ភ្ញៀវទេសចរ និងមន្ត្រីរាជការ ខេត្តព្រះសីហនុ ស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល មានវិធានការតាមផ្លូវច្បាប់ ដើម្បីដកហូតដីតំបន់ឆ្នេរខេត្តព្រះសីហនុ ពីឈ្មួញ និងមន្ត្រីមានអំណាចដែលព័ទ្ធរបងធ្វើជាកម្មសិទ្ធិ មកជាដីសាធារណៈរបស់រដ្ឋវិញ។
សំណូមពរនេះ កើតឡើងបន្ទាប់ពីតំបន់ឆ្នេរភាគច្រើននាខេត្តព្រះសីហនុ ត្រូវឈ្មួញ និងមន្ត្រីមានអំណាចគ្រប់គ្រង និងមិនមានឆ្នេរសម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិងូតទឹក ឬដេកសំដិលថ្ងៃ នាពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល ២០១៥។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានរិះគន់ប្រមុខដឹកនាំរដ្ឋាភិបាល ថាគ្រប់គ្រងដីតំបន់ឆ្នេរខេត្តព្រះសីហនុ មិនបានត្រឹមត្រូវ ដោយទុកបណ្តោយឲ្យឈ្មួញ ឬមន្ត្រីមានអំណាច ពុះច្រៀក និងហ៊ុមព័ទ្ធរបងធ្វើជាកម្មសិទ្ធិផ្តាច់មុខ ហើយភ្ញៀវទេសចរគ្មានទីកន្លែងសម្រាប់ងូតទឹក ឬដើរកម្សាន្តឲ្យបានទូលំទូលាយ។
ភ្ញៀវទេសចរ និងជាមន្ត្រីរាជការដែលបាននាំគ្រួសារទៅកម្សាន្តតាមតំបន់ឆ្នេរខេត្តព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំសកល ២០១៥ បានសម្ដែងអារម្មណ៍ហួសចិត្ត កាលបើឃើញតំបន់ឆ្នេរភាគច្រើននៅខេត្តទេសចរណ៍មួយនេះ ត្រូវហ៊ុមព័ទ្ធរបងថ្ម ឬធ្វើសំណង់រឹងធ្វើជាកម្មសិទ្ធិអស់ទៅហើយ។
លោក សួន តារា ជាមន្ត្រីរាជការ និងជាភ្ញៀវទេសចរម្នាក់ ឋិតក្នុងចំណោមភ្ញៀវទេសចររាប់ម៉ឺននាក់ ដែលបានទៅកម្សាន្តនៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ នាពិធីឆ្លងឆ្នាំសកល ថ្លែងរិះគន់ថា តំបន់ឆ្នេរខេត្តនេះសព្វថ្ងៃ គឺនៅសល់តែឆ្នេរអូរឈើទាល មានទីតាំងនៅទល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយទេដែលមានអនាម័យ និងអាចឲ្យភ្ញៀវទេសចរដើរ ឬចុះងូតទឹកកម្សាន្តបាន។ ប៉ុន្តែឆ្នេរក្រៅពីនេះ ត្រូវហ៊ុមព័ទ្ធរបងថ្ម ឬគ្មានអនាម័យ និងការអភិវឌ្ឍអ្វីនោះទេ។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថាស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ក៏បានរិះគន់ថា អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះបានឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីរំលោភយកដីនៅតាមតំបន់ឆ្នេរជាទ្រព្យសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិ ដើម្បីបម្រើមហិច្ឆតា និងភាពលោភលន់របស់បុគ្គល ឬក្រុមគ្រួសារបក្ខពួកខ្លួន។ លោកក៏សំណូមពរដល់ប្រមុខដឹកនាំរដ្ឋាភិបាល ត្រូវពិចារណាដកដីតំបន់ឆ្នេរនាខេត្តព្រះសីហនុ ពីឈ្មួញ ឬមន្ត្រីមានអំណាចដែលហ៊ុមព័ទ្ធរបងថ្ម ហើយគ្មានសកម្មភាពអភិវឌ្ឍន៍មកទុកជាសម្បត្តិរដ្ឋវិញ។
