មកទល់ពេលនេះ មិនទាន់មានអង្គការសង្គមស៊ីវិល ឬអាជ្ញាធរមូលដ្ឋានណាចុះទៅផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ដល់អ្នកភូមិទាំងនោះនៅឡើយទេ ខណៈដែលអ្នកភូមិភាគច្រើនកំពុងរស់នៅក្រោមដើមឈើ។
អ្នកភូមិ ២១គ្រួសារ កំពុងតែលតោលរកទីជម្រកមិនទាន់បាន នៅគ្រាដែលផ្ទះសម្បែង និងដីចម្ការរបស់ពួកគាត់ ដែលធ្លាប់បង្កបង្កើនផលជិត ៣០ឆ្នាំ ត្រូវបានឈូសបំផ្លាញចោលតាមអំណាចសាលក្រមបណ្ដោះអាសន្នរបស់តុលាការខេត្តព្រះសីហនុ។
តំណាងអ្នកភូមិ លោកស្រី ឃួន ស៊ីថា រៀបរាប់ថា ស្ត្រី និងកុមារតូចៗនៅក្នុងភូមិ បានដើរកាត់ព្រៃហាលសន្សើម កាលពីយប់ថ្ងៃទី៥ ខែមីនា ដើម្បីចាកចេញពីភូមិដែលធ្លាប់រស់នៅជាង ៣០ឆ្នាំ តាមការបង្ខំរបស់ក្រុមសមត្ថកិច្ចចម្រុះ។ ដោយគ្មានជម្រើស និងទីតាំងស្នាក់នៅ អ្នកភូមិសម្រេចធ្វើដំណើរទាំងថ្មើរជើងចម្ងាយ ៧គីឡូម៉ែត្រ សំដៅទៅសុំសំចតលើដីអ្នកភូមិផ្សេងទៀត ដែលមានព្រំដីជាប់គ្នានៅទីតាំងចាស់ បន្ទាប់ពីមានការអាណិតអាសូរដល់ពួកគាត់ដែលគ្មានទីជម្រក។ រីឯអីវ៉ែអីវ៉ាន់ដែលសេសសល់ពីការឈូសបំផ្លិចបំផ្លាញ រួមមានចានក្បាន កន្ទេលភួយ ត្រូវបានអ្នកភូមិជាបុរសដឹកជញ្ជូនតាមទូកនៅព្រឹកថ្ងៃបន្ទាប់។
លោកស្រីបន្តថា អ្នកភូមិមិនមានទ្រព្យសម្បត្តិអីជាដុំកំភួនមកជាប់ខ្លួននោះទេ សូម្បីតែលុយទិញអង្ករ ក៏គ្មានដែរ។ ក្នុងពេលនេះ អ្នកភូមិខ្លះសម្រេចយកម្លប់ដើមឈើជ្រកកម្ដៅថ្ងៃ ហើយអ្នកខ្លះទៀតយកភួយទៅចងធ្វើជាដំបូលជ្រកស្នាក់នៅបណ្ដោះអាសន្ន៖ «ដើមឈើរោលៗខ្លះចេះតែនៅក្រោមដើមឈើ ខ្លះនៅបាំងភួយចងប្រក់ពីលើ មានភួយមកមិនដឹងធ្វើម៉េចទេ បាំងកន្ទេល និងបាំងជ្រកឲ្យជិតៗទៅ។ បាយ និងចង្ក្រានហ្នឹង ចេះអោបពីនោះចានឆ្នាំងបានខ្លះ។ ខ្ញុំបានតែមេអត់គ្រប ស្ទើរតែហូបមិនគ្រប់គ្នា ចំណែកបងដាច់បាយតាំងពីម្សិលមិញ ថាទិញអង្ករ តែមិនបានទិញអង្ករ ដល់ពេលគេរុះរើអស់ លុយដាក់លើដំបូលទៅណាទៅណីអស់ទេ នឹងរកអង្ករដាំបាយគ្មានទេ»។
លោកស្រី ឃួន ស៊ីថា បន្តថា អ្នកភូមិកំពុងរង់ចាំមើលថា តើអាជ្ញាធរ និងអង្គការសង្គមស៊ីវិល នឹងមានជំនួយ ឬដំណោះស្រាយយ៉ាងណាខ្លះដល់ពួកគាត់?
