ពលរដ្ឋជាង១០០គ្រួសាររស់នៅស្រុកមេសាង ខេត្តព្រៃវែង បានលើកគ្នាតវ៉ា និងហាមឃាត់សកម្មភាពវាស់វែង កំណត់ទីតាំងជីកប្រឡាយទឹកក្នុងតំបន់អាង ពោធិ៍តាមុំ នៅព្រឹកថ្ងៃទី២២ ឧសភា ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ពលរដ្ឋចាត់ទុកថា តំបន់អាង ពោធិ៍តាមុំ គឺជាព្រែករបស់សហគមន៍ ដែលពលរដ្ឋធ្លាប់ប្រើប្រាស់ធ្វើកសិកម្មតាំងពីឆ្នាំ១៩៧៩។ ចំណែកអាជ្ញាធរឃុំ អះអាងថា រដ្ឋាភិបាលមានផែនការ ផ្ដល់សំណងទូទាត់ក្នុងគោលនយោបាយ ១ហិកតារ ៥ពាន់ដុល្លារ ១ម៉ែត្រការ៉េ ២ពាន់រៀល ប៉ុន្តែសំណងនោះផ្ដល់សម្រាប់តែដីក្រៅផ្ទៃអាងទេ។
ពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងឃុំចំនួន២គឺឃុំជីផុច និងឃុំស្វាយជ្រុំ ស្រុកមេសាង ទាមទារឱ្យអាជ្ញាធរផ្ដល់សំណងដល់ពួកគេដែលមានដីស្រែប៉ះពាល់ដោយ គម្រោងជីកប្រឡាយ មិនថាតំបន់ផ្ទៃអាង ឬខាងក្រៅផ្ទៃអាង។
តំណាងពលរដ្ឋរស់នៅ ភូមិពោធិ៍តាមុំ ឃុំជីផុច គឺ លោក ពូជ ខន។ លោករៀបរាប់ថា អាងពោធិ៍តាមុំ គឺជាឆ្នាំងបាយ របស់អ្នកភូមិដែលធ្លាប់អាស្រ័យផលបន្ទាប់ពីការដួលរលំសម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ លោកបារម្ភថា បើរដ្ឋាភិបាលមិនបានផ្ដល់សំណងទូទាត់ជូនអ្នកភូមិទេ គឺប៉ះពាល់ធ្ងន់ធ្ងរ ដល់មុខរបរចិញ្ចឹមជីវិតអ្នកភូមិ។ លោកបន្តថា អ្នកភូមិជាង១០០គ្រួសារដែលប៉ះពាល់តិច និងច្រើនអំពាវនាវឲ្យរដ្ឋាភិបាល ផ្ដល់ជាសំណងទូទាត់ជូនអ្នកភូមិក្នុងតំបន់អាង និងក្រៅផ្ទៃអាងក្នុងតម្លៃទីផ្សារសមរម្យ៖ «ពលរដ្ឋខ្លះមានដីក្នុងផ្ទៃហ្នឹងតែមួយគត់ ខ្លះមានតែ៣០អារ ខ្លះមានកន្លះហិកតារចែកឱ្យកូនទៅ ដូច្នេះវាពិបាកដែលប្រជាពលរដ្ឋគ្នា អស់សង្ឃឹមហើយ បើរដ្ឋថាជារបស់រដ្ឋហាក់បីដូចជាសម្លាប់ពលរដ្ឋទាំងស្រុងហើយ អ៊ីចឹងគ្នាសង្ឃឹមទៅលើអីទៀត ?»។យ៉ាងណាក៏ដោយអ្នកភូមិព្រមានថា បើការអភិវឌ្ឍតំបន់ផ្ទៃអាងនេះ មិនមានដំណោះស្រាយសមរម្យទេ គឺអ្នកភូមិជាង១០០គ្រួសារនឹងធ្វើបាតុកម្មបន្តទៀត។
