ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចូលមកទស្សនាតាមតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះ ឬថែរក្សាឲ្យបានគង់វង្សនូវផ្លូវក្រាលកៅស៊ូនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល ដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដែលក្រុមហ៊ុន សុខា អូតែល បុកសសរគ្រឹះរំលោភយក និងបិទរបងមិនឲ្យយានជំនិះបើកឆ្លងកាត់។
ផ្លូវក្រាលកៅស៊ូនេះ ត្រូវបានក្រុមហ៊ុន សុខា ធ្វើរបងថ្មហ៊ុមព័ទ្ធទុកចោលគ្មានការអភិវឌ្ឍជាង ១០ឆ្នាំមកហើយ ប៉ុន្តែតំណាងក្រុមហ៊ុននេះអះអាងថា ផ្លូវកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រនេះ ពួកគេមានប្លង់កម្មសិទ្ធិអនុញ្ញាតដោយលោកអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរសុរិយោដីខេត្តនេះអាណត្តិមុនស្របច្បាប់។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិសេសក្រុមយុវជនជាភ្ញៀវទេសចរចូលមកទស្សនាឆ្នេរអូរឈើទាល ឬឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុន កាលពីថ្ងៃទី៣ ខែឧសភា មានអារម្មណ៍ភ្ញាក់ផ្អើលកាលបើឃើញផ្ទាល់ភ្នែកនូវសសរគ្រឹះថ្មរាប់រយដើម ត្រូវក្រុមហ៊ុន សុខា អូតែល យកមកបោះ ឬបុកគ្រឹះនៅលើកណ្ដាលផ្លូវថ្នល់ក្រាលកៅស៊ូជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ។
យុវជន អាន ចាន់និមល ដែលធ្វើដំណើរពីភ្នំពេញមកទស្សនាឆ្នេរអូរឈើទាល បង្ហាញការហួសចិត្តកាលបើសង្កេតឃើញសសរថ្មធំៗរាប់រយដើម ត្រូវក្រុមហ៊ុន សុខា អូតែល យកមកបុកគ្រឹះនៅលើថ្នល់កៅស៊ូបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម និងហ៊ុមព័ទ្ធរបងថ្មមិនអាចឲ្យយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ចេញពីផ្លូវម្ខាងទៅផ្លូវម្ខាង នៅប្របមាត់សមុទ្រនេះទេ។
យុវជន ចាន់និមល ស្ថិតក្នុងចំណោមយុវជនច្រើននាក់ផ្សេងទៀតដែលចូលទៅកម្សាន្តតាមឆ្នេរសមុទ្រ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយថែរក្សា ឬសង្គ្រោះផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តសម្ដេចព្រះនរោត្តម សីហនុ បន្សល់ទុកឲ្យបានគង់វង្ស។ ជាងនេះទៀត ក៏ត្រូវជួយសើរើបុគ្គលអ្នកជាប់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិដីថ្នល់កៅស៊ូ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ ឬទ្រព្យសម្បត្តិព្រះបរមរាជវាំង ឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីឈានដល់មានវិធានការតាមផ្លូវច្បាប់៖ « ខ្ញុំបានឃើញផ្លូវចាស់នេះបែរជាត្រូវក្រុមហ៊ុនបុកគ្រឹះនៅលើផ្លូវកៅស៊ូតែម្តង ហើយឃើញមានឈូសផ្លូវថ្មីមួយទៀតនៅប្របផ្លូវកៅស៊ូចាស់ជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ។ សំណូមពរសម្ដេចតេជោ ហ៊ុន សែន ជួយការពារ និងកែលំអផ្លូវកៅស៊ូបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមឲ្យបានគង់វង្ស និងបើកផ្លូវនេះឲ្យដំណើរការជាធម្មតាឡើងវិញ »។
យុវជនច្រើននាក់ទៀត ក៏បង្ហាញការហួសចិត្តទៅលើសកម្មភាពរបស់អភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរសុរិយោដីខេត្តនេះ ដែលអាចលើកដៃស៊ីញេលើឯកសារឈានដល់ការចេញប្លង់កម្មសិទ្ធិជូនបុគ្គល ឬក្រុមហ៊ុន សុខា អូតែល ទៅលើដីចំណីផ្លូវកៅស៊ូសាធារណៈរបស់រដ្ឋ និងជាកេរដំណែលអតីតព្រះមហាក្សត្របែបនេះទៅរួច។