ទន្ទឹមនឹងការរង់ចាំនោះ អ្នកភូមិក៏នៅមិនទាន់ច្បាស់ពីគោលដៅពិតប្រាកដសម្រាប់អនាគតរបស់ពួកគាត់ដែរ នៅគ្រាដែលអ្នកភូមិទាំងនោះហាក់បាក់ទឹកចិត្តចំពោះអ្វីដែលពួកគាត់ខិតខំស្ទើរពេញមួយជីវិត ទម្រាំរកលុយសង់ផ្ទះ និងមានដីចម្ការខ្លះសម្រាប់បង្កបង្កើនផល ប៉ុន្តែត្រូវបាត់បង់ត្រឹមមួយប៉ប្រិចភ្នែក៖ «ថាលែងនៅស្រុកខ្មែរ ស្រុកខ្មែរអត់មើលឃើញប្រជាពលរដ្ឋមានដីមានធ្លីនៅណាឈូសឆាយទីនោះ គិតនាំគ្នាបោលទៅនៅស្រុកថៃ ទោះបីស្លាប់ រស់សុខចិត្តចោលឆ្អឹងនៅស្រុកថៃ តែម្តង»។
កាលពីថ្ងៃទី៥ ខែមីនា សមត្ថកិច្ចចម្រុះ រួមមានមន្ត្រីកងរាជអាវុធហត្ថ សមត្ថកិច្ច និងមន្ត្រីយោធា ជិត ១០០នាក់ ប្រដាប់ដោយអាវុធ និងដំបងឆក់គ្រប់ដៃ មកចំណុចចំរាំង ក្នុងភូមិកែវផុស ស្រុកស្ទឹងហាវ និងបានយកគ្រឿងចក្រចំនួន ២គ្រឿង ទៅឈូសឆាយ និងកម្ទេចផ្ទះអ្នកភូមិ ដើម្បីរឹបអូសយកដីទំហំជិត ៤០០ហិកតារ ប្រគល់ឲ្យនាយកក្រុមហ៊ុនស្រាបៀលីអូ គឺលោក ជៀម ផែន ជាអ្នកឈ្នះក្តីកាលពីដើមឆ្នាំ២០១២ ប៉ុន្តែត្រូវអ្នកភូមិមិនសុខចិត្ត និងបន្តបណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទៀត។
ស្របពេលដែលសាលាឧទ្ធរណ៍មិនទាន់សើរើបណ្ដឹងនេះផង ស្រាប់តែតុលាការខេត្តព្រះសីហនុ ចុះទៅអនុវត្តសាលក្រមបណ្ដោះអាសន្នរបស់ខ្លួន ដែលផ្ទុយនឹងសេចក្តីជូនដំណឹងកាលពីឆ្នាំ២០០៨ របស់ប្រធានតុលាការកំពូល លោក ឌិត មន្ទីរ ដែលធ្លាប់បង្គាប់ឲ្យសាលាដំបូងខេត្ត-ក្រុងទាំងអស់ មិនត្រូវអនុវត្តន៍សាលក្រមបណ្ដោះអាសន្ន មុននឹងមានការជំនុំជម្រះ ឬសាលក្រមថ្មីចេញដោយសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះទេ។
តំណាងអ្នកភូមិមួយរូបទៀត លោកស្រី ហួរ វីណា បញ្ជាក់ថា នាយកក្រុមហ៊ុនស្រាបៀលីអូ លោក ជៀម ផែន បានចេញគោលការណ៍ដោះដូរដីឲ្យអ្នកភូមិក្នុងមួយគ្រួសារទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ នៅឯជើងភ្នំ ដែលមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងផ្តល់សំណងនៃការឈូសបំផ្លាញផ្ទះពី ២លាន ទៅ ៤លានរៀល ប៉ុន្តែអ្នកភូមិបដិសេធ៖ «យើងមិនចរចាជាមួយវាទេ ព្រោះអីយើងចង់ទៅនៅដីយើង អ្នកនេសាទយកទៅឆ្ងាយពីសមុទ្រ ដូចឲ្យគ្នាទៅស្លាប់អ៊ីចឹង»។
លោកស្រីបន្តដោយមានការអាណិតអាសូរចំពោះអ្នកភូមិ និងក្នុងន័យមនុស្សធម៌ មានអ្នកមានមួយចំនួន រួមមានលោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាម្ចាស់ចម្ការដូងប្រេងដ៏ធំនៅកម្ពុជា និងអ្នកស្រី មាលា ដែលមានព្រំដីជាប់ដីរបស់អ្នកភូមិពីមុន សុខចិត្តទទួលយកអ្នកភូមិឲ្យស្នាក់នៅលើដីរបស់ពួកគាត់ក្នុងលក្ខខណ្ឌមួយចំនួន។ យ៉ាងនេះក្តី អ្នកភូមិនៅមិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ ដោយអះអាងថា កំពុងពិចារណាសិន។
ជុំវិញបញ្ហានេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ពន្យល់ថា លោកមានផ្ទះថ្មចំនួន ២១ខ្នងដែលសង់រួច ក្នុងតម្លៃទឹកប្រាក់ជាង ២លានដុល្លារ ស្ថិតក្នុងស្រុកព្រៃនប់ ចម្ងាយ ៨គីឡូម៉ែត្រពីទីតាំងចាស់ដែលអ្នកភូមិធ្លាប់រស់នៅ។ លោកបន្តថា ប្រសិនបើអ្នកភូមិចំរាំង ស្ម័គ្រចិត្តទៅនៅ លោកនឹងចែកបន្ទប់ស្នាក់ឲ្យពួកគាត់ និងផ្តល់ការងារនៅក្នុងក្រុមហ៊ុនឲ្យធ្វើ ទៅតាមសមត្ថភាពជាក់ស្តែង។
