ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) មានទីតាំងនៅលើកោះរ៉ុង ខេត្តព្រះសីហនុ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យទៅលើសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង ដែលបានរំលោភយកដីចម្ការដំណាំពួកគាត់ធ្លាប់រស់នៅក្រោយឆ្នាំ១៩៧៩។ តែខាងក្រុមហ៊ុនចោទពលរដ្ឋវិញថា រំលោភយកដីរបស់ក្រុមហ៊ុន ហើយបានសាងសង់ផ្ទះរស់នៅយ៉ាងអនាធិបតេយ្យ។
អភិបាលខេត្តព្រះសីហនុ សន្យាជាថ្មីនៅថ្ងៃទី១១ ខែកក្កដា ថា លោកនឹងពិនិត្យទៅលើវិវាទដីធ្លីនេះឈានដល់មានដំណោះស្រាយតាមគោលការណ៍ឈ្នះៗទាំងអស់គ្នា។ លោកឲ្យដឹងកាលពីថ្ងៃទី៦ ខែកក្កដា ថា លោកបានកោះហៅភាគីពាក់ព័ន្ធមួយចំនួនដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសម្របសម្រួលគ្នា ដោយប្រកាន់យកយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា។ លោកបន្តថា ទំនាស់នេះ ខាងភាគីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានសន្យាថានឹងមិនដាក់គ្រឿងចក្រឈូសឆាយពង្រីកផ្ទៃដីក្រុមហ៊ុន ដើម្បីសង់សំណង់បឹងកាឡូ ឬសំណង់ផ្សេងៗបន្តទៀតទេ៖ « ទំនាស់ដីធ្លី នេះដោយមាន ការណែនាំ ពី ថ្នាក់ដឹកនាំ គឺសម្ដេច ទាំងពីរ ទាំងសម្ដេចតេជោ និងសម្ដេចក្រឡាហោមផង ខ្ញុំ ក៏បាន អញ្ជើញខាងភាគីក្រុមហ៊ុន និងភាគី ប្រជាពលរដ្ឋដែលមាន ទំនាស់ដីធ្លីនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង មកសម្របសម្រួលគ្នា ហើយ បានបញ្ចប់ ស្រុះស្រួលគ្នានៅព្រឹកថ្ងៃ ច័ន្ទ ដោយ បញ្ចប់ថា នៅតំបន់ដែលក្រុមហ៊ុន ឈូសឆាយ សង់សំណង់ផ្សេងៗហ្នឹង គឺខាងប្រជាពលរដ្ឋឯកភាពថា គាត់សុខចិត្តចោលដីទាំងនោះ ប៉ុន្តែស្នើកុំឲ្យក្រុមហ៊ុន ឈូសឆាយ ឬលូក ទៅមុខទៀត »។
យ៉ាងនេះក្តី ខាងភាគីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងពេលជួបចរចាគ្នារវាងភាគីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាមួយប្រជាពលរដ្ឋ ទៅលើវិវាទដីធ្លីនៅភូមិសុខសាន្ត នេះ គឺមិនទាន់ត្រូវរ៉ូវគ្នានោះទេ ដោយខាងភាគីពលរដ្ឋបានទទូចចង់បានផ្ទៃដីចម្ការដែលពួកគាត់បានចោទក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រើគ្រឿងចក្រឈូសរំលោភយកនាពេលកន្លងទៅនោះ ប្រគល់ជូនពួកគាត់ទាំងអស់វិញ។
បញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី៦ ខែកក្កដា ថា ការសម្របសម្រួលលើវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ បើសិនជាភាគីពាក់ព័ន្ធមិនទាន់ឯកភាពគ្នាទេ រដ្ឋបាលខេត្តនឹងបន្តស្វែងរកដំណោះស្រាយជាបន្តទៀតនៅថ្ងៃខាងមុខ។
