អាជ្ញាធរ​ចាប់​ផ្ដើម​ឈូស​​ផ្លូវ​ក្រាល​កៅស៊ូ​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ

0:00 / 0:00

ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បន្ត​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ថា​ទំនង​ជា​មិន​មាន​លទ្ធភាព​ថែរក្សា​ថ្នល់​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទីតាំង​នៅ​ប្រប​មាត់​សមុទ្រ​នៃ​ឆ្នេរ​អូរ​ឈើទាល​ឲ្យ​គង់វង្ស ដូច​ផ្លូវ​រទេះភ្លើង ឬ​ផ្លូវដែក​ទេ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ទស្សនៈ​ថា ស្នាព្រះហស្ត (ស្នាដៃ) កសាង​ដែល​ត្រូវ​ថ្នាក់ដឹកនាំ​ប្រទេស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់ដឹកនាំ​បន្ត​វេន​ក្រោយៗ​ជួយ​ថែរក្សា ឬ​អភិរក្ស​កែលំអ​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​បំផ្លាញ​ចោល​វត្ថុ​តាង​នោះ​ទេ។

ការ​រិះគន់​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​ដូច្នេះ កើត​ឡើង​នៅ​គ្រា​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ដើម្បី​ឈូស​បំផ្លាញ​ថ្នល់​ក្រាល​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ទីតាំង​នៅ​តាម​ប្រប​ឆ្នេរ​អូរឈើទាល ផ្លូវ​ទល់​មុខ​វិមាន​លំហែកាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​គេ​ជីក​កកាយ​យក​អាចម៍​ដី​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​អង្គា ទី​១០ ខែ​ឧសភា។

ក្រុម​ប្រជាពលរដ្ឋ​បង្ហាញ​ទស្សនៈ​ថា ស្នាព្រះហស្ត និង​សមិទ្ធផល​ផ្សេងៗ​របស់​អតីត​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស​គ្រប់​ជំនាន់ គួរ​ត្រូវ​ថ្នាក់​ដឹកនាំ​បន្ត​វេន​ជួយ​ថែរក្សា និង​អភិរក្ស​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ជាង​ឃុបឃិត​បំបាត់​ភស្តុតាង​ក្នុង​ន័យ​អភិវឌ្ឍន៍ ឬ​ដើម្បី​លាភសក្ការៈ​អ្វី​មួយ។

ទោះ​ជា​បែប​ណា​ក៏ដោយ​ចុះ ផ្លូវ​ក្រាល​កៅស៊ូ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ចុង​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អូរឈើទាលទី២ ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​អង្គា ទី​១០ ខែ​ឧសភា ដាក់​គ្រឿងចក្រ​ឈូស​កម្ទេច និង​ដឹក​យក​អាចម៍​ដី​ចេញ​ពី​ផ្លូវ​កៅស៊ូ ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ឲ្យ​បាត់​ទ្រង់ទ្រាយ​ដើម​ទាំង​ស្រុង។

អាជ្ញាធរ​ប្រើ​គ្រឿង​ចក្រ​ឈូស​ផ្លូវ​ក្រាល​កៅស៊ូ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ នៅ​ប្រប​ឆ្នេរ​អូរឈើទាល ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៦។
អាជ្ញាធរ​ប្រើ​គ្រឿង​ចក្រ​ឈូស​ផ្លូវ​ក្រាល​កៅស៊ូ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ នៅ​ប្រប​ឆ្នេរ​អូរឈើទាល ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៦។ (RFA/Den Ayuthyea)

អាជ្ញាធរ​ខេត្ត​នេះ​និយាយ​ខ្លី​ថា ការ​ដាក់​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្លូវ​នេះ គឺ​ដើម្បី​ដឹក​យក​អាចម៍​ដី​ទៅ​ស្ថាបនា​ផ្លូវ​ថ្មី​ផ្សេង​ទៀត​នៅ​ប្រប​មាត់​សមុទ្រ​នៃ​ឆ្នេរ​អូរ​ឈើទាល​នេះ​ដែរ ហើយ​ផ្លូវ​កៅស៊ូ​បន្សល់​ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម​នេះ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខា អូតែល ព្រោះ​ផ្លូវ​នេះ​ត្រូវ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​មុន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន​សុខា ជា​ស្ថាពរ​បាត់​ទៅ​ហើយ។

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ផ្ដល់​អនុសាសន៍​ថា គួរ​តែ​រដ្ឋាភិបាល​ជំនាន់​នីមួយៗ ជួយ​ថែរក្សា​ស្នាព្រះហស្ត​ផ្សេងៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដែល​បាន​ស្ថាបនា​ឡើង​ឲ្យ​បាន​គង់វង្ស ជា​ជាង​បំផ្លាញ​សមិទ្ធផល​ទាំង​នោះ​ចោល។

