គ្រូបង្រៀន​នៅ​ព្រៃវែង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​លក់​ដី​សាលា

0:00 / 0:00

គ្រូបង្រៀន​បឋមសិក្សា​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ឃុបឃិត​គ្នា​លក់​ដី​របស់​សាលា​ទៅ​ឲ្យ​អ្នក​ភូមិ​ដោយ​ខុស​ច្បាប់។ ក្រុម​គ្រូបង្រៀន​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ ប្រគល់​ដី​ដែល​លក់​នោះ​មក​ឲ្យ​សាលា​វិញ​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ។ មេឃុំ​បញ្ជាក់​ថា​ ទំនាស់​ដី​របស់​សាលា​នោះ​កើត​ឡើង​ដោយសារ​ការ​មិន​ច្បាស់​លាស់​លើ​ព្រំ​ដី​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ ហើយ​អាជ្ញាធរ​នឹង​សើរើ​​ការងារ​នេះ។​

ក្រុម​គ្រូបង្រៀន​អំពាវនាវ​សុំ​​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រួតពិនិត្យ​មន្ត្រី​ដែល​លក់​ដី​នោះ ហើយ​ដោះស្រាយ​ប្រគល់​ដី​​មក​ឲ្យ​សាលា​វិញ​ជា​បន្ទាន់​ ជៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​​អូស​បន្លាយ​ពេល​ទៅ​មុខ​ទៀត។ ផ្ទៃដី​របស់​​​សាលា​បឋម​សិក្សា​ប្រាសាទ​​ដែល​លក់​នោះ​មាន​ចំនួន ២​ប្លង់ ​ទំហំ​ប្រហាក់​ប្រហែល​គ្នា​ គឺ​បណ្ដោយ​ប្រមាណ​ ១៦​ម៉ែត្រ​ នឹង​ទទឹង ៤​ម៉ែត្រ​ ស្ថិត​នៅ​តំបន់​ផ្សារ​កអណ្ដើក​ ​​ ឃុំ​ ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង។ គ្រូបង្រៀន​អះអាង​ថា ដី​នេះ​អាជ្ញាធរ​បាន​លក់​ទៅ​ឲ្យ​អ្នក​ភូមិ​ដែល​មាន​លុយ​នៅ​តំបន់​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ស្របច្បាប់។

គ្រូបង្រៀន​បឋមសិក្សា​ប្រាសាទ​ ម្នាក់ លោក​ អៀង អស្ចារ្យ​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មិថុនា ថា មេ​ភូមិ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​លក់​ដី​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដោយ​ស្ងាត់ៗ។

លោក​បន្ត​ថា​ ក្រុម​គ្រូបង្រៀន​សាលា​បឋមសិក្សា​តវ៉ា​ឲ្យ​អាជ្ញាធរ​ឃុំ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​លក់​ដី​នោះ ព្រម​ទាំង​ឲ្យ​ដោះស្រាយ​ជា​ច្រើន​លើក​មក​ហើយ។ ប៉ុន្តែ​ការ​តវ៉ា​នោះ​អាជ្ញាធរ​បាន​ត្រឹម​តែ​ចរចា​ពន្យារ​ពេល​ម្ដង​ថ្ងៃ​នេះ​ថ្ងៃ​នោះ​ពុំ​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ៖ «យើង​គ្មាន​សមត្ថភាព​អី​ទៅ​ដោះស្រាយ​ឲ្យ​លើស​ពី​ហ្នឹង​ទេ ហើយ​បើ​សិន​គាត់​មិន​ដោះស្រាយ​អា​បញ្ហា​ហ្នឹង​ទេ គ្រូ​ៗ​ទាំង​អស់​គាត់​សុំ​ផ្អាក​ការ​បង្រៀន​សិន​ ដើម្បី​តវ៉ា ហើយ​ឥឡូវ​ឃើញ​ថា ព្រឹក​មិញ​ហ្នឹង​គាត់​មក​ប្រជុំ​ជាមួយ​គ្រូៗ​ហ្នឹង​ណាស់! ហើយ​ឥឡូវ​គាត់​សុំ​លើក​ទៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ដោះស្រាយ​អា​បញ្ហា​ដែល​ផ្ទះ​ថ្មី​ដែល​ធ្វើ​ចូល​ផង។ ថ្មី​ហ្នឹង​ក៏​ដោយ​ផ្ទះ​ចាស់​ដែល​បាន​សង់​កន្លង​ទៅ​ហ្នឹង​ឲ្យ​អាជ្ញាធរ​ដែន​ដី​ហ្នឹង​ដោះ​ស្រាយ​អា​បញ្ហា​ហ្នឹង​ឲ្យ​ហើយ​ទៅ​ អ៊ីចឹង​គាត់​ហ្នឹង​ក៏​ដក​ឃ្លា​ទៅ​ដែរ»

