ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ព្រះវិហារ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន

0:00 / 0:00

ទំនាស់​ដី​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​កើន​កម្ដៅ​ជា​បន្តបន្ទាប់ ដោយ​អ្នកស្រុក​ចាប់​ផ្ដើម​លើក​គ្នា​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដីស្រែ​និង​ចំការ។ អ្នក​ស្រុក​បាន​សម្រេច​ចិត្ត​នាំ​គ្នា​បោះជំរំ​ដើម្បី​ឃ្លាំមើល​សកម្មភាព​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ នៅ​ភូមិ​ស្រយង់ ឃុំ​ស្រយង់ កំពុង​ប្រមូល​ផ្ដុំ​គ្នា ២​ថ្ងៃ​មក​ហើយ​ចាប់​ពី​ថ្ងៃ​អាទិត្យ ដើម្បី​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ សេលា ដាម៉ិច មិន​ឱ្យ​បន្ត​ឈូស​ឆាយ​ដី​ព្រៃ និង​រំលោភ​ចូល​ដីស្រែ​ចំការ​របស់​ពួកគេ​ទេ។

ក្រុម​អ្នក​ភូមិ​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​ចាក​ចេញ​ពី​ផ្ទះ ហើយ​ទៅ​បោះ​ជំរំ នៅ​តំបន់​ភូមិ​ផុងចាស់ ដែល​ជាប់​ព្រំ​ប្រទល់​គ្នា និង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដើម្បី​រារាំង​និង​បណ្ដេញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចំនួន ៣​គ្រឿង ឱ្យ​ចាកចេញ​ទៅ​វិញ។

ក្រុម​អ្នកភូមិ ស្រី ប្រុស ជា​ច្រើន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​សីហា ថា ក្រុមហ៊ុន សេលា ដាម៉ិច កំពុង​រំលោភ​បំពាន​លើ​ដី​ស្រែ​របស់​ពួកគេ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​រួច​ហើយ ព្រម​ទាំង​រំលោភ​ទៅ​លើ​ដី​ព្រៃ​របស់​សហគមន៍​ផង៖ «នេះ​កំពុង​បាតុកម្ម​នៅ សេលា ដាម៉ិច មាន​អាប៊ុល ៣​គ្រឿង។ ក្បាល​ស្រែ​បន្តិចបន្តួច... ដី​ស្រែ មាន​ស្រូវ​អី គឺ​បរ​ជាន់​ពេញ​តែ​នេះ​ឯង។ អត់​មាន​ដក​ថយ​ទេ នេះ​កំពុង​តែ​សម្រុក​យក​កម្លាំង​មក​ប្រហែល​ជា​ដេញ​ឱ្យ​ឈប់​ឈូស​ឆាយ ឱ្យ​វា​ទៅ​វិញ។ ខ្ញុំ​តវ៉ា​ខ្ញុំ​ចង់​សួរ​ថា ដី​នេះ​ដី​ប្រជាពលរដ្ឋ​ចេញ​ប្លង់​អស់​ហើយ ម៉េច​ក៏​មក​ឈូស​ឆាយ? ភ័យ​ខ្លាច​រឿង​អស់​ដីស្រែ ដី​សហគមន៍»

ក្រុម​អ្នក​ភូមិ​បន្ទោស អាជ្ញាធរ​ភូមិ ឃុំ​និង​ស្រុក​គូលែន ថា កំពុង​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​ឈូស​រំលោភ​ដីស្រែ និង​ចំការ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​គេ​បាន​ប្រាប់​ទៅ​អាជ្ញាធរ ២-​៣​ថ្ងៃ​ទៅ​ហើយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ណា​ទៅ​ពិនិត្យ​និង​ដោះស្រាយ​នៅ​ឡើយ។

ទោះ​យ៉ាង​ណា អាជ្ញាធរ​ឃុំ​ស្រយង់ បាន​ឆ្លើយ​តប​ថា គេ​ពុំ​បាន​ព្រងើយកន្តើយ​ដូច​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​នោះ​ទេ។

មេ​ឃុំ​ស្រយង់ លោក ប៉ែន ឡាម មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ជុំវិញ​រឿង​ក្រុមហ៊ុន​ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ ដីស្រែ​របស់​ប្រជាពលរដ្ឋ​នោះ។ លោក​មេ​ឃុំ​ទទួល​ស្គាល់​ថា ដី​តំបន់​នោះ​គឺ​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ហេតុ​អ្វី​ក៏​ក្រុមហ៊ុន​ហ៊ាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​រំលោភ​ទៀត?

លោក ប៉ែន ឡាម៖ «ខ្ញុំ​នៅ​ឯ​ខេត្ត​ឯ​ណេះ តែ​ឱ្យ​ក្រុម​ការងារ​ចុះ​ទៅ​មើល​ហើយ។ យ៉ាង​ម៉េច​បាន​ជា​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ដី​ដែល​បង​ប្អូន​កំពុង​ធ្វើ​ស្រែ​ចម្ការ​អ៊ីចឹង?»

ជា​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩​ពាន់​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន សេលា ដាម៉ិច ក្នុង​ភូមិ​សាស្ត្រ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទទួល​បណ្ដឹង​ពី​តំណាង​អ្នក​ភូមិ​ជុំវិញ​រឿង​នោះ ហើយ​ឯកសារ​បង្ហាញ​ថា ដី​នៅ​តំបន់​ដែល​ក្រុមហ៊ុន សេលា ដាម៉ិច ឈូស​ឆាយ គឺ​ប្រជាពលរដ្ឋ​មាន​ប្លង់​រឹង បន្ទាប់ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​ចុះ​វាស់វែង​រួច​រាល់​មក។

លោក ឡោ ចាន់ សំដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាមកំហែង និង​អំពើ​ហិង្សា​ដែល​កើត​មាន​ជា​ញឹកញាប់ ដោយសារ​ជម្លោះ​ដីធ្លី​នៅ​ស្រុក​គូលែន។

កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​កក្កដា កន្លង​ទៅ យុវជន​ម្នាក់ ឈ្មោះ ទ្រី ចំរើន អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ស្នាផ្អែក ឃុំ​ស្រយង់ ត្រូវ​ទាហាន​ប្រដាប់​អាវុធ​នៃ​កងពលតូច​លេខ​៤១ បាញ់​ស្លាប់ នៅ​ពេល​ដែល​មាន​ជម្លោះ​ដី​ចំការ​ទំហំ ២​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។