្យរុករករ៉ែដែក និងរ៉ែជាច្រើនប្រភេទទៀត នៅតំបន់ភ្នំដែក នៃស្រុករវៀង ខេត្តព្រះវិហារ លើផ្ទៃដីទំហំ ២១៦គីឡូម៉ែត្រក្រឡា និងនៅតំបន់ក្រវា ខេត្តកំពង់ធំ លើផ្ទៃដីទំហំ ១៩៨គីឡូម៉ែត្រក្រឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