លោក​បន្ថែម​ថា អាជ្ញាធរ​ភូមិ​បាន​ធ្វើ​លិខិត​​បំពាន​លើ​ដី​របស់​សាលា​ កាល​ពី​ដើម​ឆ្នាំ​២០១៤ ដោយ​មាន​ការ​ឯកភាព​ពី​មេឃុំ​ លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​សាលា​កាន់​កាប់​ដោយ​ស្រប​ច្បាប់។ លោក​ថា ភ្លាមៗ​នោះ​ គ្រូបង្រៀន​បាន​​មាន​ប្រតិកម្ម​តវ៉ា​រឿង​ដី​នេះ​ជា​បន្តបន្ទាប់។

​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេ​ឃុំ​ប្រាសាទ​ លោក ភោគ បូរី មាន​ប្រសាសន៍​បញ្ជាក់​ថា​ អាជ្ញាធរ​ពុំ​មាន​ចេតនា​លក់​ដី​របស់​សាលា​ទៅ​​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បន្ត​ថា ករណី​នេះ​កើត​ឡើង​ដោយ​សារ​ការ​ភ័ន្តច្រឡំ​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ ដែល​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​លើ​ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​កាប់​កន្លង​មក។ លោក​ថា​បញ្ហា​នេះ​អាជ្ញាធរ​នឹង​តាម​ដាន​ហើយ​ដោះស្រាយ​ការងារ​នេះ​ឡើង​វិញ។

លោក ភោគ បូរី៖ «គេ​អ្នក​លក់​មុន​ហ្នឹង គេ​ដាក់​បណ្ដោយ​ជម្រៅ ១៩​ម៉ែត្រ ព្រំ​ប្រទល់​ខាង​លិច​​​ទល់​នឹង​ដី​ចំណី​ផ្លូវ​លំ។ អ៊ីចឹង​កាល​ហ្នុង​​លោក​មេភូមិ​ប្រហែល​ជា​ទុក ៦​ម៉ែត្រ​អា​ចំណី​ផ្លូវ​ហ្នឹង​ណាស់។ ដល់​អា​លិខិត​ក្រោយៗ​មក​គាត់​ហ្នឹង ប្រហែល​ជា​វាស់​ពី​ដី​ចំណី​ផ្លូវ​លំ​ហ្នឹង​មក​វា​​ឃើញ ១៦​ម៉ែត្រ​​អ្នក​ទិញ​ក្រោយ​ចេះ​តែ​ទិញ​អ៊ីចឹង​ទៅ។ ព្រឹក​មិញ​ខ្ញុំ​ទៅ​សម្របសម្រួល ខ្ញុំ​ថា​ឥឡូវ​ហ្នឹង​ដី​អ្នក​ដែល​ដី​ក្នុង​រង្វង់ ១៦​ម៉ែត្រ​ដែល​លោក​មេ​ភូមិ​ស៊ីញេ​ហើយ​មាន​ត្រា​ឃុំ​អី​ហ្នឹង ខាង​ត្បូង​ដែល​គេ​ទើប​ហ្នឹង​ទិញ​ហ្នឹង​គេ​ថា​ឲ្យ​តែ​ខាង​ជើង​រុះ​សិន​ទៅ​ គាត់​ហ្នឹង​តាម​ទាំង​អស់​វា​អ៊ីចឹង​ណាស់»

ក្រុម​គ្រូបង្រៀន​បង្ហើប​ថា​ ពួកគាត់​ហាក់​គ្មាន​ជំនឿ​ទៅ​លើ​ការ​រក​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​ឃុំ​នេះ​ឡើយ។ ព្រោះ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ឃុំ កន្លង​មក​បាន​ត្រឹម​តែ​ចរចា​គ្នា​ដោយ​ពុំ​មាន​កំណត់​​ទិសដៅ​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា ជា​សញ្ញា​វិជ្ជមាន​​លើ​ករណី​រំលោភ​យក​ដី​របស់​សាលា​នោះ​ទេ។ បញ្ហា​នេះ​ប្រសិន​បើ​នៅ​តែ​បន្ត​អូស​បន្លាយ​ទៅ​មុខ​ទៀត​ នោះ​ដី​របស់​សាលា​អាច​នឹង​បាត់​បង់​ បន្តិច​ម្ដងៗ​នៅ​ថ្ងៃ​ខាង​មុខ​​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។