ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ មកពី២ខេត្ត គឺខេត្តកំពត និងខេត្តព្រះវិហារ បានឈរស្រែកតវ៉ាសុំដំណោះស្រាយដីធ្លីនៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែមីនា។ រីឯមន្ត្រីក្រសួងដែនដី បានត្រឹមតែសន្យាថា នឹងជួយពិនិត្យដោះស្រាយម្ដងហើយម្ដងទៀត។
វិវាទដីធ្លីរបស់ពលរដ្ឋនៅខេត្តកំពត និងខេត្តព្រះវិហារ បានក្លាយជាជំងឺរ៉ាំរ៉ៃមួយដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់មិនទាន់អាចព្យាបាលឲ្យជាសះបាន ខណៈដែលពលរដ្ឋឡើងមកសុំអន្តរាគមន៍ជាច្រើនលើកច្រើនសា។
ចំពោះបញ្ហាដីធ្លីនៅខេត្តកំពត នោះ ពលរដ្ឋរៀបរាប់ថា ការរត់មកសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យជួយដោះស្រាយឲ្យនៅពេលនេះ បន្ទាប់ពីពួកគាត់អស់ជំនឿលើចំណាត់ការរបស់អាជ្ញាធរខេត្ត និងមន្ទីរសុរិយោដីខេត្ត ដែលមិនអាចដោះស្រាយជម្លោះដីធ្លីឲ្យពួកគាត់បានជាង ៣ឆ្នាំកន្លងមកនេះ។
តំណាងប្រជាពលរដ្ឋជិត ២០០គ្រួសារ ស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត លោក ហេង សឿន ឲ្យដឹងថា ដីស្រែចម្ការរបស់ពួកគាត់ដែលអ្នកខ្លះកាន់កាប់តាំងពីឆ្នាំ១៩៩៣ និងខ្លះទៀតកាន់កាប់នៅឆ្នាំ២០០២ នោះ ត្រូវបានឈ្មួញដីពីរនាក់ឈ្មោះ ហ៊ាង សុគន្ធី និង អាំង ផល្លីន ប្រើសន្តិសុខដើរគំរាមកំហែង និងប្រើហិង្សាបង្ខំឲ្យពលរដ្ឋចាកចេញពីផ្ទះសម្បែងដីធ្លីរបស់ខ្លួនដើម្បីយកដីនោះឲ្យក្រុមហ៊ុនជប៉ុន មួយ ធ្វើការដាំដំណាំម្រេច៖ « មានតែសម្ដេចម្នាក់គត់ដែលអាចជួយដីនេះបាន បើក្រៅពីសម្ដេចជួយមិនបាន។ បើអាជ្ញាធរថ្នាក់ខេត្ត និយាយមិនស៊ីសង្វាក់ជាមួយប្រជាពលរដ្ឋនោះទេ » ។
ក្រុមពលរដ្ឋចង់ឲ្យក្រសួងដែនដី ជួយដោះស្រាយជូនពួកគាត់ ព្រោះពួកគាត់ឆោតល្ងង់មិនដឹងត្រូវដោះស្រាយយ៉ាងណាទេ ដើម្បីបានដីមកគ្រប់គ្រងចិញ្ចឹមជីវិតវិញ។ ពួកគាត់ថា អាជ្ញាធរថ្នាក់ក្រោមហាក់ដូចជាមិនការពារពលរដ្ឋឡើយ តែបែរជាការពារខាងជនខិលខូចទៅវិញ។

អនុរដ្ឋលេខាធិការក្រសួងដែនដី លោក ហេង រ៉ាន់ ស្នើឲ្យពលរដ្ឋដែលបាត់បង់ដីធ្លីវិលទៅកន្លែងដែលរស់នៅវិញ ដោយធ្វើពាក្យបណ្ដឹងដាក់ប្ដឹងលេខក្បាលដីដែលខ្លួនបាត់នៅកាន់មន្ទីរដែនដី។ មន្ត្រីរូបនេះនិយាយដោយធានាថា បើមានមនុស្សទៅរករឿងពលរដ្ឋប្រាប់គេឲ្យមកជួបគាត់ ព្រោះគាត់បាននិយាយជាមួយមន្ត្រីសុរិយោខេត្តរួចហើយ៖ « ខ្ញុំបាននិយាយជាមួយប្រធានមន្ទីរ ខ្ញុំថាត្រូវទទួលពាក្យប្រជាពលរដ្ឋ។ ខ្ញុំណែនាំឲ្យពួកគាត់ទៅដាក់ពាក្យប្ដឹង គឺប្ដឹងទៅលើក្បាលដីមួយណាដែលជារបស់គាត់។ អ៊ីចឹងចាំពេលប្ដឹងហើយ យើងយកមកដោះស្រាយ នាំគាត់ទៅចង្អុលក្បាលដីមួយហ្នឹង បើក្បាលដីនេះមិនមែនជាលេខដែលគេបិទ វាមិនមែននៅកន្លែងហ្នឹងទេ អាហ្នឹងចាំរកវិធីបន្តទៅទៀត ដោះទៅទៀត » ។
