ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​ពុករលួយ​ក្នុង​ការ​បែង​ចែក​ដី

0:00 / 0:00

សកម្មជន​ដីធ្លី​និង​ព្រៃ​ឈើ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​បែង​ចែក​ដី​លំនៅឋាន និង​ការ​ដោះដូរ​ដី​ព្រៃ​សហគមន៍​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច។ តំណាង​សហគមន៍​បញ្ជាក់​ថា ដី​ព្រៃ​ជា​ច្រើន​រយ​ហិកតារ​នៅ​តំបន់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​វាស់វែង​បែង​ចែក​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក និង​ធ្វើ​ការ​លក់​ដូរ​យ៉ាង​អនាធិបតេយ្យ។

តំណាង​សហគមន៍ និង​សកម្មជន​ដីធ្លី នៅ​ថ្ងៃ​ទី​២ ខែ​មីនា បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​សុរិយោដី​មួយ​ចំនួន ដែល​បាន​វាស់វែង​ដី​ព្រៃ​នៅ​ចំណុច​ភ្នំ​តាដុល នៃ​ឃុំ​ក្បាលត្រាច ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ឯកជន។ អាជ្ញាធរ​បាន​ដោះដូរ​ដី​ព្រៃ​សហគមន៍​ចំនួន ៥០០​ហិកតារ​ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍​នៅ​តំបន់​ភ្នំ​តាដុល​នោះ ទៅ​​តាំង​នៅ​លើ​ទីតាំង​ដែល​គ្មាន​ព្រៃ និង​មាន​មនុស្ស​រស់​នៅ​បង្កបង្កើន​ផល​ប្រចាំ​ថ្ងៃ​ទៅ​វិញ។

សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ​ប្រចាំ​ស្រុក​ក្រគរ លោក គុជ វេង មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០០៤ មាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលត្រាច ចំនួន ៩​ភូមិ ​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើ​សុំ​ទុក​ដី​ព្រៃ​ស្រោង នៅ​ភ្នំ​តាដុល ទំហំ​ជាង ៥​ពាន់​ហិកតារ​ជា​ដី​ព្រៃ​សហគមន៍។ សំណើ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ និង​ឃុំ​ឯកភាព ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បដិសេធ ដោយ​សំអាង​ថា ដី​ដែល​បាន​ស្នើ​សុំ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​របស់​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimix)។ ប៉ុន្តែ​ក្រោយ​មក នៅ​អំឡុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដណ្ដឹង​មួយ​សុំ​កាត់​ដី​ចេញ​ពី​ក្រុមហ៊ុន​ទំហំ ៥០០​ហិកតារ​ទុក​ជា​ដី​ព្រៃ​សហគមន៍​ឃុំ​ក្បាល​ត្រាច។

លោក គុជ វេង៖ «មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​ប្រជាពលរដ្ឋ​អត់​បាន​ដី​ហ្នឹង​ដដែល ហើយ​បែរ​ជា​អាជ្ញាធរ​ហ្នឹង​ដក​ហូត​ដី​ប្រជា​ពលរដ្ឋ​ហ្នឹង​ទៅ​ដាក់​សហគមន៍​វិញ ដី​ដែល​គាត់​អាស្រ័យ​ផល។ ហើយ​អា​ដី​សហគមន៍​ពិត ដែល​ប្រជា​ពលរដ្ឋ​មាន​ព្រៃ មាន​សត្វ បែរ​ជា​យក​ដី​ហ្នឹង​ទៅ​ឲ្យ​ក្រុម​និស្សិត​វាស់​វែង​ចែក​គ្នា​អស់»