លក្ខខណ្ឌតែមួយគត់ដែលអ្នកភូមិអាចមករស់នៅក្នុងផ្ទះថ្មរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បាននោះ គឺអ្នកភូមិមិនមានសិទ្ធិបញ្ចាំ ឬដោះដូរលក់ផ្ទះដែលគាត់ប្រគល់ឲ្យនោះបានឡើយ ប៉ុន្តែអាចរស់នៅជារៀងរហូតតកូនចៅបាន៖ «មុនដំបូង គឺខ្ញុំចែកអង្ករឲ្យហូប ហើយធ្វើជាបុគ្គលិកក្រុមហ៊ុន បានរស់បាន បើថាឲ្យរកស៊ីអីទៀត ប្រហែលជាគាត់មិនដឹងយ៉ាងម៉េចទៀតទេតាមមើល។ ចែកជាបន្ទប់ៗ ហើយគ្រប់បន្ទប់មានបន្ទប់ទឹកទាំងអស់ អនាគតមានពេទ្យមានបាយហូបស្រាប់»។
លោក ម៉ុង ឬទ្ធី កំពុងពឹងពាក់ឲ្យអាជ្ញាធរឃុំកែវផុស ជួយស្រង់ឈ្មោះអ្នកភូមិដែលស្ម័គ្រចិត្តមករស់នៅលើដីរបស់លោក ប៉ុន្តែមិនទាន់បានលទ្ធផលនៅឡើយទេ។
មេឃុំកែវផុស លោក នង ឌីនូរ៉ា ឲ្យដឹងថា អាជ្ញាធរឃុំមិនអាចគ្រប់គ្រងអ្នកភូមិបានតទៅទៀត ដោយសារតែអ្នកភូមិទាំងនោះបានបែកខ្ញែករប៉ាត់រប៉ាយចេញពីភូមិ៖ «យើងអត់ទាន់បានធ្វើការងារហ្នឹងជាមួយប្រជាពលរដ្ឋទេ គ្រាន់ឥឡូវហ្នឹង យើងធ្វើតាមការអនុវត្តរបស់សាលក្រមរបស់សាលាដំបូងសិន ឲ្យគាត់ចាកចេញពីដីលំនៅឋានរបស់ប្រជាពលរដ្ឋដែលមានបញ្ហាជាមួយលោក ជៀម ផែន នោះសិន»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក បួន ណារិទ្ធ ឲ្យដឹងថា អាជ្ញាធរចម្រុះជិត ១០០នាក់ បានដកកម្លាំងចេញពីចំណុចចំរាំង ហើយ នៅថ្ងៃទី៦ ខែមីនា ប៉ុន្តែនៅមានសន្តិសុខក្រុមហ៊ុនខ្លះនៅប្រចាំការក្នុងតំបន់នោះនៅឡើយ និងបានរារាំងមិនឲ្យអ្នកខាងក្រៅចូលក្នុងបរិវេណហាមឃាត់បានទេ៖ «ដកចេញអស់ហើយ អ៊ីចឹងនៅសល់តែក្រុមណាដែលទុកយាមប្រចាំការនៅតំបន់នោះទេ ហើយប្រជាជនមានតែចេញអត់មាននៅក្នុងនោះទេ គេឲ្យចេញទាំងអស់ អ៊ីចឹងគាត់ចេញទៅរកទីសុវត្ថិភាព»។
អ្នកភូមិ ២១គ្រួសារ កំពុងរស់នៅក្នុងស្ថានភាពលំបាកពីការរំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ប្រចាំកម្ពុជា បញ្ជាក់ថា អង្គការលោកមិនមានគម្រោងជំនួយផ្តល់ឲ្យអ្នកភូមិនៅខេត្តព្រះសីហនុ ទេ ដោយសារតែអង្គការលោកគ្របដណ្ដប់នៅតែរាជធានីភ្នំពេញ ប៉ុណ្ណោះ។
ងាកទៅលោកឧកញ៉ា ម៉ុង ឬទ្ធី ឯណោះវិញ លោកយល់ឃើញថា ការឈូសឆាយបំផ្លាញផ្ទះសម្បែង និងបណ្ដេញអ្នកភូមិចេញដោយបង្ខំពីលំនៅឋាន ជាទង្វើមួយដែលលោកមិនគាំទ្រនោះទេ៖ «ខ្លួនខ្ញុំវិញ ទោះបីជាគេឲ្យក៏អត់យកដែរ ខ្ញុំអត់ចង់បានទេ ព្រោះអីមនុស្សគ្រប់រូបទីបំផុតដុត ឬកប់ ហើយប្រសិនណាជាកប់ វាបាន ២ម៉ែត្រដី តែបើដុតអត់បានអីបន្តិចទេ»។
អង្គការសង្គមស៊ីវិល ធ្វើការងារផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការឈូសឆាយបង្ខំបណ្ដេញអ្នកភូមិចេញពីលំនៅឋាន ជាទង្វើខុសច្បាប់ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់បន្ទាន់នូវការបណ្ដេញចេញដោយបង្ខំ ជាពិសេសត្រូវអនុវត្តច្បាប់ភូមិបាល និងផ្តល់កម្មសិទ្ធិដីធ្លីដល់អ្នកភូមិស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