ដូចគ្នាដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ក៏បានទទូចឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ពិចារណាដកដីតំបន់ឆ្នេរនាខេត្តជាប់មាត់សមុទ្រមួយនេះ មកអភិវឌ្ឍបម្រើវិស័យទេសចរណ៍ឲ្យបានទូលំទូលាយនាថ្ងៃអនាគត។ លោកថា ឆ្នេរនាខេត្តព្រះសីហនុ រាល់ថ្ងៃនេះ គឺភាគច្រើនត្រូវគ្រប់គ្រងដោយឈ្មួញ និងអ្នកមានអំណាច កំពុងបម្រើការងារក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើដល់ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ត្រូវស្នើគោលការណ៍ពីរដ្ឋាភិបាលឲ្យមោឃភាពប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមទីតាំងតំបន់ឆ្នេរមួយចំនួន ដែលមានភាពមិនប្រក្រតី មានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិ ដាក់មកជាសម្បត្តិរដ្ឋវិញ។ លោក ប៊ួន ណារិទ្ធ អះអាងថា សព្វថ្ងៃនេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេ ព្រោះមានកម្មសិទ្ធិអស់ទៅហើយ ហើយមានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហ៊ុមព័ទ្ធដោយរបងថ្ម និងវីឡាធំស្កឹមស្កៃសម្រាប់លំហែកាយរបស់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធន យកធ្វើកម្មសិទ្ធិឯកជន។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តគ្មានសិទ្ធិសើរើសំណង់ ឬការគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរដែលកំពុងគ្រប់គ្រងដោយឯកជន ឬក្រុមហ៊ុនបានទេ ព្រោះការគ្រប់គ្រងដីធ្លីទាំងនោះ គេមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដីធ្លី ឬដីនៅតាមតំបន់ឆ្នេរជាប់មាត់សមុទ្រផ្សេងទៀតដែលនៅសេសសល់ លោកមិនអនុញ្ញាតឲ្យមានការចេញប័ណ្ណកម្មសិទ្ធិ ឬធ្វើរបងថ្មហ៊ុមព័ទ្ធជាកម្មសិទ្ធិដូចពេលមុនទៀតទេ។
ត្រង់ចំណុចនេះ មន្ត្រីសង្គមស៊ីវិលបានផ្តល់គំនិតថា អាជ្ញាធរខេត្តព្រះសីហនុ គួរស្នើសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីស្នើដកហូតសិទ្ធិគ្រប់គ្រងដីធ្លី ឬមោឃភាពប្លង់កម្មសិទ្ធិ និងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ឬឯកជនទាំងឡាយ ដែលបានឃុបឃិតរំលោភយកទ្រព្យសម្បត្តិរដ្ឋធ្វើកម្មសិទ្ធិ មានដូចជា ដីបឹងធម្មជាតិ ឬដីនៅតាមតំបន់ឆ្នេរសមុទ្រជាដើម ទុកជូនរដ្ឋគ្រប់គ្រងវិញ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកកិច្ចប្រជុំនៅសាលប្រជុំខេត្តព្រះសីហនុ ស្នើសើរើទៅលើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមួយចំនួនក្នុងខេត្តនេះ។ នាឱកាសនោះ លោកបានព្រមានថា នឹងបន្តដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនទាំងឡាយណាដែលមិនបានអនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគ ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល យកមកទុកជាសម្បត្តិរដ្ឋវិញ។ ប៉ុន្តែការអះអាងនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការថ្នាក់ទាបខេត្តព្រះសីហនុ ឲ្យដឹងថា មានតែនៅលើក្រដាសទេ គឺគ្មានសកម្មភាពពិតប្រាកដទេ។
ទាក់ទិនបញ្ហានេះ មេដឹកនាំគណបក្សប្រឆាំង និងជាអនុប្រធានទី១សភា លោក កឹម សុខា បានត្រៀមលើកយកបញ្ហាគ្រប់គ្រងទ្រព្យសម្បត្តិជាតិធំៗ មានដូចជា ដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ព្រៃឈើ និងការបាត់បង់ទ្រព្យសម្បត្តិជាតិច្រើនទៀត ដាក់ជូនសភាពិនិត្យ និងដកហូតជាសម្បត្តិរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