ពលរដ្ឋដែលប៉ះពាល់ខាងក្នុងផ្ទៃអាងមានចំនួនជាង១០០គ្រួសារ និងខាងក្រៅផ្ទៃអាងជិត១០០គ្រួសារ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំស្វាយជ្រុំ លោក ឡាយ សារ៉េត ថ្លែងថា ការជីកស្តាប្រឡាយចាស់ឡើងវិញធ្វើឡើងទៅតាមបច្ចេកទេស ពង្រីកផ្ទៃអាងចាស់ ដែលធានាថា នឹងអាចផ្គត់ផ្គង់ទឹកបង្កបង្កើនផលសម្រាប់កសិករ៖ «គណៈកម្មការសម្របសម្រួល កំពុងតែសម្របសម្រួលទៅមួយជំហានៗ មិនមែនធ្វើរុលទៅតែម្ដងទេ»។
ក្នុងករណីនេះអភិបាលស្រុកមេសាង លោក ញឹក សុផុន ចាត់ទុកថា តំបន់អាងពោធិ៍តាមុំ គឺជាតំបន់ព្រែកចាស់ របស់រដ្ឋ។ លោកបន្តថា គម្រោងរបស់រដ្ឋាភិបាលធ្វើឡើង ជាប្រព័ន្ធជាមួយទន្លេវ៉ៃគោភ្ជាប់ប្រភពទឹកសំខាន់ នៃទន្លេមេគង្គ តភ្ជាប់ពីខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ លោកថា ការកសាងនេះ បើប៉ះពាល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ នឹងផ្ដល់ជាសំណងជូនពលរដ្ឋទៅតាមគោលនយោបាយរដ្ឋាភិបាលកំណត់ តែដីក្រៅផ្ទៃអាងពោធិ៍តាមុំប៉ុណ្ណោះ ចំណែកក្នុងផ្ទៃអាងពោធិ៍តាមុំ លោកចាត់ទុកថាជាដីសាធារណៈរបស់រដ្ឋ៖ «ក្រុមហ៊ុនចិនជីកនោះ មានគម្រោងធំធេងពេក ខាងខ្ញុំមេឃុំ សម្របសម្រួលទៅយើងធ្វើទៅ ទៅតាមរបត់ណាមួយដែលអាចទទួលយកបានទាំងសងខាង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី រិះគន់ថា ការផ្តល់ជាសំណង គោលនយោបាយរដ្ឋាភិបាលគឺផ្ទុយពីច្បាប់ភូមិបាល។ ជាងនេះទៅទៀត គោលការណ៍ច្បាប់ភូមិបាល ការផ្ដល់សំណងមិនគួរដោះស្រាយទៅតាមគោលនយោបាយទេ ព្រោះដីពលរដ្ឋគឺជាប្រភេទដីភោគៈ មានន័យថា ប្រភេទដីនៅទីតាំងនោះជាកម្មសិទ្ធ។
អ្នកស្រីអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយសំណងទូទាត់ជូនពលរដ្ឋ ឱ្យសមស្របតាមតម្លៃដែលអាចទទួលយកបាន ទាំងក្នុងផ្ទៃអាង និងក្រៅផ្ទៃអាង៖ «ជាធម្មតាគម្រោងរបស់រដ្ឋាភិបាលតែងធ្វើ ជាញឹកញយហ្នឹង មិនទទួលបានសំណងទេ ផលប៉ះពាល់ហ្នឹង អ៊ីចឹងគាត់បារម្ភ ទោះបីជាសងតាមគោលនយោបាយក៏ដោយ គាត់មិនចង់បានទាមទារតាមតម្លៃទីផ្សារ»។
អ្នកភូមិឲ្យដឹងទៀតថា អាងពោធិ៍តាមុំ មានបណ្ដោយប្រវែងជាង៣គីឡូម៉ែត្រ ទទឹងនៅកន្លែងខ្លះមានប្រវែងជាង២រយម៉ែត្រ កន្លែងខ្លះជាង៣០០ម៉ែត្រ ដែលអ្នកភូមិតែងធ្វើកសិកម្មតាំងពីឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
