អ្នក​ភូមិ​នៅ​មណ្ឌលគិរី​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន

0:00 / 0:00

សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​តវ៉ា​បន្ត​ទៀត​​នៅ​មុខ​សាលាស្រុក​ពេជ្រាដា ដោយសារ​តែ​អាជ្ញាធរ​មិន​ព្រម​ធ្វើ​លិខិត​កំណត់​ពេល​​វេលា​ជាក់​លាក់​ដោះស្រាយ​លក្ខខណ្ឌ​ទាមទារ​របស់​ប្រជាពលរដ្ឋ។

សំឡេង​ប្រកែក​តវ៉ា​រវាង​ក្រុម​បាតុករ​និង​មន្ត្រី​អាជ្ញាធរ​កើត​មាន​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា ខណៈ​ដែល​អ្នក​ភូមិ​ជិត ៣០០​នាក់ បាន​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​បរិវេណ​សាលាស្រុក​​ពេជ្រាដា៖ «ទាមទារ​សិទ្ធិ​សម្រាប់​ដើរ​ហើរៗៗៗៗ។ ទាមទារ​សិទ្ធិ​ដើរ​ហើរ អ្នក​ណា​ចាប់​​បងប្អូន។ ផ្លូវ​យើង​ឲ្យ​លប់​ដើម្បី​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​បាន។ អា​ហ្នឹង​ហើយ​យើង​ចង់​បាន​មិនមែន​ចង់​​បាន​សន្យា​បបូរ​មាត់ សន្យា​លាយលក្ខណ៍អក្សរ។ ធ្វើ​ភ្លាមៗ​បាន​អត់? អា​ហ្នឹង​ទាល់តែ​ធ្វើ​មាន​ក្រដាស​ស្នាម​ចរចា​ទាំង​អស់​គ្នា»

ចាប់​ពី​ម៉ោង​ប្រមាណ​៩ រហូត​ដល់​ម៉ោង​ជិត ៣​រសៀល មិន​មាន​ដំណោះស្រាយ​ណា​មួយ​រវាង​អ្នក​តវ៉ា និង​មន្ត្រី​អាជ្ញាធរ​ស្រុក​បាន​ឯកភាព​នោះ​ទេ។ ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​ធ្វើ​លិខិត​សន្យា​ជាក់លាក់​ពី​ការ​ដោះស្រាយ​ការ​ទាមទារ​របស់​ពលរដ្ឋ។

ចំណែក​អភិបាល​ស្រុក​បាន​ប្រកែក​ថា ការ​ទាមទារ​មួយ​ចំនួន​អាជ្ញាធរ​ស្រុក​បាន​ដោះស្រាយ​រួច​ហើយ ចំណែក​ការ​ទាមទារ​ឲ្យ​ដក​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន និង​ដី​សម្បទាន​សង្គមកិច្ច​មិន​មែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នឹង​រាយការណ៍​ការ​តវ៉ា​នេះ​ទៅ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បន្ត៖ «​ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​ហើយ ក្រុមហ៊ុន អិល.ខេ.អិល បាន​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល អ៊ីចឹង​វា​ហួស​សមត្ថភាព​ខ្ញុំ។ ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​ថា ខ្ញុំ​នឹង​គោរព រាយការណ៍​ជូន​ឯកឧត្ដម​​អភិបាល​ខេត្ត»

កម្លាំង​នគរបាល​និង​អាវុធហត្ថ​ប្រមាណ​ជិត ៣០​នាក់ បាន​ដាក់​ពង្រាយ​ឃ្លាំមើល​សុវត្ថិភាព​នៅ​កន្លែង​តវ៉ា ក៏​ប៉ុន្តែ​មិន​មាន​បាតុភាព​អហិង្សា​អ្វី​កើត​ឡើង​ក្នុង​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​ក្នុង​បាតុកម្ម​តវ៉ា​នោះ​ទេ។ ក្រុម​បាតុករ​បដិសេធ​មិន​ចាត់​តំណាង​ចូល​ជួប​ពិភាក្សា​ក្នុង​ការិយាល័យ​អភិបាល​ស្រុក​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​ស្រុក​នោះ​ឡើយ។ ពួកគេ​បាន​ក្រាល​ផ្ទាំង​សំពត់​កៅស៊ូ​អង្គុយ​ខ្ទប់​ខ្លោងទ្វារ​ចូល​សាលា​ស្រុក​ដើម្បី​ធ្វើការ​តវ៉ា។

