អាជ្ញាធរ​ស្រុក​នៅ​ព្រៃវែង​​រង​ការ​ចោទ​ថា​ដោះស្រាយ​ទំនាស់​ដី​លំអៀង​តាម​បក្ស​នយោបាយ

0:00 / 0:00

អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ថា ដោះស្រាយ​ទំនាស់​ដី​ប្រកាន់​បក្សពួកនិយម​ លំអៀង​គណបក្ស​នយោបាយ​ ធ្វើ​ឲ្យ​ភាគី​ទំនាស់​ចាញ់​ក្ដី​ដោយ​អយុត្តិធម៌។ ប៉ុន្តែ​អភិបាល​ស្រុក​បញ្ជាក់​ថា ការ​ដោះស្រាយ​ទំនាស់​​នោះ​ពុំ​មាន​​ការ​ប្រកាន់​គណបក្ស​នយោបាយ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ពលរដ្ឋ​ទំនាស់​ដី​ធ្លី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​បញ្ហា​នេះ​ ជួយ​អន្តរាគមន៍​ដោះស្រាយ​ក្នុង​រឿង​ទំនាស់​ឲ្យ​មាន​តម្លាភាព​ដែល​អាច​ទទួល​បាន​ទាំង​សង្ខាង។

ភាគី​ទំនាស់​​អោយ​ដឹង​ថា​ ផ្ទៃដី​មាន​ទំនាស់​នោះ​មាន​ទំហំ​ប្រមាណ​ជាង ២​ហិកតារ ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង មាន​ទំនាស់​ជា​មួយ​ភាគី​ម្ខាង​ទៀត​ជា​អ្នក​មាន​ទ្រព្យធន​រស់​នៅ​ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ ភាគី​ទាំង​ពីរ​ដោះស្រាយ​មិន​ចេញ​​ប្ដឹង​ផ្ដល់​គ្នា​រក​ដំណោះ​ស្រាយ​នៅ​ សាលា​ស្រុក​កំចាយមារ។

អ្នក​ភូមិ​ដែល​អាជ្ញាធរ​សម្រេច​ឲ្យ​ចាញ់​ក្ដី​លោក ជា ហៀន រស់​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ក្រញូង​ ថ្លែង​នៅ​ថ្ងៃ​ទី​ ១៨ មិថុនា ថា ផ្ទៃដី​ដែល​មាន​ទំនាស់​នោះ​លោក​បាន​កាន់​កាប់​តាំង​ឆ្នាំ​១៩៧៩​ មក​ម្ល៉េះ។ ក្រោយ​មក​ម្ដាយ​របស់​ខ្លួន​​បាន​លក់​ទៅ​ឲ្យ​​ភាគី​ទំនាស់​ចំនួន​មួយ​ហិកតារ តែ​ការ​ការ​លក់​ដូរ​ពេល​នោះ​ពុំ​មាន​បញ្ជាក់​លិខិត​ស្នាម​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា​ ក្រោយ​មក​ទៀត​ភាគី​ទំនាស់​បាន​ធ្វើ​ប្លង់​កាន់កាប់​លើ​ផ្ទៃ​ដី​ទាំង​ជាង ២​ហិកតារ នោះ​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​រហូត​មក។ លោក​ថា​​បញ្ហា​នេះ​លោក​​ប្ដឹង​ទៅ​អភិបាល​ស្រុក​ដើម្បី​ឲ្យ​រក​ដំណោះ​ស្រាយ ប៉ុន្តែ​អភិបាល​ស្រុក​មិន​បាន​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​ទំនាស់​នោះ​ទេ​ ដោយ​សារ​ខ្លួន​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង។

លោក ជា ហៀន៖ «ជា​ដី​របស់​ខ្ញុំ​ដោយ​ពិតប្រាកដ​បាទ! ប៉ុន្តែ​លោក ទិន ភារម្យ​ លំអៀង​ទៅ​តាម​គណបក្ស​ទៅ​ឲ្យ​លោក សាក់ ឡាំ នោះ​ចុះ​ភ្ជួរ​ទៅ​វិញ អ៊ីចឹង​គាត់​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ។ គាត់​មក​ដក​យក​កាលេថង​ខ្ញុំ​យក​ទៅ​ទុក ហើយ​បែរ​ជា​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ភ្ជួរ​នៅ​ពេល​នៅ​ថ្ងៃ​អាទិត្យ​ហ្នឹង»

ឆ្លើយ​នឹង​បញ្ហា​នេះ​ភាគី​ទំនាស់​ដែល​ឈ្នះ​ក្ដី លោក សាក់ ឡាំ ឲ្យ​ដឹង​ថា ដី​ដែល​មាន​ទំនាស់​នោះ​ជា​ដី​របស់​ខ្លួន​កាន់​កាប់​ដោយ​​ស្រប​ច្បាប់ បាន​ជួល​ទៅ​ឲ្យ​ប្អូន​របស់​លោក ជា ហៀន ភាគី​ទំនាស់​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​ជា​បន្តបន្ទាប់​រហូត​មក។ លោក សាក់ ឡាំ បន្ត​ថា​ អ្នក​ភូមិ​រស់​នៅ​ក្បែរ​ខាង​ទាំង​អស់​សុទ្ធ​តែ​​ដឹង​ថា ដី​នោះ​ជា​ដី​របស់​ខ្លួន​កាន់​កាប់​យូរ​មក​ហើយ​ ពុំ​មែន​ជា​ដី​របស់​អ្នក​ចាញ់​ក្ដី​ដូច​ការ​លើក​ឡើង​នោះ​ទេ។

ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​ភាគី​ទាំង​សង្ខាង​អាង​សិទ្ធិ​កាន់កាប់​រៀងៗ​ខ្លួន។ នៅ​ឆ្នាំ​២០១៣​ អ្នក​ទាំង​២ បាន​ប្ដឹង​ទៅ​សាលា​ស្រុក​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ។ ក្រោយ​មក​ នៅ​ថ្ងៃ​ទី​​៦ មិថុនា​ អភិបាល​រង​ស្រុក​កំចាយមារ​ សម្រេច​ឲ្យ​លោក សាក់ ឡាំ ជា​អ្នក​ឈ្នះ​ក្ដី​ក្នុង​រឿង​នេះ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អភិបាល​ស្រុក​កំចាយមារ លោក ប្រាក់ សុវណ្ណ​ ថ្លែង​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ការ​ដោះស្រាយ​ទំនាស់​ពុំ​មាន​ប្រកាន់​បក្ស​ពួក ឬ​និន្នាការ​នយោបាយ​ដូច​ការ​លើក​ឡើង​ឡើយ។ ប៉ុន្តែ​អភិបាល​រង​ស្រុក​កំចាយមារ លោក​ ទិន ភារម្យ ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា​ ថា​ អាជ្ញាធរ​​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​លើ​ដី​ដែល​មាន​ទំនាស់​នោះ​រក​ឃើញ​ថា​ ដី​នោះ​ដើម​ឡើយ​ជា​ដី​របស់​ម្ដាយ​លោក ​ជា ហៀន ដែល​កាត់​ឲ្យ​ចាញ់​ក្ដី​ប្រាកដ​មែន​ ប៉ុន្តែ​ដី​នោះ​បាន​លក់​ទៅ​ឲ្យ​​ភាគី​ទំនាស់។ក្រោយ​មក​​ភាគី​ទំនាស់​បាន​​ជួល​ដី​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ​ក្បែរ​ខាង​​ធ្វើស្រែ​ជាបន្តបន្ទាប់​ រហូត​ទៅ​ដល់​ប្អូន​របស់​លោក ជា ហៀន។

លោក ប្រាក់ សុវណ្ណ៖ «ហើយ​យើង​បើក​អាទិភាព​ឲ្យ​ផ្លូវ​គាត់ បើ​សិន​ខាង​ស្រុក​កាត់​យ៉ាង​ណា​យ៉ាង​ណី​នោះ​ បើ​សិន​ជា​គាត់​អត់​ព្រម​គាត់​ប្ដឹង​ត​ទៀត​ប្ដឹង​ទៅ យើង​បើក​សិទ្ធិ​ឲ្យ​គាត់​តវ៉ា​ទៀត។ ហើយ​មួយ​ទៀត​សាក្សី ៤​នាក់​ហ្នឹង​អត់​យក​ជា​ផ្លូវ​ការ​កើត​ទេ​ សាក្សី​របស់​គាត់​ហ្នឹង​គាត់​ថា​ដី​ហ្នឹង​ខ្ញុំ​សួរ​គាត់​សួរ ជា ហៀន​ ហ្នឹង ក៏​ធ្លាប់​បាន​ជួល​ដែរ​​ ធ្លាប់​បាន​ជួល​ឲ្យ​លុយ​រៀង​រាល់​ឆ្នាំ​ទៅ​ដល់ សាក់ ឡាំ ណោះ ដល់​ទើប​ឆ្នាំ​២០១៣ អត់​ឲ្យ​លុយ​គេ​ហ្នឹង​បាន​មាន​បញ្ហា​កើត​ឡើង​ទេ»

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ភាគី​ទំនាស់​ដែល​ឈ្នះ​ក្ដី បាន​នាំ​គោយន្ត​ចំនួន ៩​គ្រឿង​ ទៅ​ភ្ជួរ​លើ​ដី​ទំនាស់​នោះ ព្រម​ទាំង​មាន​មន្ត្រី​កង​​ប្រដាប់​អាវុធ​ស្រុក​កំចាយមារ​ មួយ​ចំនួន​ការពារ​ផង។ ពលរដ្ឋ​ដែល​អាជ្ញាធរ​ឲ្យ​ចាញ់​ក្ដី​កត់សម្គាល់​ថា កាល​ពី​ដើម​ខែ​មិថុនា លោក​បាន​យក​គោយន្ត​ទៅ​ភ្ជួរ​ដី​ដែល​មាន​ទំនាស់​ តែ​ពេល​នោះ​ត្រូវ​អាជ្ញាធរ​ទៅ​ហាម​ឃាត់ ព្រម​ទាំង​ចាប់​គោយន្ត​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ប្រគល់​គោយន្ត​នោះ​ឲ្យ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។