សហគមន៍ពលរដ្ឋដែលរងការប៉ះពាល់ដីធ្លី ដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈូសឆាយនៅស្រុកឆែប និងស្រុកជ័យសែន បានចោទប្រកាន់ក្រុមហ៊ុនចិន ថា បានដឹកជញ្ជូនមនុស្សជាច្រើននាក់ ប្រដាប់ដោយដំបង ទៅដេញវាយនិងសម្លុតពួកគេមិនឱ្យទៅបោះជំរំក្នុងព្រៃដើម្បីដេកចាំការពារដីទេ។
ក្រៅពីអំពើសម្លុតគំរាមនោះ មនុស្សរបស់ក្រុមហ៊ុនចិន ក៏បានទៅលើកគោយន្តរបស់ប្រជាពលរដ្ឋទម្លាក់ចោលទៅក្នុងស្រះទឹក និងអូរថែមទៀតផង។
ប្រជាពលរដ្ឋចំនួនជាង ១០០នាក់ ដែលជាសហគមន៍មានទំនាស់ដីធ្លី មកពីឃុំម្លូព្រៃ២ ឃុំសង្កែ នៃស្រុកឆែប និងខ្លះទៀតមកពីស្រុកជ័យសែន ផង បានសម្រេចចិត្តធ្វើពាក្យបណ្ដឹងដាក់ជូនអាជ្ញាធរប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ ហេង ណុង (Heng Nung) ហេង រួយ (Heng Ruoy) ពីបទថា បានប្រើអំពើហិង្សាទៅលើអ្នកតវ៉ាដីធ្លី។
អ្នកសម្របសម្រួលសហគមន៍ទំនាស់ដីធ្លីនៅស្រុកឆែប គឺអ្នកស្រី ហួត ម៉ាលី។ អ្នកស្រីអះអាងនៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ថា កាលពីថ្ងៃទី៥ និងទី៦ ខែមករា មេការរបស់ក្រុមហ៊ុនដីសម្បទានរបស់ចិន បានដឹកកម្មករចិន ជាច្រើន ប្រដាប់ដោយដំបង ទៅដេញវាយសហគមន៍ប្រជាពលរដ្ឋដែលទៅបោះជំរំ ដេកចាំការពារដីមិនឱ្យចិន ឈូសឆាយនោះ។ សកម្មភាពថ្ងៃនោះ បើកុំតែមានអាជ្ញាធរស្រុកឆែប មានវត្តមាននៅទីនោះ កុំអីនឹងមានអ្នកភូមិជាច្រើនត្រូវរងរបួស។
អ្នកស្រី ហួត ម៉ាលី បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ក្រុមប្រជាពលរដ្ឋបានធ្វើពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនចិននោះ ព្រមទាំងដាក់ចូលទៅអាជ្ញាធរស្រុកឆែប រួចហើយ៖ «ខាងខ្ញុំទាំងអស់គ្នាថា ចង់ពិន័យជាទឹកប្រាក់ផង និងឱ្យផ្ដន្ទាទោសចំពោះជនជាតិចិន ដែលបានប្រើហិង្សាមកលើអ្នកតវ៉ាដីធ្លីនោះផង»។
ទោះជាយ៉ាងណាសហគមន៍ទំនាស់ដីធ្លី មិនបានបញ្ជាក់ឱ្យច្បាស់លាស់ពីចំនួនទឹកប្រាក់ដែលពួកគេប្ដឹងទាមទារពីក្រុមហ៊ុនចិន នោះប៉ុន្មានទេ ដោយគេបញ្ជាក់ថា វាអាស្រ័យទៅលើការសម្រេចរបស់អាជ្ញាធរ ឬក៏តុលាការ។
អភិបាលរងស្រុកឆែប លោក សុខ មុនីរិទ្ធី មានប្រសាសន៍ថា លោកនៅមិនទាន់បានដឹងពីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅឡើយទេ ពីព្រោះតែរូបលោកមិនទាន់បានចូលសាលាស្រុកនៅឡើយ រវល់តែដើរបង្ក្រាបបទល្មើសព្រៃឈើ៖ «ចាំមើលខ្ញុំសួរទៅខាងរដ្ឋបាលសាលាស្រុក ដឹងថាយ៉ាងម៉េច គឺខ្ញុំនឹងជម្រាបជូនទៅលោកវិញ»។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បានហៅអំពើរបស់ក្រុមហ៊ុនចិន ដែលដឹកជញ្ជូនមនុស្សប្រដាប់ដោយដំបងទៅដេញវាយអ្នកតវ៉ាដីធ្លីនោះថា គឺជារូបភាពបង្កអំពើហិង្សាដែលសង្គមស៊ីវិលមិនអាចទទួលយកបានឡើយ។
អង្គការពន្លកខ្មែរ អំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ត្រូវតែរកដំណោះស្រាយជុំវិញរឿងប្រើអំពើហិង្សាពីក្រុមហ៊ុនបរទេសនេះ ព្រមទាំងរឿងរំលោភដីធ្លីផង កុំឱ្យប្រជាពលរដ្ឋខ្មែរនៅតែរងគ្រោះ និងទទួលបាននូវភាពអយុត្តិធម៌ម្ដងហើយម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។