ការកោះហៅពលរដ្ឋ និងភាគីក្រុមហ៊ុន ជួបគ្នាដើម្បីសម្របសម្រួលគ្នានេះនៅក្រោយពេលប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ដែលអះអាងថា មានវិវាទដីធ្លីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅតែបន្តដង្ហោយរកកិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ជួយរកយុត្តិធម៌ និងអន្តរាគមន៍ទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យប្រគល់ដីចម្ការដំណាំជូនពួកគាត់វិញ៖ « ខ្ញុំបាន សំណូមពរដល់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្នើឲ្យបញ្ចប់សកម្មភាព ឈូសឆាយ ពង្រីកការ អភិវឌ្ឍសំណង់ ផ្សេងៗនៅលើ ទីតាំងដីទំនាស់ជាមួយពលរដ្ឋត្រឹមប៉ុណ្ណឹងទៅ និងស្នើកុំលូត ទៅមុខទៀត ហើយ ករណីនេះ បើតាម ផែនការនៃ ការវាស់វែង របស់ ថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី គឺត្រូវចែកដីដែលវាស់រួចហើយនោះជូនប្រជាពលរដ្ឋ និងស្នើឲ្យក្រុមហ៊ុនបញ្ឈប់ប្រើគ្រឿងចក្រឈូសឆាយនៅម្តុំដីទំនាស់របស់ប្រជាពលរដ្ឋនៅភូមិសុខសាន្ត ជិតទីតាំងក្រុមហ៊ុនសង់សំណង់សណ្ឋាគារជាបន្តទៀត ។ ហើយ កន្លងទៅ សកម្មភាពរបស់ក្រុមហ៊ុនដោយទទួលបានសិទ្ធិអភិវឌ្ឍន៍នៅលើកោះរ៉ុង ត្រូវក្រុមហ៊ុន អនុវត្តតាម ផែនការរបស់ ក្រុមហ៊ុន បន្តបន្ទាប់មក ។ ប៉ុន្តែខាងភាគីប្រជាជនវិញ គាត់សំអាងថា ដីទីតាំងទំនាស់នោះជាភូមិចាស់ ហើយ ត្រូវបាន ថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី បានចុះវាស់ចំណែកក្បាលដីជូនពួកគាត់រួចហើយ ហើយករណីនេះ ក៏មាន ការឈ្លោះទាស់ទែង គ្នារហូតដល់មានការ ប្រើកម្លាំងរៀងៗខ្លួន គឺមាន ប្រើកម្លាំងកម្មករ និងកម្លាំងធំៗទៅវាយកម្ទេចសំណង់ផ្សេងៗនៅលើដីទំនាស់ដើម្បីដណ្ដើមដីគ្នាកាលពីពេលកន្លងមកនេះ »។
ពលរដ្ឋមួយចំនួនបានអះអាងថា ដីចម្ការដំណាំរបស់ពួកគាត់ដែលធ្លាប់រស់នៅ និងដាំដុះក្រោយឆ្នាំ១៩៧៩ មកនោះ បច្ចុប្បន្នត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ រំលោភយក និងបានសង់សំណង់ផ្សេងៗនៅលើដីនោះ ដោយសំអាងទទួលបានសិទ្ធិវិនិយោគនៅលើកោះរ៉ុងពីរដ្ឋាភិបាល។
ស្ត្រីវ័យចំណាស់ឈ្មោះ ជី វិស័យ អាយុ ៦៥ឆ្នាំ និងលោក សុខ ចិន្តា អាយុ ៦៣ឆ្នាំ ដែលអះអាងជាម្ចាស់ដីពិតប្រាកដរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង បានចោទក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង ថាបានសង់សំណង់សណ្ឋាគាររំលោភយកដីចម្ការរបស់ពួកគាត់ ហើយបានប្រើកម្លាំងសន្តិសុខបណ្ដេញពួកគាត់ចេញពីលើដីជាក់ស្តែង។
មនុស្សវ័យចំណាស់ទាំងពីរបានអះអាងថា ដីចម្ការពួកគាត់មានទំហំប្រមាណជាង ៧ហិកតារ ត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើគ្រឿងចក្រឈូសរំលោភយក និងកំពុងសង់សំណង់រឹងមាំផ្សេងៗនៅលើដីនោះជាបន្តបន្ទាប់៖ « ខ្ញុំសុំអង្វរសូមសម្ដេចជួយ កូនចៅ ផង ព្រោះដីទំនាស់ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្នឹងជារបស់កូនចៅពិតមែន ។ ដីនេះជារបស់ ម៉ែឪ ខ្ញុំ ហើយខ្ញុំ បានរស់នៅ លើដី នេះ តាំងតែ ពីក្មេង មកម្ល៉េះ ហើយ ពេលនេះ នាងខ្ញុំមានអាយុជាង ៦០ឆ្នាំ ទៅហើយ ហើយមានកូន មានចៅ ជាច្រើននាក់ ។ ហើយដីទំនាស់នេះ នាងខ្ញុំក៏ មិនមាន ច្រើនដែរ ហើយខ្ញុំបានចែកឲ្យ កូនចៅ ម្នាក់បន្តិចបន្តួច ដើម្បី សង់ផ្ទះ រស់នៅ និងដាំដំណាំកសិកម្ម នៅលើ ដីនោះ។ ប៉ុន្តែ ឥឡូវនេះ ខាងក្រុមហ៊ុន គិត ម៉េង ហ្នឹងគេមកលើកផ្ទះលើកសម្បែងនៅលើដីខ្ញុំ ហើយខ្ញុំមានដីកន្លែង ណាដើម្បី រស់នៅជា បន្តទៀត ? ដូច្នេះ រឿងនេះមានតែ សម្ដេចទេ អាចជួយ កូនចៅ បាន »។
ពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង បានចោទលោក ឈុន ប៊ុនថា តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាបាននាំយកគ្រឿងចក្រទៅឈូសឆាយដីចម្ការមានដំណាំចន្ទី ស្វាយ និងដូងរបស់ពួកគាត់បំផ្លាញចោល ដើម្បីរំលោភយកដីពង្រីកសំណង់សណ្ឋាគាររបស់ក្រុមហ៊ុន។

នៅក្នុងពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្ត្រីឈ្មោះ ជី វិស័យ និងលោក សុខ ចិន្តា ព្រមទាំងអ្នកជាប់ពាក់ព័ន្ធទំនាស់ដីធ្លីមួយចំនួនទៀត បានប្ដឹងសុំអន្តរាគមន៍ដល់ផ្នែកវាស់វែង និងប្រមូលទិន្នន័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិសុខសាន្ត ដែលជាកម្មសិទ្ធិរបស់ពួកគាត់សាជាថ្មីដោយអនុគ្រោះ។
ឆ្លើយតបបញ្ហានេះ លោកឧកញ៉ា ឈុន ប៊ុនថា តំណាងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលរងការប្ដឹងពីប្រជាពលរដ្ឋនោះ បានចោទប្រជាពលរដ្ឋវិញថា ពលរដ្ឋទាំងនោះជាជនអនាធិបតេយ្យ និងមានគំនិតប៉ុនប៉ងរំលោភយកដីក្រុមហ៊ុនដែលត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគស្របច្បាប់កន្លងមកនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង។ លោកបានបង្ហាញឯកសារពាក់ព័ន្ធមួយចំនួនដល់អ្នកយកព័ត៌មានអាស៊ីសេរី ទាក់ទងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទទួលបានសិទ្ធិវិនិយោគនៅលើកោះរ៉ុង។
លោក ឈុន ប៊ុនថា បានអះអាងថា ដំណើរការសាងសង់របស់ក្រុមហ៊ុននេះ គឺមានច្បាប់អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ដោយប្រគល់សិទ្ធិវិនិយោគជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍវិស័យទេសចរណ៍នៅលើកោះរ៉ុងរយៈពេលវែង។
ទោះយ៉ាងនេះក្តី ពលរដ្ឋមានទំនាស់ដីធ្លីមួយចំនួនរស់នៅលើភូមិសុខសាន្ត សង្កាត់កោះរ៉ុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍យកចំណែកផ្ទៃដីដែលត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូសឆាយពង្រីកផ្ទៃដីអភិវឌ្ឍក្រុមហ៊ុននេះ បានរំលោភយកសង់សំណង់ផ្សេងៗកន្លងមក ប្រគល់ជូនពួកគាត់អាស្រ័យផលដូចដើមវិញ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយទំនាស់ដីធ្លីនេះឲ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ បន្ថែមលើនេះ អ្នកស្រី សុធារី ក៏ស្នើដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទៅសម្ពោធបើកការដ្ឋានសាងសង់សណ្ឋាគារផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅលើកោះរ៉ុង នាពេលកន្លងមក ត្រូវជួយពិនិត្យទៅលើសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាតើបានអនុវត្តស្របតាមកិច្ចសន្យាវិនិយោគត្រឹមត្រូវ ឬយ៉ាងណា?៖ « ក្រុមហ៊ុន នីមួយៗនៅពេលដែល គាត់ បានដាក់ពាក្យស្នើសុំ អភិវឌ្ឍ អ្វីមួយ ទៅរដ្ឋាភិបាល គឺគាត់តែងដាក់មាន គោលបំណង មួយថា ដើម្បី ឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងនោះ មានការ ងារធ្វើ ឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារពី គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុននីមួយៗនោះ។ ហើយ នៅក្នុង គម្រោងរបស់ពួ ក គាត់ តែងមាននិយាយអំពីការដោះស្រាយបញ្ហាផលប៉ះពាល់បរិស្ថាន និងសង្គម ជាដើម។ ប៉ុន្តែ រហូតមក ដល់ពេលនេះ យើងសង្កេតឃើញថា ខាងភាគីក្រុមហ៊ុន មិនទាន់ ឃើញមានដោះស្រាយបញ្ហាអ្វីឲ្យចេញជា លទ្ធផលនោះទេ គឺត្រឹមឃើញ សកម្មភាពរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានត្រឹមតែ ការដ្ឋាន សំណង់ហេដ្ឋារចនាសម្ព័ន្ធ ឬសំណង់ សណ្ឋាគាររបស់ ក្រុមហ៊ុន និងបានឈូសផ្លូវមួយខ្សែ នៅលើ កោះរ៉ុង ជូនប្រជាពលរដ្ឋ ប្រើប្រាស់ តែប៉ុណ្ណោះ »។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង បានបើកការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មានឈ្មោះថា រ៉ូយ៉ាល់ សេន កោះរ៉ុង (Royal Sands Koh Rong) ក្នុងទឹកប្រាក់វិនិយោគប្រមាណ ២០លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់នោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមបើកពិធីសម្ពោធ។ រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅលើកោះរ៉ុង រយៈពេល ៩៩ឆ្នាំ។ ក្នុងប្លង់អភិវឌ្ឍន៍កោះរ៉ុងទាំងមូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែលគេចងព្យួរនៅតាមផ្លូវដែលក្រុមហ៊ុននេះឈូសឆាយកន្លងមក បង្ហាញថា ផែនទីបង្ហាញទម្រង់ និងទីតាំងក្បាលដីកោះរ៉ុងក្នុងភូមិសាស្ត្រសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ជាទ្រព្យឯកជនរបស់រដ្ឋក្នុងមូលដ្ឋាននេះមានទំហំសរុបជិត ៨ពាន់ហិកតារ (៧.៨២៦ហិកតារ)។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន លើកឡើងថា លោកនឹងកោះហៅពលរដ្ឋ និងតំណាងក្រុមហ៊ុនមកជួបពិភាក្សាគ្នា ដើម្បីដោះស្រាយលើជម្លោះដីធ្លីនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ជាថ្មីម្ដងទៀតនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
