ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ព័ទ្ធ​គ្រឿងចក្រ​ក្រុមហ៊ុន​ឈូស​ដី

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​ឡោម​ព័ទ្ធ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ រតនា វិសាល ដើម្បី​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​របស់​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។ តំណាង​ក្រុមហ៊ុន ព្រមាន​ប្ដឹង​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់​ទៅ​តុលាការ ទាក់ទង​ទៅ​នឹង​សកម្មភាព​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​នេះ។

គ្រឿងចក្រ​ចំនួន ៤​គ្រឿង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ រតនា វិសាល ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​នៅ​ចំណុច​ត្រពាំងសំរែ ស្ថិត​នៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​អ្នក​ភូមិ​ផ្ទុះ​កំហឹង​ជា​មួយ​នឹង​មេការ​គ្រឿងចក្រ និង​តំណាង​ក្រុមហ៊ុន​នេះ។ ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ជា​បណ្ដោះ​អាសន្ន ដោយ​រង់ចាំ​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជូន​ពលរដ្ឋ​ចំនួន ៦៣​គ្រួសារ ដែល​អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី រស់ សាំង មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ដី​ស្រែ និង​ចម្ការ​ចំនួន ៥​ហិកតារ នៅ​ចំណុច​ត្រពាំងសំរែ នេះ ក៏ប៉ុន្តែ​បច្ចុប្បន្ន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​វាត​ទី​ប៉ះ​ចូល​ក្នុង​ដី​របស់​អ្នកស្រី​ជាង​បី​ហិកតារ​ហើយ។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន​ច្រើន​ជាង​គេ គឺ​មក​ពី​ឃុំ​អន្លង់ត្នោត និង​ឃុំ​មួយ​ចំនួន​ទៀត ដូច​ជា​ឃុំ​ក្បាលត្រាច និង​ឃុំ​ស្នាអន្សា ជា​ដើម៖ «ចង់​បាន​ដី​វិញ រក​តែ​ខ្ញុំ​និយាយ​មិន​ទាន់ ខ្ញុំ​អត់​មាន​សំណូមពរ​អី​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដី​មក​វិញ​ទេ បើ​យក​របស់​ខ្ញុំ​អស់​អ៊ីចឹង ចុះ​ខ្ញុំ​បាន​អី។ ដាំ​ស្វាយ​ដាំ​អី កាប់​ចម្ការ​ធ្វើ​ស្រែ​អី​ហ្នឹង ឥឡូវ​វា​បាត់​វា​បែន​អស់​ហើយ»

សកម្មភាព​រារាំង​គ្រឿងចក្រ​នេះ​កាន់​តែ​មាន​ភាព​តានតឹង​ខ្លាំង បន្ទាប់​ពី​មេការ​ក្រុមហ៊ុន​បញ្ជា​ឲ្យ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​បន្ត ក៏ប៉ុន្តែ​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​ហាម​ឃាត់ ហើយ​គំរាម​ថា​នឹង​មាន​អំពើ​ហិង្សា​កើត​ឡើង ប្រសិន​បើ​នៅ​តែ​ជម្នះ​នោះ។ ក្រោយ​មក គ្រឿងចក្រ​ត្រូវ​បាន​ផ្អាក ហើយ​ក្រុម​ប្រជាពលរដ្ឋ​ងាក​មក​ហាម​ឃាត់ និង​បើក​គោយន្ត​ទៅ​ឡោម​ព័ទ្ធ​រថយន្ត​ធ្វើ​ដំណើរ​របស់​មេការ​ក្រុមហ៊ុន លោក អួន ងួន ដោយ​ទាមទារ​លោក​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នៅ​តំបន់​នោះ​ទៀត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ រតនា វិសាល លោក អួន ងួន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​ក្រុមហ៊ុន​នឹង​មិន​អាច​បញ្ឈប់​គ្រឿងចក្រ​បណ្ដោះអាសន្ន​បាន​ឡើយ ពីព្រោះ​បញ្ហា​ដីធ្លី​នេះ ក្រុមហ៊ុន​បាន​ដោះ​ដូរ​ដី និង​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចប់​សព្វគ្រប់​ហើយ ក្រោយ​ពី​បទ​បញ្ហា​លេខ​០១ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «គាត់​នៅ​តែ​ទាមទារ​យក​ដី​ព្រៃ​ហ្នឹង ហើយ​មុខ​នៅ​តែ​ដដែលៗ​ហ្នឹង ខ្លះ​បាន​មួយ​ប្លង់ ហើយ​មក​ទាមទារ​ទៀត​អ៊ីចឹង អត់​ទេ​បាទ អ៊ីចឹង​ខ្ញុំ​ធ្វើ​នេះ គឺ​ខ្ញុំ​ទុក​ឲ្យ​អស់​ហើយ​អ្នក​ដែល​មាន​ប្លង់​រឹង។ បើ​មាន​ប្លង់​រឹង​ទាំងអស់ ខ្ញុំ​ទុក​ឲ្យ អ៊ីចឹង​ខ្ញុំ​ពន្យារ​យូរ​មក​ហើយ តែ​នេះ​ក្រុមហ៊ុន​ត្រូវ​ការ​ធ្វើ​ហើយ​ខែ​នេះ»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​រង​ស្រុក​ក្រគរ លោក សុខ ឃន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន ត្រូវ​បាន​ដោះស្រាយ​ចប់​អស់​ហើយ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ទាមទារ​ដី​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា លោក​នឹង​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៅ​ទៀត៖ «ខ្ញុំ​សង្ឃឹម​ថា​មាន​ដំណោះស្រាយ ក៏ប៉ុន្ដែ​បើ​សិន​ជា​ពួក​គាត់​មក​ច្រើន​ប្រមូល​ផ្ដុំ​អ៊ីចេះ ធ្វើ​ការ​អត់​កើត​ទេ។ អ៊ីចឹង ទាមទារ​តំណាង​របស់​ពួក​គាត់​មក​និយាយ​សិន នៅ​លើ​ក្រដាស​ស្នាម​ដែល​គាត់​មាន ៦៣​គ្រួសារ​នេះ»

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ទៅ​ដល់​មុខ​សាលា​ស្រុក​ក្រគរ ហើយ​បាន​រសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រហែល​ជា ២​កន្លះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ទទួល​យក​លិខិត​ភ្ជាប់​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ហើយ​សន្យា​ថា​នឹង​ពិភាក្សា​ដោះស្រាយ​បញ្ហា​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។