​លោក កែម ឡី បង្ហាញ​ការ​យល់​ឃើញ​ថា ស្នាដៃ និង​សមិទ្ធផល​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ ដែល​បាន​កសាង​ឡើង​ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ គួរ​ត្រូវ​អ្នក​ដឹកនាំ​បន្ត​វេន​ជួយ​ថែរក្សា ឬ​អភិរក្ស​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​ឃុបឃិត​បំផ្លាញ​ចោល​ភស្តុតាង​ក្នុង​ហេតុផល​ផ្សេងៗ​នោះ​ទេ៖ «យើង​មិន​មែន​ទៅ​អភិវឌ្ឍ​ប្រទេស ឬ​ឆ្នេរ​ដោយ​កម្ទេច​សមិទ្ធផល ឬ​ស្នាព្រះហស្ត​ដែល​មាន​ស្រាប់​នោះ​ទេ ដោយ​ការ​អភិវឌ្ឍ​នេះ យើង​ត្រូវ​អភិវឌ្ឍ ហើយ​អភិរក្ស​ប្រកប​ដោយ​និរន្តរភាព ដោយ​មិន​ឲ្យ​​ស្នាដៃ ឬ​ស្នាព្រះហស្ត​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ជំនាន់​បន្សល់​ទុក​នោះ​រង​នូវ​ផល ​ប៉ះពាល់​ច្រើន​ទេ ជា​ពិសេស​យើង​គួរ​កុំ​ព្យាយាម​លុបបំបាត់​ស្នាដៃ ឬ​ស្នាព្រះហស្ត​របស់​បុព្វបុរស ឬ​សមិទ្ធផល​របស់​ថ្នាក់ដឹកនាំ​នៅ​តាម​ជំនាន់​នីមួយៗ​ចោល​នោះ​ទេ។ មរតក​របស់​បុព្វបុរស​ខ្មែរ​យើង​ខំ​សាង ឬ​ស្ថាបនា​ឡើង ហើយ​ដែល​មាន​ស្រាប់ យើង​ត្រូវ​ថែរក្សា និង​អភិរក្ស​ឲ្យ​គង់វង្ស ហើយ​បើ​ចង់​អភិវឌ្ឍ គឺ​ប្រទេស​កម្ពុជា​ នៅ​មាន​ទីតាំង​ធំ​ទូលាយ ឬ​ឆ្នេរ​ជា​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍ មិន​មែន​ទៅ​កម្ទេច​ចោល​ស្នាព្រះហស្ត ឬ​សមិទ្ធផល​មាន​ស្រាប់​ចោល​នោះ​ទេ»

កាល​ពី​ដើម​ខែ​ឧសភា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​តាម​រថភ្លើង​ពី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះសីហនុ ប្រមុខ​ដឹកនាំ​បាន​រំលឹក​ពី​សមិទ្ធផល ឬ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ផ្លូវ​ដែក មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា "ផឹកទឹក​ត្រូវ​នឹក​ដល់​ប្រភព ទទួល​ទាន​ផ្លែឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ"៖ «កូនចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ចងចាំ និង​ដឹងគុណ​ចំពោះ​ស្នាព្រះហស្ត​អតីត​ព្រះ​មហា​វីរក្សត្រ​កម្ពុជា សម្ដេច​ឪ សម្ដេច​តា សម្ដេច​តាទួត​នៃ​យើង​ដែល​បាន​កសាង​ផ្លូវ​ដែក​ក្នុង​ទសវត្ស​ឆ្នាំ​៦០ ដែល​បាន​បន្សល់​ទុក​អោយ​កម្ពុជា ប្រើប្រាស់​មកទល់​សព្វថ្ងៃ​នេះ»

ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ គាំទ្រ​ចំពោះ​ផែនការ ឬ​ការងារ​ថែរក្សា និង​អភិរក្ស​នូវ​ស្នាព្រះហស្ត ឬ​សមិទ្ធផល​នានា ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គ្រប់​ជំនាន់​បន្សល់ទុក។

