ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ខេត្ត​ព្រះវិហារ​បរាជ័យ​ក្នុង​ការ​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ

0:00 / 0:00

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជា​ច្រើន​អស់​រយៈពេល​ជិត ៣​ខែ​មក​ហើយ នៅ​តែ​គ្មាន​ចម្លើយ។ ពលរដ្ឋ​អះអាង​ថា ដោយ​មិន​អាច​រង់ចាំ​ត​ទៅ​ទៀត ពួកគាត់​បាន​លើក​គ្នា​បម្រុង​ទៅ​ជួប​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​និង​សភា​ឲ្យ​ជួយ​ដោះស្រាយ ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង។

សមត្ថកិច្ច​សង្កាត់​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃ​១៣ ខែ​វិច្ឆិកា រារាំង​ក្បួន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ដែល​ដើរ​ហែ​ចេញ​ពី​វត្ត​សាមគ្គីរង្សី បំណង​ទៅ​ស្នើ​សុំ​រដ្ឋ​សភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​នោះ។

​អ្នកភូមិ​ចម្រុះ​ជាង ១០០​នាក់ និង​កុមារ​ច្រើន​នាក់​ទៀត​ផង មក​ពី​ខេត្ត​ព្រះវិហារ រៀប​ក្បួន​បំណង​ដើរ​​​ទៅ​សុំ​អន្តរាគមន៍​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋ​សភា​ជាដើម ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​លើ​ញត្តិ​ដែល​​​គាត់​ដាក់​ទៅ​ស្ថាប័ន​ទាំង​នោះ​ប្រមាណ ៣​ខែ​កន្លង​មក​ហើយ ពាក់ព័ន្ធ​ដី​ព័ទ្ធ​ទុក​អភិវឌ្ឍន៍ ដូចជា​
​នៅ​ក្រុង​ព្រះវិហារ ការ​ពង្រីក​ព្រលាន​យន្តហោះ ប៉ះពាល់​មនុស្ស ៧៨​គ្រួសារ។ នៅ​ភូមិ​ធម្មជាតិ​តេជោ ៤០៤ ក្រសួង​វប្បធម៌ បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​ពលរដ្ឋ ៣៦​គ្រួសារ ព្រោះ​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​​​ព្រះវិហារ និង​រឿង​ដី​មួយ​កន្លែង​ទៀត​ទំហំ ៥៧០ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត អាជ្ញាធរ​
​បណ្ដេញ​មនុស្ស ២៥៣​គ្រួសារ ដើម្បី​ព័ទ្ធ​យក​ដី​ទុក​អភិវឌ្ឍន៍។

​លោក ប៊ុត ស៊ីសុភ័គ្រ មក​ពី​ភូមិ​សែត សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ អះអាង​ថា គម្រោង​ពង្រីក​ព្រលានយន្តហោះ​នៅ​ខេត្ត​ព្រះវិហារ ទំហំ ៣៥​ហិកតារ ប៉ះពាល់​អ្នក​រស់​នៅ​ក្នុង​សង្កាត់​ប៉ាលហាល ៧៨​គ្រួសារ។ ពួកគាត់​មក​តវ៉ា ព្រោះ​ការ​តាំង​លំនៅ​ជាង ៣០​ឆ្នាំ​ហើយ មិន​គួរ​មក​អភិវឌ្ឍ​ដក​យក​ដី​ពី​ពលរដ្ឋ​ដោយ​គ្មាន​សំណង​នោះ​ទេ៖ «ខាង​អាជ្ញាធរ និយាយ​ទៅ​គឺ​អត់​មាន​ជូន​ដំណឹង​អី​ទេ ដល់​ពេល​គឺ​គេ​យក​តែម្ដង»

​លោកស្រី ទូច សុដាច័ន្ទ អះអាង​ថា ដី​និង​ផ្ទះ​គាត់​ប៉ះ​ទាំង​ស្រុង មាន​ទំហំ​ក្បាល​ដី ៤៥​ម៉ែត្រ បណ្ដោយ ២០០​ម៉ែត្រ​ទៅ​ក្នុង​ការ​ពង្រីក​ព្រលាន​យន្តហោះ​នោះ។ លោកស្រី​ថា ការ​អភិវឌ្ឍ​ក្រោយ​ពលរដ្ឋ​តាំង​លំនៅ ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​លំនឹង​ក្នុង​ការ​រស់​នៅ​ឡើយ៖ «មូលហេតុ​ដែល​អាកាសចរណ៍​​ស៊ីវិល បាន​វាត​វាស់វែង​ដល់​ដី​ពួក​ខ្ញុំ​ដែល​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០១៤ ព្រោះ​ពួក​ខ្ញុំ​មាន​ប្លង់ ដល់​ភូមិ ដល់​ឃុំ​ត្រឹមត្រូវ»

