អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ ដែលកន្លងមកធ្លាប់មានសកម្មភាពកាប់ទន្ទ្រានយកជាកម្មសិទ្ធិពីជនខិលខូចមួយចំនួន។ ក្នុងនោះក៏ហាមមិនឲ្យប្រជាពលរដ្ឋ ឬអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តនេះ ត្រូវទប់ស្កាត់ មិនឲ្យមានសំណង់រឹងមាំសង់នៅលើទីតាំងដីអនុក្រឹត្យរក្សាប្រភពទឹកស្អាត ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលបានហាមឃាត់ជាដាច់ខាត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅក្នុងដំណើរចុះពិនិត្យដល់ទីតាំងជុំវិញបរិវេណដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយ មានទីតាំងក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៦ ខែតុលា បានស្នើដល់ប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធ ត្រូវបញ្ឈប់កាប់ព្រៃរានដីរដ្ឋហាមឃាត់ សម្រាប់រក្សាប្រភពទឹកសាបប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ តទៅទៀត។
លោកបានអំពាវនាវដល់មន្ត្រីស្ថាប័នពាក់ព័ន្ធ ឬមន្ត្រីរាជការ ក្រោមឱវាទខេត្តព្រះសីហនុ ទាំងអស់ដែលមានជាប់ពាក់ព័ន្ធដីអនុក្រឹត្យលេខ ៧៦ ត្រូវដកខ្លួនចេញពីបទល្មើសនេះ ហើយប្រគល់ដីទាំងនោះជូនរដ្ឋវិញ។
លោក យន្ត មីន សង្កត់ធ្ងន់ថា ដីអនុក្រឹត្យរក្សាប្រភពទឹកស្អាតនេះ អាជ្ញាធរនៅតាមស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាការពារឲ្យបានជាដាច់ខាត។ លោកបន្តថា ចំពោះប្រជាពលរដ្ឋខ្វះដីសង់លំនៅឋានពិតប្រាកដ ហើយមករានយកដីសង់ផ្ទះនៅក្នុងតំបន់រដ្ឋហាមឃាត់នេះ អាជ្ញាធរខេត្តមានគោលនយោបាយផ្តល់ដីសង្គមកិច្ចជូនក្នុងមួយគ្រួសារៗ មានផ្ទៃដីចំនួនកន្លះហិកតារ មានទីតាំងនៅស្រុកស្ទឹងហាវ ជំនួសវិញ៖ «ដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយ នេះ គឺរាជរដ្ឋាភិបាលមានគោលបំណងការពារដើម្បីរក្សាតំបន់នេះទុកសម្រាប់ ស្តុកទឹកសាប ឬជាប្រភពទឹកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ទាំងមូល។ ដូច្នេះដីតំបន់នេះ មិនអាចឲ្យក្លាយទៅជាភូមិ ឬជាកម្មសិទ្ធិរបស់បុគ្គលណាមួយបានទេ»។
បញ្ហានេះដែរ លោក សុខ សកល មេបញ្ជាការកងទ័ពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដែលមានភារកិច្ចថែរក្សា និងឃ្លាំមើលសកម្មភាពទន្ទ្រានដីអនុក្រឹត្យលេខ ៧៦ បានអះអាងថា សព្វថ្ងៃនេះមិនមានបទល្មើសកាប់ព្រៃរានយកដី អនុក្រឹត្យរក្សាប្រភពទឹកសាបនេះទៀតទេ។ លោកបន្តថា កម្លាំងរបស់លោកបានដាក់ប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីឃ្លាំមើលបទល្មើសរានដីអនុក្រឹត្យនេះដោយយកចិត្តទុកដាក់។
ទាក់ទិនបញ្ហានេះដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ថ្លែងសាទរចំពោះអភិបាលខេត្តព្រះសីហនុ ថ្មី គឺលោក យន្ត មីន ដែលបានយកចិត្តទុកដាក់ ឬចុះពិនិត្យផ្ទាល់ដល់ទីតាំងដីអនុក្រឹត្យលេខ ៧៦ ហើយជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្កើនសកម្មភាពការពារដីអនុក្រឹត្យនេះ៖ «ជាគោលការណ៍ គឺខ្ញុំមិនអនុញ្ញាតឲ្យមានសំណង់ថ្មីត្រូវសង់ឡើងទៀតទេនៅក្នុង បរិវេណដីអនុក្រឹត្យលេខ ៧៦ តំបន់រក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយនេះ។ ចំណែកការទន្ទ្រានរានយកដីតំបន់នេះ ដែលកើតមានពីមុនខ្ញុំនឹងរង់ចាំសេចក្តីជូនដំណឹង ឬ ស.ជ.ណ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅអនុវត្តជាក់ស្តែង។ ប៉ុន្តែសកម្មភាពកាប់ព្រៃរានយកដី ឬសង់លំនៅឋានថ្មីមិនអាចអនុញ្ញាតឲ្យកើតមានទៀតទេនៅតំបន់ អនុក្រឹត្យលេខ ៧៦ នេះ»។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បានចេញអនុក្រឹត្យលេខ៧៦ ដោយកំណត់ហ៊ុមព័ទ្ធដីនៅតំបន់នេះក្បាលឆាយ មានទំហំផ្ទៃដីសរុប ៦.២០២ហិកតារ ដោយប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម ឲ្យថែរក្សាការពារព្រៃធម្មជាតិ និងដាំឈើនៅតំបន់នេះឡើងវិញ។
ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្ដូរតំណែងអភិបាលខេត្តព្រះសីហនុ ថ្មី លោក យន្ត មីន ដាក់ជំនួសលោក ឈិត សុខុន ដែលគ្រប់អាយុចូលនិវត្តន៍កាលពីថ្ងៃទី៧ ខែកញ្ញា បានព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីឆ្នេរសមុទ្រ រំលោភបឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ ជាដើម ឲ្យដកខ្លួន និងប្រគល់ដីរានកាន់កាប់ជូនរដ្ឋវិញ។ ជាងនេះ លោក ស ខេង បានដាក់បទបញ្ជាដល់លោក យន្ត មីន ត្រូវបង្កើនសកម្មភាពការពារដីអនុក្រឹត្យលេខ ៧៦ ឲ្យបានគង់វង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