​អ្នក​តវ៉ា​មួយ​រូប គឺ​លោក ឃុត ចាន់រ៉ា រៀបរាប់​ថា អ្នក​ភូមិ​លែង​ជឿ​លើ​ការ​សន្យា​ផ្ទាល់​មាត់​របស់​​មន្ត្រី​ស្រុក​ទៀត​ហើយ ពីព្រោះ​ពាក្យ​ប្ដឹង និង​ការ​តវ៉ា​ច្រើន​ករណី​មិន​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «ឥឡូវ​ចង់​ឲ្យ​គាត់​ធានា គាត់​មិន​ព្រម​ធានា​ផង គាត់​ថា​ដោះស្រាយៗ ដល់​ពេល​អ៊ីចឹង​គាត់​មិន​​ដោះស្រាយ។ របាយការណ៍​ស្អី​គាត់​កប់​នៅ​ស្រុក​ទាំង​អស់ អត់​មាន​ដល់​ថ្នាក់​លើ​ផង»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ៧​ភូមិ នៅ​ឃុំ​ប៊ូស្រា លើក​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​ឃុំ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​ដីធ្លី ព្រៃឈើ ធនធាន​ធម្មជាតិ​ ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្រុមហ៊ុន​ប្រដាប់​អាវុធ​បាញ់​គំរាម​កំហែង​ពលរដ្ឋ និង​ជីក​ប្រឡាយ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ពលរដ្ឋ​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ រួម​ទាំង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដក​គ្រឿងចក្រ និង​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាដើម។

រហូត​មក​ទល់​នឹង​ម៉ោង​ជាង​បី​រសៀល​ថ្ងៃ​ដដែល អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអៀង បាន​ចុះ​ដោះស្រាយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​តវ៉ា​លើ​ការ​ទាមទារ ១២​ចំណុច ក្នុង​នោះ​ចំណុច​ទាក់ទិន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​លោក​បាន​សន្យា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ ចំណែក​ការ​ទាមទារ​ទាក់ទិន​សមត្ថកិច្ច​របស់​ថ្នាក់​ជាតិ លោក​បញ្ជាក់​ថា នឹង​រាយការណ៍​ទៅ​ថ្នាក់​ជាតិ​ដោះស្រាយ​បន្ត។

លោក ស្វាយ សំអៀង៖ «សំដែង​ការ​សោកស្ដាយ​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ជា​គោលការណ៍​យើង​​អត់​ឲ្យ​ក្រុមហ៊ុន​ណា​ទៅ​ប៉ះពាល់​ប្រជាពលរដ្ឋ ទោះ​បី​គាត់​ដើរ​រក​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន​គាត់​មួយ​ត្រូវ​​អនុគ្រោះ»

យ៉ាង​នេះ​ក្តី មក​ទល់​នឹង​ម៉ោង​ជាង ៥​រសៀល ក្រុម​អ្នក​តវ៉ា​ខ្លះ​ទទូរ​សំពត់​កៅស៊ូ​ក្រោម​ដំណក់​ទឹក​ភ្លៀង បន្ត​បញ្ជាក់​ហេតុផល​ពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ជូន​មន្ត្រី​អាជ្ញាធរ​ដោះស្រាយ។

រហូត​ម៉ោង​ជិត ៦​​យប់ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ទៅ​លំនៅឋាន​វិញ ដោយ​មិន​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​អ្នក​ភូមិ​ទទួល​យក​បាន។ តាម​ការ​គ្រោង​ទុក​អ្នក​ភូមិ​នឹង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​ប៊ូស្រា ប្រសិន​ការ​តវ៉ា​​មិន​មាន​លទ្ធផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។