​ស្ត្រី សាត ញេប មក​ពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ឲ្យ​ដឹង​ថា អ្នក​ភូមិ ២៥៣​គ្រួសារ ត្រូវ​អាជ្ញាធរ​បណ្ដេញ​ពី​ភូមិ ហើយ​ព័ទ្ធ​ដី​ទំហំ ៥៧០​ហិកតារ​ទុក។ បញ្ហា​នេះ​ពួកគាត់​ឡើង​មក​ភ្នំពេញ ជិត ៣​ខែ រង់ចាំ​ការ​ដោះស្រាយ​ពី​ស្ថាប័ន​ជាតិ ដែល​ពួកគាត់​បាន​ដាក់​ញត្តិ​កន្លង​ទៅ៖ «ដល់​ពេល​ក្រោយ​មក​ដឹក​ពួក​ខ្ញុំ​យក​មក​ចាក់​ចោល​នៅ​ភូមិ​ធម្មជាតិ នៅ​កន្លែង​ដី​ចំការ​មីន។ ដី​នោះ​អត់​មាន​ផ្លូវ អត់​មាន​ទឹក​អី​ល្អ​ត្រឹមត្រូវ​សម្រាប់​ប្រើប្រាស់ ដែល​យើង​មិន​អាច​រស់​នៅ​បាន ហើយ​ដី​នោះ​មាន​មីន​ទៀត»

​ចំណែក​ស្ត្រី ជឹម សុខហេង មក​ពី​ភូមិ​ធម្មជាតិ​តេជោ ៤០៤ ថ្លែង​ថា ផ្ទះ​គាត់​ត្រូវ​បាន​អាជ្ញាធរ​រុះ​បាត់​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ប៉ះពាល់។

​ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី នាម ថាច់ ហាសំអាង មាន​ថេរដីកា​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ព្រះវិហារ បាន​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ជិត ​៣​ខែ​ហើយ ដើម្បី​រង់ចាំ​ដំណឹង​នៃ​ការ​ដោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល ទើប​គាត់​សម្រេច​ដើរ​ហែ​ក្បួន​ទៅ​រដ្ឋ​សភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សុំ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​នោះ​ពន្លឿន​ការ​ដោះស្រាយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ទប់​ស្កាត់។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា រាល់​ការ​ធ្វើ​បាតុកម្ម ការ​ដើរ​ហែ​ក្បួន​ជាដើម ត្រូវ​សុំ​ច្បាប់។ ចំណែក​ពលរដ្ឋ​មកពី​ខេត្ត​ព្រះវិហារ ចង់​ហែ​ក្បួន​ដោយ​មិន​សុំ​ច្បាប់ ទើប​អាជ្ញាធរ​ទប់ស្កាត់​ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​ច្បាប់។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ចាប់​មនុស្ស​តវ៉ា​ដីធ្លី​ជា​ច្រើន​នៅ​ក្រោយ​បុណ្យ​អុំទូក ដូចជា​ការ​ហាម​ពលរដ្ឋ​ពី​ខេត្ត​ព្រះវិហារ មិន​ឲ្យ​ចេញ​ពី​វត្ត​សាមគ្គីរង្សី ហែ​ក្បួន​ទៅ​ជួប​តំណាងរាស្ត្រ និង​ថ្នាក់​ដឹកនាំ គឺ​មិន​អាច​ទប់​ជាប់​បាន​រហូត​ទេ។ លោក​ថា ពលរដ្ឋ​ឡើង​មក​តវ៉ា ព្រោះ​តែ​ការ​អភិវឌ្ឍ​មិន​មាន​ការ​ដោះស្រាយ។

​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ជាង​ ១០០​នាក់ អះអាង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​សភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ជួប​តំណាងរាស្ត្រ និង​នាយករដ្ឋមន្ត្រី សុំ​ឲ្យ​ដោះស្រាយ​ដីធ្លី​ដែល​ពួកគាត់​ទាមទារ​នៅ​ក្នុង​ញត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។