ចំណែក​ប្រធាន​សហគមន៍​ភូមិ​ក្រឡាញ់ អ្នកស្រី ឡោន ស៊ីវី បញ្ជាក់​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​ដាក់​ដី​ព្រៃ​សហគមន៍​​ដែល​មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​នោះ​ទៅ​ចំណុច​ប្រចាក់ នៃ​ភូមិ​ត្រពាំង​រំដេញ ចំនួន ២៥០​ហិកតារ និង​ចំណុច​អូរ​តាតុ ចំនួន ២៥០​ហិកតារ ដែល​នៅ​លើ​ទីតាំង​ទាំង​ពីរ​នោះ​មាន​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ និង​អាស្រ័យ​ផល​ចំនួន ៤៦​គ្រួសារ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ក្រគរ លោក ទឹម សារិន មាន​ប្រសាសន៍​ថា សកម្មភាព​ចុះ​វាស់វែង​ដី​នៅ​តំបន់​ភ្នំ​តាដុល​នោះ គឺ​លោក​មិន​បាន​ដឹង​ច្បាស់​ឡើយ ក៏​ប៉ុន្តែ​លោក​អះអាង​ថា មុន​នឹង​មាន​ការ​សម្រេច​ឲ្យ​វាស់​វែង ឬ​រក្សា​ទុក​ដី​ព្រៃ​យ៉ាង​ណា​នោះ គឺ​មាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ជា​ច្រើន​ក្រុម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​អាជ្ញាធរ​បែរ​ជា​ដាក់​ព្រៃ​សហគមន៍​ទៅ​លើ​ទីតាំង​ដី​ព្រៃ​រេចរឹល និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​នោះ​ទេ។

លោក ទឹម សារិន៖ «ខ្ញុំ​មិន​ដឹង​ថា ពុករលួយ​កន្លែង​ណា។ ការ​វាស់​ហ្នឹង​កន្លង​មក​យើង​មាន​ក្រុម​ការងារ​របស់​មូលដ្ឋាន​ចាស់​ព្រឹទ្ធាចារ្យ មាន​មេ​ភូមិ​មាន​អីៗ​ទាំង​អស់។ បញ្ហា​ដី​យើង​មិន​មែន​និយាយ​ថា វា​ត្រឹម​ត្រូវ​ទាំង​អស់​ទេ ធម្មតា​ប្រជាជន​នៅ​ភ្នំពេញ ក៏​ត្រូវ​តែ​មាន​ដី​នៅ​ទី​នេះ​មួយ​កន្លែង»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​ថា រដ្ឋាភិបាល​គប្បី​ផ្ដល់​ដី​ព្រៃ​សហគមន៍​ណា​ដែល​មាន​ព្រៃ​ឈើ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាច​ទៅ​រក​អនុផល​ព្រៃ​ឈើ​បាន ជា​ជាង​ផ្ដល់​ដី​ព្រៃ​រេចរឹល ហើយ​ត្រូវ​ការ​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ដាំដុះ​ព្រៃ​ឈើ​ឡើង​វិញ៖ «សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​អស់​នេះ គាត់​យក​រួច​ខ្លួន ចេះ​តែ​វាស់​ដី​ហ្នឹង​ពារ​ទៅលើ​ដី​ប្រជា​ពលរដ្ឋ ទៅ​លើ​កម្មសិទ្ធិ​ឯកជន​របស់​គេ ហើយ​ចេះ​តែ​ថា​អា​នេះ​ដី​របស់​ព្រៃ​សហគមន៍​អ៊ីចឹង»

សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​២០១២ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​សុរិយោដី​មិន​បាន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង ៤៦​គ្រួសារ​នោះ​ឡើយ ថែម​ទាំង​បាន​បណ្ដេញ​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ចេញ​ពី​ដី​ព្រៃ​សហគមន៍​ចំនួន ៥០០​ហិកតារ​ដែល​អាជ្ញាធរ​បាន​កំណត់​ថា ជា​ដី​ព្រៃ​សហគមន៍​ឃុំ​ក្បាល​ត្រាច​នោះ​ទៀត​ផង។ ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ឡើយ ដោយ​សំអាង​ថា ខ្លួន​បាន​ចូល​ទៅ​រស់​នៅ និង​បង្កបង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។