អ្នក​មាន​បញ្ហា​ដីធ្លី​ទាមទារ​តុលាការ​ដោះស្រាយ​សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

ក្រុម​អ្នក​ភូមិ​សហគមន៍​បឹងកក់ បុរីកីឡា និង​អ្នក​ភូមិ​ថ្មគោល នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើ​បាតុកម្ម​នៅ​តុលាការ​កំពូល ទាមទារ​ឲ្យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​រឿង​ក្តី អ្នកស្រី យ៉ោម បុប្ផា។

0:00 / 0:00

ក្រុម​អ្នក​ភូម​ទាំង​បី​សហគមន៍ រួម​មាន​សហគមន៍​បឹងកក់ បុរីកីឡា និង​ថ្មគោល នៅ​ថ្ងៃ​ទី​១២ កក្កដា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ​កំពូល ដោយ​ទាមទារ​ឲ្យ​តុលាការ​កំពូល ពន្លឿន​ដោះស្រាយ​សំណុំ​រឿង អ្នកស្រី យ៉ោម បុប្ផា ដែល​ពួក​គាត់​អះអាង​ថា ជា​សកម្មជន​ដីធ្លី​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​តវ៉ា​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច។

អ្នកស្រី យ៉ោម បុប្ផា ដែល​មាន​អាយុ ២៩​ឆ្នាំ និង​ជា​សកម្មជន​ដីធ្លី​ផង​នោះ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ ត្រូវ​បាន​តុលាការ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ជន​រងគ្រោះ​ចំនួន ៣០​លាន​រៀល។ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា តាម​រយៈ​ការ​ចូល​រួម​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់ ឲ្យ​រង​របួស​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។

នៅ​មុខ​តុលាការ​កំពូល​ថ្ងៃ​ទី​១២ សីហា អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ និង​ជា​អ្នក​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​នេះ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​ជួយ​ពន្លឿន​រឿង​ក្តី​សកម្មជន​ដី​ធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​ក្រុម​អ្នកស្រី​បាន​ដាក់​លិខិត​ស្នើសុំ​តាំង​ពី​ខែ​មិថុនា ឲ្យ​បាន​ឆាប់​រហ័ស។

អ្នក​តំណាង​ចំនួន ៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​មន្ត្រី​តុលាការ។

អ្នកស្រី ទេព វន្នី ដែល​បាន​ចូល​ទៅ​ជួប​ជាមួយ​មន្ត្រី​តុលាការ បន្ត​ថា មន្ត្រី​តុលាការ​បាន​ឲ្យ​ក្រុម​គ្រួសារ អ្នកស្រី យ៉ោម បុប្ផា ធ្វើ​សំណុំ​បែប​បទ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន ហើយ​បញ្ជូន​ទៅ​កាន់​តុលាការ ងាយ​ស្រួល​ខាង​តុលាការ​ធ្វើ​ការ​លើ​រឿង​នេះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​បាតុកម្ម ថ្លែង​ថា អ្វី​ដែល​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ចង់​បាន គឺ​ចង់​ឲ្យ​មាន​ការ​លែង អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព ព្រោះ​ពួក​គេ​អះអាង​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ទាក់ទង​នឹង​ការ​ចង់​បាន​ឲ្យ​ក្រុម​អ្នក​ភូមិ​ទាំង​បី​សហគមន៍ ក្រឡា​បញ្ជី​សភា​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល គឺ​លោក ឈាង វុត្ថា បរិយាយ​ថា ខាង​តុលាការ​បាន​ជួយ​សម្រួល​ឲ្យ​ភាគី​ខាង​គ្រួសារ អ្នកស្រី យ៉ោម បុប្ផា ដោយ​ទុក​រយៈពេល ២០​ថ្ងៃ ឲ្យ​ពួក​គាត់​ក្នុង​ការ​ធ្វើ​សារណា​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គេ។

បាតុកម្ម​នេះ ចាប់​ផ្ដើម​នូវ​ម៉ោង ៨​កន្លះ​ព្រឹក បាន​បញ្ចប់​ទៅ​វិញ​នៅ ម៉ោង ១១​ថ្ងៃ​ត្រង់ ដោយ​មិន​មាន​ការ​បិទ និង​ការ​ប៉ះ​ទង្គិច​ជាមួយ​មន្ត្រី​នគរបាល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។