ទោះជាយ៉ាងណា ពលរដ្ឋថា ក្រសួងដែនដី ក៏នឹងចុះទៅបើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីនេះជាមួយពលរដ្ឋ រួមទាំងអាជ្ញាធរខេត្ត នៅមន្ទីរសុរិយោដីខេត្តកំពត ដែរ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។
វិវាទដីធ្លីរបស់ពលរដ្ឋមួយក្រុមទៀតមកពីខេត្តព្រះវិហារ
ពលរដ្ឋទាំងនោះគឺជាអតីតអ្នកភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត បានឈរកាន់បដា និងស្រែកដង្ហោយចង់ជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដើម្បីឲ្យជួយដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ដែរ ខណៈពួកគាត់ដើរសុំអន្តរាគមន៍ស្ទើរគ្រប់ក្រសួងស្ថាប័ននៅក្នុងរាជធានីភ្នំពេញ តែមិនបានលទ្ធផល។
អតីតអ្នកភូមិស្វាយជ្រំ ទាមទារឲ្យអាជ្ញាធរប្រគល់ដីភូមិចាស់មកពួកគេកាន់កាប់វិញ បន្ទាប់ពីពួកគាត់ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បង្ខំឲ្យចាកចេញដោយការដោះដូរដីកន្លែងផ្សេងឲ្យរស់នៅរយៈពេល ៥ឆ្នាំមកហើយ។ ពួកគាត់អះអាងថា អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងតំណាងរាស្ត្រខេត្តព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា រួមទាំងអតីតប្រធានអាជ្ញាធរជាតិព្រះវិហារ លោក ជុច ភឿន បានឃុបឃិតគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ បានចាប់ព្រះសង្ឃផ្សឹក ចាប់អាចារ្យវត្តដាក់គុក ព្រមទាំងវាយកម្ទេចវត្តអារាម និងផ្ទះសម្បែងរបស់ពលរដ្ឋទាំងស្រុង កាលពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១២។ ពួកគាត់ថា សព្វថ្ងៃពួកគាត់ជួបការលំបាកខ្លាំង ដោយទីកន្លែងថ្មីពោរពេញដោយព្រៃ និងគ្រាប់មីន ហើយមិនអាចធ្វើរបរអ្វីបានដើម្បីចិញ្ចឹមជីវិត៖ « ធុញទ្រាន់នឹងការតវ៉ាណាស់ ! បើនិយាយពីភាពវេទនា និងភាពលំបាក គឺធុញទ្រាន់ណាស់ ប៉ុន្តែធ្វើម៉េចជីវិតអ្នកក្រ ជីវិតអ្នកអស់ដីអស់ធ្លី ដូចយើងនិយាយថា បើយើងឆេះផ្ទះ ឆេះតែផ្ទះ ឆេះទ្រព្យសម្បត្តិទេ តែនៅសល់ដី តែដូចពួកខ្ញុំនេះ គឺអស់ទាំងដី អស់ទាំងផ្ទះសម្បែង អស់ទាំងអស់តែម្តង » ។
ចំពោះជម្លោះដីធ្លីនេះ មិនដឹងពេលណាទើបត្រូវបានដោះស្រាយចេញជាផ្លូវការនោះទេ ព្រោះពលរដ្ឋបានត្រឹមតែឮការសន្យាពីក្រសួងរៀបចំដែនដី ម្ដងហើយម្ដងទៀតថា នឹងពិនិត្យដោះស្រាយជូនពួកគាត់។
ពលរដ្ឋដែលមានជម្លោះដីធ្លីទាំងពីរខេត្ត ប្រកាន់ជំហរដូចគ្នាថា នឹងបន្តតវ៉ានៅក្រសួងដែនដី និងដាក់ញត្តិតាមស្ថាប័នជាតិសំខាន់ៗមួយចំនួនទៀត លុះត្រាតែពួកគេទទួលបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
