តំណាងពលរដ្ឋអះអាងថា មន្ត្រីក្រសួងរៀបចំដែនដី សន្យានឹងចុះទៅដល់កន្លែងដីមានជម្លោះក្នុងខេត្តព្រះវិហារ ដើម្បីផ្ទៀងផ្ទាត់ដែលឈានទៅរកការដោះស្រាយបញ្ចប់វិបត្តិ។ ការអះអាងដូចនេះ ក្រោយពេលដែលក្រុមពលរដ្ឋមកពីខេត្តព្រះវិហារ នាំគ្នាទៅស្រែកទាមទារនៅមុខក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី សុំអន្តរាគមន៍ពីរដ្ឋមន្ត្រីនៃក្រសួងទាំងពីរនេះ។
«សំឡេងស្រែកទាមទារ»
សម្រែកទាមទារដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនមកកាន់កាប់ឡើងវិញ ព្រោះក្រុមពលរដ្ឋចោទប្រកាន់ថា ក្រុមអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តនេះ បានដុតផ្ទះ បណ្ដេញចេញពីដី ចាប់ផ្សឹកព្រះសង្ឃបណ្ដេញពីវត្ត ដោយចោទថាជាអ្នករាយការណ៍ឲ្យទាហានថៃ ធ្វើទុក្ខបុកម្នេញរដ្ឋខ្មែរផ្សេងទៀត។
លោកស្រី ទូច លាងហៃ ជាពលរដ្ឋមានបញ្ហាដីធ្លីម្នាក់ ដៃម្ខាងពកូនខ្ចី ដៃម្ខាងទៀតកាន់រូបថតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លោកស្រីប្រាប់ថា លោកស្រីទាមទារតវ៉ាជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែមិនអាចទៅរស់នៅលើដីរបស់ខ្លួន៖ « ចា៎ ! ពិបាកខ្លាំងណាស់ ព្រោះពេលនេះត្រូវមកភ្នំពេញតវ៉ា។ យើងអត់មានលុយកាក់សព្វគ្រប់ មកតែពីរម៉ឺនអី ក៏មកដែរ ដើម្បីសម្ដេច ហើយជួយបានដោះស្រាយបានដីខ្ញុំមកវិញ ព្រោះវេទនាពេក រាល់ថ្ងៃនេះ សុំដីគេនៅទេ »។
ក្រុមពលរដ្ឋប្រមាណ ១០០គ្រួសារមកពីខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ បាននាំគ្នាមកប្រមូលផ្តុំនៅមុខក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី ដើម្បីសុំការអន្តរាគមន៍។
ក្នុងញត្តិរបស់ក្រុមពលរដ្ឋរៀបរាប់ថា ពួកគេមានគ្នាទាំងអស់ចំនួន ២៥៣នាក់ រស់នៅភូមិស្វាយជ្រុំ ឬភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវក្រុមកងប្រដាប់អាវុធជាង ៤០០នាក់ មករុះរើវត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង បណ្ដេញពលរដ្ឋឲ្យចេញពីភូមិ និងចាប់អាចារ្យដាក់គុក និងចាប់ផ្សឹកព្រះសង្ឃ ដោយចោទប្រកាន់ពួកគេថាបានរាយការណ៍ឲ្យភាគីប្រទេសថៃ ធ្វើបាបពលរដ្ឋខ្មែរផ្សេងទៀតកាលពីដើមឆ្នាំ២០១២ ខណៈប្រទេសទាំងពីរមានបញ្ហាព្រំដែនជាមួយកម្ពុជា។

ក្នុងពេលក្រុមពលរដ្ឋតវ៉ានៅក្រសួងមហាផ្ទៃ មិនទទួលលទ្ធផល ព្រោះគ្មានឯកសារគ្រប់គ្រាន់ ពួកគេបានទៅរៀបចំឯកសារ ប្ដូរការទាមទារនៅក្រសួងរៀបចំដែនដី វិញម្ដង។ ជាលទ្ធផល តំណាងក្រុមពលរដ្ឋ ៥រូប ត្រូវបានអនុញ្ញាតឲ្យយកញត្តិចូលទៅជួបតំណាងក្រសួង។
តំណាងពលរដ្ឋ លោក ផាន ធឿន ឲ្យអាស៊ីសេរីដឹងថា ប្រធានអគ្គនាយកដ្ឋានទទួលពាក្យបណ្ដឹងនៃក្រសួងរៀបចំដែនដី លោក អេ ប៊ុនធឿន ផ្តល់ការសន្យាពីរចំណុចដល់ក្រុមពលរដ្ឋ គឺក្រសួងនឹងចុះសិក្សានៅកន្លែងកើតហេតុ និងស្នើឲ្យពលរដ្ឋបង្ហាញលិខិតពាក់ព័ន្ធដែលខ្លួនមានមកក្រសួង ដើម្បីផ្ទៀងផ្ទាត់ជាមួយឯកសាររបស់អាជ្ញាធរខេត្តព្រះវិហារ៖ « ការទទួលបានចម្លើយពីអគ្គនាយកដ្ឋានទទួលពាក្យបណ្ដឹងនេះ គឺប្រជាពលរដ្ឋមានកម្លាំងចិត្ត គឺពួកគាត់អត់ត្រឡប់ទៅវិញទេ។ ពួកគាត់ នៅបន្ត ទាមទារ តទៅទៀតរហូតដល់ បាន កុំដប់ម្ភៃ ឆ្នាំ »។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការប្រកាសបែបនេះរបស់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាសញ្ញាល្អក្នុងការបញ្ចប់វិបត្តិដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងតំបន់នេះ។ លោកយល់ថា ប្រសិនការអះអាងបែបនេះគ្មានឆន្ទៈ ក៏មិនអាចដោះស្រាយបានដែរ។
ទោះយ៉ាងណាក្តី មន្ត្រីក្រសួងរៀបចំដែនដី ដែលចេញមកសម្របសម្រួលជាមួយក្រុមពលរដ្ឋ បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ ទោះជាមានការសន្យាពីភាគីក្រសួងបែបនេះក្តី ក្រុមពលរដ្ឋមិនទាន់ជឿជាក់ទាំងស្រុងនោះទេ ពួកគេថានៅតែបន្តដាក់ញត្តិ ឬពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងទៀត ប្រសិនបើក្រសួងរៀបចំដែនដី ទុកសំណុំរឿងនេះមិនដោះស្រាយដូចការសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។