អ្នក​ភូមិ​នៅ​ជាយ​ដែន​កម្ពុជា-​វៀតណាម​១៦​គ្រួសារ​​ធ្វើ​ប្លង់​ដី​មិន​បាន

0:00 / 0:00

ដី​ស្រែ​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​​​ជាយ​​ដែន​កម្ពុជា​-វៀតណាម ១៦​គ្រួសារ​ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង មិន​បាន​ធ្វើ​ប្លង់​ដី​ដោយសារ​អាជ្ញាធរ​ចាត់​ជា​តំបន់​ស។ ពួកគាត់​បញ្ជាក់​ថា អ្នកស្រុក​តែង​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ​​តៗ​គ្នា​តាំង​ពី​ដូន​​តា​មក​ម្ល៉េះ ហើយ​ប្រសិន​បើ​​​​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​ទេ វា​​អាច​នឹង​​កើត​ជម្លោះ​ដណ្ដើម​​ដី​គ្នា​នៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ភូមិ​ទាំង​នោះ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់ ដើម្បី​ងាយ​ស្រួល​​គ្រប់គ្រង​ដី​នៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ភូមិ​ម្នាក់​ គឺ​លោក ប៊ូ ប៊ីន រស់​នៅ​ភូមិ​អំពិល នៃ​ឃុំ​ព្រះស្ដេច​ ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​ ដី​ស្រែ​របស់​អ្នក​ភូមិ​អាជ្ញាធរ​មិន​ចេញ​ប្លង់​ឲ្យ​នោះ​​ប្រមាណ ៩​ហិកតារ​ ដោយ​មាន​ប្រជាពលរដ្ឋ​ចំនួន ១៦​គ្រួសារ​កាន់កាប់ ស្ថិត​នៅ​ភូមិ​អំពិល​ ឃុំ​ព្រះស្ដេច​​​​ និង​មាន​ចម្ងាយ​ពី​មាត់​ទន្លេ​ជាយ​ដែន​ប្រទេស​កម្ពុជា-​វៀតណាម​ ប្រមាណ ៣០០​ម៉ែត្រ។ លោក​បន្ត​ថា ដី​របស់​លោក​ផ្ទាល់​មាន​ចំនួន ៣​ហិកតារ​ នៅ​តំបន់​នោះ​ ហើយ​បាន​​ដាំ​ដុះ​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩ ជាប់ៗ​គ្នា​​ពុំ​ដែល​ខាន​ឡើយ។

លោក​ថា ប្រជាពលរដ្ឋ​ទាំង ១៦​គ្រួសារ​ដែល​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ ពី​ព្រោះ​ថា អាជ្ញាធរ​ពុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​អ្នក​ភូមិ​ទេ ដោយ​លើក​ឡើង​ថា ដី​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ស៖ «ដី​កេរអាករ​ម៉ែ​ឪ​ខ្ញុំ​តាំង​ដូន​តា​មក ហើយ​ឥឡូវ​ម៉ែឪ​ខ្ញុំ​គាត់​ចែក​ឲ្យ​ខ្ញុំ​​នៅ​កន្លែង​ហ្នឹង ឥឡូវ​​គេ​អត់​ធ្វើ​ប្លង់​ឲ្យ ដឹង​ថា​មូល​ហេតុ​យ៉ាង​ម៉េច​ដី​ហ្នឹង​គេ​ទុក​យ៉ាង​ម៉េច ទៅ​ឲ្យ​អ្នក​ណា​អនាគត​ទៅ​មុខ​ហ្នឹង? មុខ​របរ​មាន​តែ​ប៉ុណ្ណឹង អ៊ីចឹង​បើ​ដី​ហ្នឹង បើ​សិន​គេ​ដក​អស់​ហ្នឹង ខ្ញុំ​ប្រជាពលរដ្ឋ​ទុក្ខ​លំបាក​មែន​ទែន​តែម្ដង ព្រោះ​រស់​តែ​ធ្វើ​ស្រែ​ស្រូវ​ហ្នឹង​ហើយ។ គេ​គ្រាន់​ឲ្យ​យើង​កាន់​កាប់​ធ្វើ​ដូច​មិន​ឲ្យ​ស្អី​សំអាង​ផង​ហ្នឹង»

​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ព្រះស្ដេច លោក ប៉ិច សុង មាន​ប្រសាសន៍​ថា ហេតុ​ដែល​អាជ្ញាធរ​មិន​អាច​ចេញ​ប័ណ្ណ​កាន់កាប់​ដល់​ប្រជាពលរដ្ឋ​ភ្លាម​នោះ​ ដោយសារ​​​ដី​របស់​ពួកគាត់​ទាំង ១៦​គ្រួសារ​នោះ​ស្ថិត​​​ក្នុង​តំបន់​ឡូត៍​នេសាទ​ចាស់​ ហើយ​​​ពុំ​ទាន់​សម្រេច​ថា យ៉ាង​ណា​នៅ​ឡើយ​​ទេ តែ​​ពួក​គាត់​អាច​​ទៅ​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ​បាន​ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​អាជ្ញាធរ​ឡើយ។

