ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឲ្យតំណាងពលរដ្ឋម្នាក់ចូលខ្លួនទៅបំភ្លឺ ទាក់ទងនឹងរឿងកាប់រានដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។
តំណាងពលរដ្ឋដែលត្រូវតុលាការបង្គាប់ឲ្យចូលខ្លួន អះអាងថា បញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីអាជ្ញាធរឃុំស្នាអន្សា រឹបអូសដីទំហំជាង ៦០ហិកតាររបស់អ្នកភូមិចំនួន ២១គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ ទៅធ្វើជាដីព្រៃសហគមន៍។
មន្ត្រីសិទ្ធិមនុស្ស និងតំណាងពលរដ្ឋមកពីភូមិអន្សក្ដាម ភូមិស្វាយស និងភូមិថ្មី នៃឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានហៅការចេញដីការបស់តុលាការនាពេលនេះ គឺជារឿងមិនសមហេតុផល និងជាចេតនាគំរាមកំហែងបំបាក់ស្មារតី មិនឲ្យប្រជាពលរដ្ឋហ៊ានងើបឡើងតវ៉ាក្នុងរឿងដីធ្លីរបស់ខ្លួនជាមួយអាជ្ញាធរ។
តំណាងពលរដ្ឋ លោក សោម សារ៉ាវុធ មានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ថា ការចោទប្រកាន់នេះ គឺមានភាពអយុត្តិធម៌ និងមិនពិតប្រាកដទាល់តែសោះ ដោយលោកគ្រាន់តែកាប់ឆ្ការព្រៃនៅលើដីស្រែចម្ការរបស់ខ្លួន ដែលបានកាន់កាប់តាំងពីអំឡុងឆ្នាំ១៩៨៣ មក។ លោកថា អាចនឹងចូលខ្លួនទៅបំភ្លឺតាមដីកាកំណត់ ដែលបច្ចុប្បន្នលោកកំពុងពឹងពាក់មេធាវីតាមរយៈសមាគមអាដហុក (Adhoc)៖ «យើងឆ្ការតាមភ្លឺតាមអីចាស់ៗ សន្ទូងស្រែស្រូវយើងតែប៉ុណ្ណឹង អត់មានទៅកាប់រំលំឈើព្រៃធំតូចអីអត់មានទេ គឺជាដីស្រែរបស់យើងតាំងពីកំណើតដូនតាមក មានអណ្ដូងទឹក មានដើមត្នោត មានសំណង់ចាស់បាក់បែងតាំងពីសង្គមចាស់របស់យើង»។
ដីកាបង្គាប់ឲ្យចូលខ្លួនចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ថោង ផល្លារង្សី ចុះថ្ងៃទី១២ ខែសីហា ព្រមានចេញដីកាបង្គាប់ឲ្យនាំខ្លួនតាមនីតិវិធីមួយទៀត ក្នុងករណីដែលជនសង្ស័យមិនបានចូលខ្លួនតាមកាលកំណត់ដោយគ្មានមូលហេតុ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងលោកចៅក្រម ថោង ផល្លារង្សី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញការចេញដីកានេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ទាក់ទងបញ្ហានេះ មេឃុំស្នាអន្សា លោក មោក កោ ថ្លែងថា ករណីប្ដឹងផ្ដល់ទៅតុលាការនេះ គឺខាងមន្ត្រីបរិស្ថាន គឺជាអ្នកប្ដឹង។ ចំណែកការចោទប្រកាន់ថា អាជ្ញាធរឃុំឃុបឃិតជាមួយមន្ត្រីជំនាញក្នុងការរឹបអូសយកដីប្រជាពលរដ្ឋ ទៅដាក់ជាដីសហគមន៍នោះ គឺជារឿងមិនពិត ដោយលោកពន្យល់ថា មុននឹងកាត់ចូលជាដីព្រៃសហគមន៍ ខាងអាជ្ញាធរមានសមត្ថកិច្ច បានត្រួតពិនិត្យត្រឹមត្រូវ និងមើលឃើញថា ជាដីព្រៃពុំមានពលរដ្ឋកាន់កាប់នោះទេ។ លោកបន្តថា ក្រៅពីដីនេះ គេបានស្នើសុំកាត់ដីពីក្រុមហ៊ុន រតនវិសាល ជាង ៧០ហិកតារទៀត ដើម្បីបង្គ្រប់ដីសហគមន៍ចំនួន ៣០០ហិកតារ៖ «អ្នកដែលមានឈ្មោះហ្នឹងអត់ទាន់ធ្វើទេ សុទ្ធតែដីព្រៃទេ ទៅមើលទៅ! ធ្វើបានតែប៉ុន្មានពីរបីម្ចាស់ដែលខ្ញុំនិយាយទេ ក្រៅពីហ្នឹងទៅធ្វើ ហើយគេទៅរើរបងគាត់ តែគាត់នៅតែតស៊ូកាប់ដុតអ៊ីចឹងទៅ។ ការពិត ឃុំមានគោលការណ៍មួយ សុំដីពីក្រុមហ៊ុន រតនវិសាល ទុកដោះដូរឲ្យគាត់ហើយនៅអែបហ្នឹង គាត់ព្រមហើយ តែគ្រូ សោម សារ៉ាវុធ ហ្នឹងមិនព្រមទៅ ក៏នាំគ្នាផ្ដិតមេដៃប្ដឹងទៅ»។
លោកបញ្ជាក់ថា ការពិត ពលរដ្ឋដែលមានផលប៉ះពាល់ពិតប្រាកដមានតែពីរ ឬបីគ្រួសារប៉ុណ្ណោះ ប៉ុន្តែបានបំបែកដាក់ឈ្មោះប្រពន្ធកូន ឬបងប្អូននៅក្នុងគ្រួសារតែមួយ ឡើងរហូតដល់ជាង ២០គ្រួសារ ប៉ុន្តែខាងអាជ្ញាធរនៅតែមានគោលការណ៍សុំដីពីក្រុមហ៊ុន រតនវិសាល ដើម្បីដោះដូរជូនប្រជាពលរដ្ឋនៅក្បែរនោះដែរ ដោយក្នុងមួយឈ្មោះអាចទទួលបានដីទំហំ ១ហិកតារ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា បន្ទាប់ពីខាងលោកបានចុះស្រាវជ្រាវលើករណីនេះ រកឃើញថា បញ្ហាដីធ្លីនៅចំណុចអន្សក្ដាម នៃឃុំស្នាអន្សា មិនមែនមានតែ ២១គ្រួសារនោះទេ គឺអាចមានរហូតទៅដល់ជាង ១០០គ្រួសារ ពីព្រោះកន្លងទៅ មានពលរដ្ឋធ្លាប់តវ៉ាទាមទារដីពីក្រុមហ៊ុន រតនវិសាល យ៉ាងស្វិតស្វាញ។ នៅក្រោយពេលដែលក្រុមហ៊ុនកាត់ដីមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចេញ នៅចុងឆ្នាំ២០១១ គឺមានពលរដ្ឋតែជាង ២០គ្រួសារប៉ុណ្ណោះ ដែលនៅតែបន្តការតវ៉ាទាមទារដីរបស់ខ្លួន ហើយអាជ្ញាធរបែរជាឃុបឃិតជាមួយមន្ត្រីជំនាញ កាត់យកដីទាំងនោះទៅដាក់ជាដីព្រៃសហគមន៍ទៅវិញ៖ «រឿងទាំងអស់ហ្នឹង គឺយើងបានចុះអង្កេតច្រើនដងហើយដីទាំងអស់ហ្នឹង គឺជាដីប្រភេទកសិកម្មទេ មិនមែនជាដីព្រៃ ទាំងអស់ហ្នឹង គឺជាដីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋតវ៉ា អ៊ីចឹងអាជ្ញាធរបានដាក់ពាក្យបណ្ដឹងទាំងអស់ហ្នឹងទៅប្រព័ន្ធតុលាការ ដើម្បីឲ្យតុលាការធ្វើការគំរាមកំហែង ឬមួយក៏ដាក់គំនាបទៅលើប្រជាពលរដ្ឋ»។
កន្លងទៅ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ថ្លែងរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការកាត់ដីបម្រុងទុកធ្វើជាដីព្រៃសហគមន៍ស្នាអន្សា នេះ ដោយគេមើលឃើញថា តំបន់នោះមានតែព្រៃរេចរឹល និងកន្លែងខ្លះជាវាលស្រែចម្ការរបស់ប្រជាពលរដ្ឋ មិនសមជាព្រៃសហគមន៍ ដែលអាចឲ្យប្រជាសហគមន៍អាស្រ័យផលបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
