ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​នឹង​ការ​ធ្វើ​ផ្លូវ​ប៉ះ​ដី​​ពួកគេ

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦អា (6A) ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា បាន​ដុត​កង់ឡាន​ប្រឆាំង​ការ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​មិន​ទាន់​ជូន​ដំណឹង ឬ​ផ្ដល់​ដំណោះស្រាយ​ដល់​ពួកគេ​នៅ​ឡើយ។ ក្នុង​ការ​តវ៉ា​ថ្ងៃ​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រឿង​ឈូស​ឆាយ​ដី​ពលរដ្ឋ​នេះ​នៅ​ឡើយ​ទេ។

​យ៉ាង​ហោច​ណាស់​ត្រាក់ទ័រ​ប្រមាណ ៥​គ្រឿង និង​ឡាន​ដឹក​ដី​ចំនួន ២​គ្រឿង ចូល​ឈូស​ឆាយ និង​ចូល​ចាក់​ដី​លើ​របង និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦អា នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប ក្នុង​ភ្នំពេញ។ ដំណាលគ្នា​នោះ​ដែរ ផ្សេង​ខ្មៅ​ខ្មួលខ្មាញ់​ក៏​ចាប់​ផ្ដើម​ហុយ​សន្ធោសន្ធៅ ព្រោះ​ពលរដ្ឋ​ដុត​កង់ឡាន​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ។

​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ លោក ម៉ៅ វណ្ណតិច ប្រាប់​ថា ដី​លោក​មាន​ជាង ៦.០០០​ម៉ែត្រការ៉េ ត្រូវ​អាជ្ញាធរ​ឈូស​ឆាយ​ប្រមាណ ៤០​ភាគរយ​នៃ​ដី​សរុប។ ពលរដ្ឋ​ដដែល​បន្ត​ថា លោក​ចង់​បាន​ដំណោះស្រាយ​មួយ​ដែល​សមរម្យ​ពី​អាជ្ញាធរ៖ «ខ្ញុំ​សុំ​អំពាវនាវ​សម្ដេច ហ៊ុន សែន ដែល​ជា​ប្រមុខ និង​អ្នក​ដែល​អាច​ជួយ​ប្រជាជន​បាន សូម​មេត្តា​ជួយ​ប្រជាជន​ផង ដើម្បី​បន្ថយ​ផល​ប៉ះពាល់​មិនមែន​ថា មិន​ឲ្យ​ប៉ះពាល់​ទេ ប៉ុន្តែ​សុំ​ឲ្យ​ប៉ះពាល់​តិច​បំផុត»

​ពលរដ្ឋ​ថា អាជ្ញាធរ​បើក​ការ​ឈូស​ឆាយ​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ទើប​អាជ្ញាធរ​ផ្ដល់​លិខិត​ជូន​ដំណឹង​មក​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ។ ក្នុង​សកម្មភាព​ឈូស​ឆាយ​នោះ ភាគ​ច្រើន​ធ្វើ​ឡើង​ពេល​គ្មាន​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា ប៉ុន្តែ​ប្រសិនបើ​មាន​ពលរដ្ឋ​ច្រើន មាន​សង្គម​ស៊ីវិល ឬ​អ្នក​កាសែត​នៅ​ទីតាំង​ប៉ះពាល់​អាជ្ញាធរ​មិន​ធ្វើ​សកម្មភាព​ទេ។

​ទាក់ទង​រឿង​នេះ​ដែរ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា សកម្មភាព​ឈូស​ឆាយ​ដែល​ធ្វើ​ឡើង​មិន​បាន​ជូន​ដំណឹង​ជាមុន ឬ​មិន​ទាន់​ផ្ដល់​ដំណោះស្រាយ​ត្រឹមត្រូវ ជា​អំពើ​ល្មើសច្បាប់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​បើក​ការ​ឈូស​ឆាយ៖ «ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​ពេល​ដែល​អភិវឌ្ឍ ទោះ​បី​យក​ដី​ទាំង​អស់​នោះ​ទៅ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ក៏ដោយ ត្រូវតែ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ជា​មុន​ទើប​អាច​ធ្វើការ​ឈូស​ឆាយ​នោះ​បាន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា។ យ៉ាង​ណា​ក៏ដោយ​ចុះ អាជ្ញាធរ​ទើប​ផ្ដល់​លិខិត​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ដដែល ដោយ​បញ្ជាក់​ថា ផ្លូវ​ដែល​ធ្វើ​នៅ​ប៉ែក​ខាង​លិច​នៃ​ផ្លូវជាតិ​លេខ​៦អា មាន​ចម្ងាយ ១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​នេះ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ទូទៅ និង​អាច​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​បាន​មួយ​ផ្នែក​នៅ​ពេល​អនាគត។

​ផ្លូវ​នេះ ពលរដ្ឋ​ថា មាន​ប្រវែង​ប្រមាណ ៦.០០០​ម៉ែត្រ ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦អា នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប។ នៅ​ក្បែរ​កន្លែង​ឈូស​ឆាយ​ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ ក៏​មាន​ផ្លូវ​មួយ​ដែរ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC។

​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ការ​សាងសង់​ធ្វើ​ឡើង​ចម្ងាយ ១៥០​ម៉ែត្រ ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦អាំ ព្រោះ​ចម្ងាយ​ផ្លូវ​នេះ មិន​សូវ​ប៉ះពាល់​ដី​ផ្ទះ​របស់​ពលរដ្ឋ។ ពួកគេ​នៅតែ​អះអាង​ថា បន្ត​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ​ទៀត ប្រសិន​អាជ្ញាធរ​ខណ្ឌ​មិន​ផ្ដល់​ដំណោះស្រាយ​សមរម្យ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។