អ្នកស្រី សុធារី ប្រកាស​គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ថែរក្សា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​ពេល​នេះ។ ជាង​នេះ អ្នកស្រី សុធារី ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ឲ្យ​​ជួយ​ថែរក្សា និង​អភិវឌ្ឍ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ មាន​ទីតាំង​ភ្ជាប់​តាម​ផ្លូវ​កៅស៊ូ ផ្លូវ​ទល់​មុខ​វិមាន​លំហែកាយ​ប្រមុខ​ដឹកនាំ នា​ឆ្នេរ​អូរឈើទាល ដូច​ជួយ​ថែរក្សា​អភិវឌ្ឍ​ផ្លូវ​ដែក​ដែរ៖ «រដ្ឋាភិបាល​បាន​ប្រគល់​ដី​នៅ​តំបន់​ឆ្នេរ​អូរ​ឈើទាល​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​សុខា ក្នុង​ការ​ទទួល​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ ហើយ​យើង​ឃើញ​ក្រុមហ៊ុន​សុខា ជាមួយ​ស្ថាប័ន​គណៈកម្មការ​ថែរក្សា​ឆ្នេរ​ជាតិ​នេះ បាន​លើក​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី នៅ​ប្រប​មាត់​សមុទ្រ នាំ​ឲ្យ​បាត់បង់​ទំហំ​ដី​ចំណី​ឆ្នេរ​រួម​តូច»

​ទាក់ទង​បញ្ហា​នេះ យុវជន អាន ចាន់និមល ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ មក​ទស្សនា​ឆ្នេរ​អូរឈើទាល បង្ហាញ​ការ​ហួសចិត្ត​កាល​បើ​ឃើញ​សសរ​ថ្ម​ធំៗ​រាប់​រយ​ដើម​ត្រូវ​ក្រុមហ៊ុន​សុខា អូតែល យក​មក​បុក​គ្រឹះ​នៅ​លើ​ថ្នល់​កៅស៊ូ​បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​ហ៊ុមព័ទ្ធ​របង​ថ្ម មិន​អាច​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​បើក​ឆ្លង​កាត់​ចេញ​ពី​ដើម​ផ្លូវ​ម្ខាង​ចេញ​ទៅ​ចុង​ផ្លូវ​ម្ខាង​បាន។

យុវជន ចាន់និមល ស្ថិត​ក្នុង​ចំណោម​យុវជន​ច្រើន​នាក់​ទៀត ដែល​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ថែរក្សា ឬ​សង្គ្រោះ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នា​ព្រះហស្ត​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​បន្សល់​ទុក​ឲ្យ​បាន​គង់វង្ស។ ជាង​នេះ​ទៀត ក៏​ត្រូវ​ជួយ​សើរើ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​អំពី​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ថ្នល់​កៅស៊ូ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ ឬ​ទ្រព្យសម្បត្តិ​ព្រះបរមរាជវាំង​សា​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​សង្កេត​ឃើញ​ថា ផ្លូវ​ក្រាល​កៅស៊ូ​ចាស់​នេះ បែរ​ជា​ត្រូវ​បាន​បុក​គ្រឹះ ដោយ​ក្រុមហ៊ុន សុខា ហើយ​គេ​បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ទៀត​នៅ​ប្រប​មាត់​សមុទ្រ នាំ​ឲ្យ​បាត់បង់​ដី​ចំណី​ឆ្នេរ​សមុទ្រ​រួម​តូច ឬ​កៀក​ទៅ​នឹង​ឆ្នេរ​សមុទ្រ​នៃ​ចុង​ឆ្នេរ​អូរឈើទាល​នេះ»

បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ខ្លី​ថា ផ្លូវ​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នៅ​ប្រប​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល​នេះ ត្រូវ​បាន​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុន ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន​សុខា អូតែល រួច​ហើយ ហើយ​ករណី​នេះ រូប​លោក​គ្មាន​សិទ្ធិ​សម្រេច​ទេ ដោយ​ទុក​ជូន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច។

​តំណាង​ក្រុមហ៊ុន​សុខា អូតែល និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រាល​កៅស៊ូ ឬ​ដី​នៅ​ក្នុង​បរិវេណ​ចុង​ឆ្នេរ​អូរឈើទាល ត្រូវ​ប្រធាន​មន្ទីរ​សុរិយោដី និង​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​មុន ផ្ដល់​សិទ្ធិ​វិនិយោគ​ជូន​ក្រុមហ៊ុន​សុខា ស្រប​ច្បាប់ ហើយ​ក្រុមហ៊ុន​សុខា ក៏​បាន​បុក​សសរ​គ្រឹះ​នៅ​លើ​ផ្លូវ​នេះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​រួច​ហើយ​ដែរ។

ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​ទស្សនា​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​តើ​អាច​ជួយ​សង្គ្រោះ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ផ្លូវ​ត្រង់​ទល់​មុខ​វិមាន​លំហែកាយ​របស់​ប្រមុខ​ដឹកនាំ ឲ្យ​បាន​គង់វង្ស​ដូច​ការ​អះអាង ឬ​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។