ភ្ញៀវទេសចរច្រើនទៀតដែលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី នៅឆ្នេរអូរឈើទាល កាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ក៏មិនពេញចិត្តទង្វើរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អាណត្តិមុន ដែលឃុបឃិតចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុនឯកជន។ ពួកគេសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយថែរក្សា និងស្ថាបនាកែលំអផ្លូវស្នាព្រះហស្តនេះឲ្យគង់វង្ស ដូចគ្នាទៅនឹងផ្លូវដែក ឬផ្លូវរថភ្លើងដែរ។
កាលពីថ្ងៃទី១ ខែឧសភា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំ បានរំឭកពីសមិទ្ធផល ឬស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ គឺផ្លូវដែក ឬផ្លូវរថភ្លើង មានខ្លឹមសារទាំងស្រុងថា « ផឹកទឹកត្រូវនឹកដល់ប្រភព ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំ។ កូនចៅប្រជារាស្ត្រទូទាំងប្រទេស ចងចាំ និងដឹងគុណចំពោះស្នាព្រះហស្តអតីតព្រះមហាវីរក្សត្រកម្ពុជា សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបានកសាងផ្លូវដែកក្នុងទសវត្សរ៍ឆ្នាំ៦០ ដែលបានបន្សល់ទុកឲ្យកម្ពុជា ប្រើប្រាស់មកទល់សព្វថ្ងៃនេះ »។
ផ្ដើមពីបញ្ហានេះ យុវជន គឹម សុខ ស្ថិតក្នុងចំណោមអាជីវករចំនួន ១៤តូប ដែលត្រូវអាជ្ញាធរខេត្តព្រះសីហនុ ប្រើគ្រឿងចក្រឈូសកម្ទេចតូបលក់ដូរ និងសម្ភារៈផ្សេងៗរាបដល់ដីទាំងគ្មានសំណង កាលពីថ្ងៃទី៩ ខែមេសា ក៏ស្នើដល់ប្រមុខដឹកនាំ ឲ្យជួយការពារផ្លូវក្រាលកៅស៊ូដែលបច្ចុប្បន្នត្រូវក្រុមហ៊ុន សុខា អូតែល បុកសសរគ្រឹះសំណង់ថ្មធំៗរាប់រយដើម និងព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។ ជាងនេះ ក៏ស្នើឲ្យជួយជួសជុលផ្លូវក្រាលកៅស៊ូនៅតាមបណ្តោយឆ្នេរអូរឈើទាល តភ្ជាប់ផ្លូវកៅស៊ូនៅពីមុខគេហដ្ឋានលំហែកាយរបស់ប្រមុខដឹកនាំ ចាប់ពីដើមឆ្នេរអូរឈើទាល ដាក់ជូនសាធារណជនប្រើប្រាស់ដូចដើម និងជួយបើករបងថ្មហ៊ុមព័ទ្ធផ្លូវនេះ ទម្លុះពីម្ខាងទៅម្ខាង អាចឲ្យប្រជាពលរដ្ឋបើកបរយានជំនិះឆ្លងកាត់ផ្លូវកៅស៊ូនេះដូចពេលមុនវិញ៖ « សូមបើកផ្លូវកៅស៊ូជាស្នាព្រះហស្តរបស់សម្ដេចតា ជូនពលរដ្ឋប្រើប្រាស់ធម្មតាឡើងវិញ ដោយអាជ្ញាធរមិនចាំបាច់ស្ថាបនាផ្លូវថ្មីប្របផ្លូវចាស់នេះទេ ព្រោះស្ថាបនាផ្លូវថ្មីនាំឲ្យរំលោភយកដីឆ្នេរសមុទ្រចុងឆ្នេរអូរឈើទាលរួមតូច។ សូមសម្ដេចជួយរក្សាផ្លូវកៅស៊ូនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល ឲ្យភ្ញៀវទេសចរជាតិ - អន្តរជាតិចេញ ឬចូលកម្សាន្តឡើងវិញ ដោយមិនត្រូវបិទឆ្នេរនេះទៀតទេ »។
បន្ថែមលើនេះ មន្ត្រីរាជការ និងភ្ញៀវទេសចរជាតិច្រើនទៀតដែលធ្វើដំណើរតាមផ្លូវកៅស៊ូនៅទល់មុខវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សំណូមពរឲ្យប្រមុខដឹកនាំជួយការពារថ្នល់ក្រាលកៅស៊ូប្របមាត់សមុទ្រនាឆ្នេរអូរឈើទាល ឲ្យបានគង់វង្ស ដោយមិនត្រូវឲ្យធ្លាក់ក្នុងកម្មសិទ្ធិឯកជន ឬក្រុមហ៊ុន សុខា អូតែល គ្រប់គ្រងទេ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្វាគមន៍ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្តព្រះសីហនុ និងការស្ថាបនាផ្លូវដែក ឬផ្លូវរថភ្លើងដែលជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ ដាក់ឲ្យដំណើរការឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ អ្នកស្រីក៏សំណូមពរថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយថែរក្សា និងអភិវឌ្ឍកែលំអផ្លូវក្រាលកៅស៊ូបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល ឲ្យបានគង់វង្ស ព្រោះបច្ចុប្បន្ន ផ្លូវនេះត្រូវមន្ត្រីមន្ទីរសុរិយោដី និងអភិបាលខេត្តព្រះសីហនុ អាណត្តិមុន ចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុន សុខា អូតែល បាត់ទៅហើយ។