លោក​ថា​អាជ្ញាធរ​កំពុង​ញាប់​ដៃ​ញាប់​ជើង រៀបចំ​ធ្វើ​ប័ណ្ណ​​កម្មសិទ្ធិ​ស្រប​ច្បាប់​ជួន​ពួកគាត់​ទាំង​នោះ​ក្នុង​ពេល​ឆាប់​ៗ៖ «យើង​ខ្ញុំ​កំពុង​តែ​សំណើ​ទៅ​នេះ​ដើម្បី​សុំ​ប្រគល់​ប្លង់​ជូន​គាត់។ ខ្ញុំ​ក្នុង​នាម​តំណាង​អាជ្ញាធរ​ដែន​ដី​ខ្ញុំ​ប្រឹង​ប្រែង​ណាស់ ដើម្បី​ប្រជាពលរដ្ឋ​ខ្ញុំ​ ខ្ញុំ​ចង់​បាន​ឲ្យ​គាត់​ណាស់ ដើម្បី​ឲ្យ​គាត់​មាន​សិទ្ធិ​ចាត់​ចែង​ហ្នឹង​ទៀត។ ឥឡូវ​គាត់​មាន​សិទ្ធិ​អាស្រ័យ​ផង ប៉ុន្តែ​នៅ​ខ្វះ​សិទ្ធិ​ចាត់ចែង។ ខ្ញុំ​ម្សិលមិញ​ក៏​ខ្ញុំ​នៅ​ហ្នឹង​ដែរ ខ្ញុំ​កំពុង​តែ​ប្រឹង​ប្រែង​តស៊ូ​ដើម្បី​ឲ្យ​គាត់​មាន​សិទ្ធិ​ចាត់​ចែង​ហើយ​ ព្រោះ​ពិភាក្សា​ជា​មួយ​ជំនាញ​ដែល​គេ​កំពុង​ចុះ​វាស់​លក្ខណៈ​​ប្រព័ន្ធ​នៅ​ឃុំ​ហ្នឹង»

ទាក់​ទង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង​ អ្នកស្រី អៀង គិមលី​ មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​អ្នក​ភូមិ​បង្កបង្កើនផល​លើ​ដី​នោះ​​តាំង​ពី​ឆ្នាំ​១៩៧៩ មែន​ បញ្ជាក់​ថា ដី​របស់​ពួក​គាត់​ដែល​កាន់កាប់​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់។

អ្នកស្រី​បន្ត​ថា​ បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គាត់ ហើយ​​​ចាត់​ទុក​​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ដែល​ថា ជា​តំបន់​ឡូត៍​នេសាទ​នោះ គឺ​ដើម្បី​ដោះ​បន្ទុក​ពី​ទទួល​ខុស​ត្រូវ​មួយ​គ្រា​ប៉ុណ្ណោះ៖ «ព្រោះ​ដែល​ហាម​ឃាត់​នៅ​ដំណាក់​កាល​ណា​មួយ​នៅ​ពេល​ដែល​គាត់​កំពុង​កាន់​កាប់​ណោះ ហើយ​នៅ​ពេល​បិទ​ប្រកាស ៣០​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ដី​ហ្នឹង​មាន​ទំនាស់​ដី​តំបន់​ស អ៊ីចឹង​គេ​បិទ​ប្រកាស ៣០​ថ្ងៃ​ហ្នឹង គួរ​តែ​តវ៉ា​នៅ​ពេល​ហ្នឹង ជជែក​គ្នា​នៅ​ពេល​ហ្នឹង ដើម្បី​ឲ្យ​ដោះ​ស្រាយ​នៅ​ពេល​ហ្នឹង ដើម្បី​ឲ្យ​ប្លង់​ហ្នឹង​ចេញ​មក ព្រោះ​បាន​ទៅ​អ្នក​ណា​ឬ​យ៉ាង​ម៉េច? តែ​អា​នេះ​គេ​ចែក​ទៅ​គ្រប់​គ្នា​ហើយ ស្រាប់​តែ​គាត់​អត់​បាន គាត់​និយាយ​អ៊ីចឹង អា​ហ្នឹង​ការ​អះអាង​របស់​អះអាង​ឲ្យ​រួចៗ​ពី​មាត់​ហ្នឹង»

​​​​​តែ​យ៉ាង​ណា​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ដី​ដែល​ពួកគាត់​​បង្កបង្កើនផល​​នោះ​​​​ពុំ​មែន​ស្ថិត​ក្នុង​តំបន់​ឡូត៍​នេសាទ​​ឡើយ។ សព្វថ្ងៃ​ដី​ស្រែ​របស់​ភូមិ​នៅ​តំបន់​នោះ​អាជ្ញាធរ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​អស់​ទៅ​ហើយ​ ចំណែក​ឯ​អ្នក​ភូមិ​ទាំង ១៦​គ្រួសារ​នោះ​ពុំ​មាន​ប្លង់​ដី​នៅ​ឡើយ​ទេ ហើយ​ពួកគាត់​​ព្រួយ​បារម្ភ​ខ្លាច​​កើត​ជម្លោះ​ដណ្ដើម​ដី​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។