សហគមន៍ដែលបាត់បង់ដីធ្លីដោយសាររដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង ព្រះវិហារ និងខេត្តមណ្ឌលគិរី បាននាំគ្នាមកភ្នំពេញ ស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិ។
ក្រុមអ្នកភូមិបានចោទប្រកាន់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ពីរដ្ឋាភិបាលទាំងនោះ បានរំលោភសិទ្ធិប្រជាពលរដ្ឋ គំរាមកំហែង និងប្រើប្រព័ន្ធតុលាការគាបសង្កត់អ្នកភូមិមិនឲ្យតវ៉ា។
សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ ខេត្តព្រះវិហារ និងសហគមន៍ជនជាតិដើមភាគតិចព្នង នៃភូមិចក់ចារ ខេត្តមណ្ឌលគិរី បានទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវគម្រោងក្រុមហ៊ុនចំនួន ៣ ដែលកំពុងទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់ពួកគេរស់នៅនិងបង្កបង្កើនផល។
សហគមន៍ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ប្រប់ ជីប ជាជនជាតិដើមភាគតិចព្នង ថ្លែងថា ពលរដ្ឋ ២១១គ្រួសារ បានរងគ្រោះបាត់បង់ដីធ្លីសរុប ១.៥០០ហិកតារជាដីចម្ការវិលជុំ ដីកប់ខ្មោច ព្រៃអារក្ស ដែលជាទំនៀមទម្លាប់ប្រពៃណី ចាប់តាំងពីក្រុមហ៊ុនប៊ិញភឿក១ ចូលទៅអភិវឌ្ឍន៍តំបន់ពួកគាត់៖ «សុំឲ្យរដ្ឋាភិបាលមើលទុក្ខព្រួយរបស់ប្រជាពលរដ្ឋ លុបបំបាត់ក្រុមហ៊ុនប៊ិញភឿក១ នេះចេញ»។
ដូចគ្នានឹងការស្នើរបស់សហគមន៍ភូមិចក់ចារដែរ សហគមន៍ជនជាតិដើមភាគតិចកួយ មកពីឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី សុខ ធី ថ្លែងថា ពលរដ្ឋ ៣៦៧គ្រួសារ កើតទុក្ខមិនសុខចិត្តចំពោះការបាត់បង់ដីបង្កបង្កើនផល និងដីកេរដូនតាដែលជាទីផ្ដល់ជីវិតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ប្រមាណ ១ម៉ឺនហិកតារ ដោយសារក្រុមហ៊ុនឡានហ្វេង និងរ៉ូយហ្វេង ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់នោះ។
អ្នកស្រីបានចោទក្រុមហ៊ុននេះថា ធ្វើការខុសច្បាប់ រំលោភសិទ្ធិពលរដ្ឋមុនអភិវឌ្ឍន៍ក្រុមហ៊ុននេះមិនដែលសិក្សាពីផលប៉ះពាល់និងពិភាក្សាជាមួយពួកគេទេ តែក្រុមហ៊ុននេះបានប្រើគ្រឿងចក្រឈូសឆាយដំណាំចម្ការរបស់អ្នកភូមិទាំងយប់ទាំងថ្ងៃ និងដុតខ្ទមរបស់ពួកគាត់ដែលមិនអាចទប់ស្កាត់បាន។ ផ្ទុយទៅវិញអាជ្ញាធរមិនអាចដោះស្រាយបញ្ហាជូនពួកគាត់បានឡើយ៖ «នាងខ្ញុំមិនអាចទទួលយកបានទេ សូមឲ្យរដ្ឋាភិបាលលុបចោលក្រុមហ៊ុននេះ។ រដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យអភិវឌ្ឍន៍ ៩៩ឆ្នាំ គឺយូរណាស់»។
ការថ្លែងរបស់សហគមន៍នេះ នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងការិយាល័យវេទិកាអង្គការមិនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO FORUM) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ មករា ឆ្នាំ២០១៥។ បន្ទាប់ពីសន្និសីទកាសែតនេះ អ្នកភូមិបានយកញត្តិដាក់ទៅស្ថាប័នពាក់ព័ន្ធក្រសួង និងស្ថានទូត សរុប ១៥ ស្នើឲ្យអន្តរាគមន៍។
ទាក់ទងនឹងបញ្ហាចម្រូងចម្រាសដីធ្លីនេះដែរ នៅខាងមុខរដ្ឋសភាពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) មកពីឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ បានស្រែករកយុត្តិធម៌ពីអ្នកតំណាងទាំងពីរបក្ស បន្ទាប់ពីពួកគាត់មិនឃើញមានដំណោះស្រាយណាមួយពីខាងគណៈកម្មការទី១នៃរដ្ឋសភា អស់ជាច្រើនខែមកហើយ។
អ្នកតវ៉ា ៥០នាក់ក្នុងចំណោមពលរដ្ឋ ៨៣គ្រួសារ បានធ្វើការទាមទារឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី ដោះស្រាយឲ្យពួកគេផ្សេងៗគ្នា។ ពលរដ្ឋ ១៦គ្រួសារបានទាមទារឲ្យក្រុមហ៊ុននេះផ្ដល់សំណងដីធ្លីនិងផ្ទះសម្បែងត្រឡប់មកវិញ។ ពលរដ្ឋ ២៤គ្រួសារ ដែលធ្លាប់បានសំណងពីក្រុមហ៊ុនម្ដងរួចមកហើយបានត្រឡប់មកតវ៉ាឲ្យក្រុមហ៊ុនសងបន្ថែមដោយសារពួកគេយល់ថាតិចតួច។ ចំណែកឯពលរដ្ឋ ៤៣គ្រួសារទៀតក៏ស្នើក្រុមហ៊ុនផ្ដល់សំណងឲ្យពួកគេដែរ ស្របពេលស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេតលើឯកសារច្បាប់មួយចំនួនបញ្ជាក់ជាម្ចាស់កម្មសិទ្ធិដីធ្លីនៅតំបន់នោះ។
ឆ្លើយតបបញ្ហានេះ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អ៊េង ឆៃអ៊ាង បានចេញមកជួបពលរដ្ឋសន្យាថា នឹងយកសំណើរបស់ពួកគេទៅពិភាក្សាជាមួយក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយរួមមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