អ្នកស្រី សុធារី ទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពិនិត្យសើរើផ្លូវច្បាប់ចំពោះការចេញប្លង់កម្មសិទ្ធិទៅលើដីចំណីផ្លូវកៅស៊ូសាធារណៈរបស់រដ្ឋ ផ្ដើមដោយអាជ្ញាធរខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូវ និងមានវិធានការតាមផ្លូវច្បាប់៖ « ផ្លូវកៅស៊ូនេះបើតាមខ្ញុំដឹង គឺត្រូវអតីតព្រះមហាក្សត្រគូសប្លង់ និងស្ថាបនាផ្លូវប្របមាត់សមុទ្រនេះដោយព្រះកាយព្រះអង្គផ្ទាល់ និងបានព្យាករថា កំណើនភ្ញៀវទេសចរនឹងកើនច្រើននៅតំបន់ឆ្នេរខេត្តព្រះសីហនុ។ ប៉ុន្តែពេលនេះមិនគួរឲ្យក្រុមហ៊ុនឯកជន មករំលោភផ្លូវជាស្នាព្រះហស្តសម្ដេចតា សម្ដេចឪនេះទេ។ សូមឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ពិចារណា និងមានកិច្ចអន្តរាគមន៍ថែរក្សា ឬអភិវឌ្ឍផ្លូវនេះដាក់ជូនសាធារណជនប្រើប្រាស់ដូចដើមវិញ ហើយមិនត្រូវស្ថាបនាផ្លូវថ្មីជំនួសនាំឲ្យបាត់បង់ចំណីឆ្នេរសមុទ្រនោះទេ »។
ស្រដៀងគ្នាដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ក៏ស្នើឲ្យប្រមុខដឹកនាំជួយសង្គ្រោះផ្លូវកៅស៊ូនៅប្របមាត់សមុទ្រនៃឆ្នេរអូរឈើទាល នេះដូចផ្លូវដែក ឬផ្លូវរថភ្លើងដែរ៖ « រដ្ឋាភិបាលត្រូវតែអភិរក្សផ្លូវក្រាលកៅស៊ូ និងដំណាក់ស្ដេច ព្រមទាំងសមិទ្ធផលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រទុកជូនភ្ញៀវទេសចរទស្សនា ឬធ្វើជាសារមន្ទីរ ដោយមិនគួរឲ្យមានសកម្មភាពរំលោភស្នាព្រះហស្តនេះទេ »។
ទាក់ទងបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បញ្ជាក់ខ្លីថា ផ្លូវកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ តាមបណ្តោយផ្លូវប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល នេះ ត្រូវបានអភិបាលខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ អាណត្តិមុន ចេញប្លង់កម្មសិទ្ធិជូនក្រុមហ៊ុន សុខា អូតែល រួចទៅហើយ ហើយករណីនេះ រូបលោកគ្មានសិទ្ធិសម្រេចទេ ដោយទុកបញ្ហានេះជូនប្រមុខដឹកនាំរដ្ឋាភិបាលពិនិត្យសម្រេច។
តំណាងក្រុមហ៊ុន សុខា អូតែល និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង មានប្រសាសន៍ថា ផ្លូវក្រាលកៅស៊ូ ឬដីនៅក្នុងបរិវេណចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ត្រូវប្រធានមន្ទីរសុរិយោដី និងអភិបាលខេត្តព្រះសីហនុ អាណត្តិមុន ចេញប្លង់កម្មសិទ្ធិ ឬផ្តល់សិទ្ធិវិនិយោគជូនក្រុមហ៊ុន សុខា ដោយស្របច្បាប់ ហើយក្រុមហ៊ុន សុខា ក៏បានបុកសសរគ្រឹះទៅលើដីនេះសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅលើទីតាំងនេះរួចហើយដែរ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ និងក្រុមយុវជនមកពីតាមបណ្ដាខេត្តនានាដែលចូលមកទស្សនាតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះ ឬថែរក្សាកែលំអផ្លូវក្រាលកៅស៊ូដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមមានទីតាំងនៅចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ផ្លូវត្រង់ទល់មុខវិមានលំហែកាយរបស់ប្រមុខដឹកនាំឲ្យបានគង់វង្ស និងស្ថាបនាផ្លូវនេះដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
