អ្នក​ភូមិ​នៅ​ព្រះវិហារ​ប្រឆាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​​​ការពារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច

ក្រុម​អ្នកភូមិ​តាបស ឃុំ​ស្ដៅ ស្រុក​សង្គមថ្មី ប្រមាណ ១០០​នាក់ បាន​លើក​គ្នា​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច ព្រមទាំង​កាត់​ផ្ដាច់​ស្ពាន​មួយ​កន្លែង​មិន​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ចេញ​រួច​ពី​តំបន់​ពួកគេ​រស់​នៅ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា។

ការ​តវ៉ា​ដ៏​តឹងតែង​កើត​មាន​ឡើង​​​នៅ​ពេល​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច ​បាន​ទៅ​ដោះលែង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន អាមផល ហ្វ័រឃឺស (Am Phal Focus) ដែល​អ្នក​ភូមិ​បាន​​ឃាត់​ទុក​ពី​បទ​ចោទ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​រំលោភ​លើ​ដីស្រែ និង​​​ចម្ការ​របស់​អ្នក​ភូមិ​ជា​ច្រើន​ហិកតារ​មក។

បុរស​អ្នក​ភូមិ​តាបស​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​ទៀត​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា ថា​អភិបាល​រង​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ស្រុក​សង្គមថ្មី បាន​ដឹកនាំ​កម្លាំង​ប៉េអឹម​មួយ​ចំនួន​ចូល​ទៅ​តំបន់​ពួកគេ​រស់​នៅ ប៉ុន្តែ​មិន​បាន​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ទេ បែរ​ជា​ដោះលែង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​ប្រជាពលរដ្ឋ​​ឃាត់​ទុក​នោះ​ទៅ​វិញ។

បុរស​ដដែល​បញ្ជាក់​ថា រូបលោក​និង​អ្នក​ភូមិ​មិន​គាំទ្រ​ទង្វើ​របស់​អាជ្ញាធរ​ដែល​ធ្វើ​បែប​នេះ​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​រំដោះ​គ្រឿងចក្រ​ត្រឡប់​ទៅ​វិញ​ដោយ​ងាយ​ស្រួល​ឡើយ៖ «ប្រជាពលរដ្ឋ​កាប់​ស្ពាន​ទម្លាក់​ទឹក​កុំ​ឱ្យ​ចេញ​រួច។ ក្រុមហ៊ុន​មក​អត់​មាន​ច្បាប់​មាន​ទម្លាប់ មក​ភ្ជួរ​ស្រែ​ចម្ការ​ដែល​ប្រជាជន​ធ្លាប់​អាស្រ័យ​ផល»

​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា កន្លង​ទៅ ក្រុម​អ្នកភូមិ​ជាង ២០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​កន្លែង​ក្រុមហ៊ុន ដោយ​បាន​ប្រើ​ហិង្សា ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ដូចជា​ម៉ាស៊ីន​ភ្លើង​ចំនួន ២​គ្រឿង និង​​តង់​​ស្នាក់នៅ​អស់​ជាង ១០​ខ្នង។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​ភូមិ​តាបស ឃុំ​ស្ដៅ ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​នេះ ខ្លាច​ក្រែង​កើ​ត​មាន​អំពើ​ហិង្សា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។