ពលរដ្ឋចំនួន ៣៤គ្រួសារ នៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន តូច ហៀវ ឲ្យបានឆាប់។ ប៉ុន្តែអាជ្ញាធរស្រុកភ្នំក្រវាញ បដិសេធថា មិនដែលដឹងពលរដ្ឋទាំងនេះមានដីនៅចំណុចអំពួច នៃឃុំផ្ទះរុង តាំងពីពេលណា ហើយមានជម្លោះជាមួយក្រុមហ៊ុនយ៉ាងណានោះទេ។
តំណាងពលរដ្ឋរស់នៅភូមិព្រៃកន្ទួត នៃឃុំតាលោ ស្រុកបាកាន និងភូមិជ្រៃក្រឹម នៃឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ថា ក្រុមហ៊ុន តូច ហៀវ បានបោះបង្គោល និងបាញ់ថ្នាំក្រហមនៅអំឡុងខែមេសា ឆ្នាំ២០១៦ ដើម្បីកំណត់ព្រំបណ្ដាលឲ្យប៉ះពាល់លើដីចម្ការជាង ១១៣ហិកតារនៅចំណុចអំពួច ដែលជាដីរបស់ពួកគាត់បានចូលកាន់កាប់ និងអាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០០។
ពលរដ្ឋម្នាក់ លោក យ៉ែម ម៉េង មានប្រសាសន៍ថា រូបលោក និងពលរដ្ឋជាច្រើនទៀតចង់ឲ្យអាជ្ញាធរវាស់វែងចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋឲ្យបានឆាប់ បើមិនដូច្នោះទេ ពួកគាត់នឹងជួបបញ្ហាជីវភាពកាន់តែខ្លាំង ព្រោះពលរដ្ឋពឹងលើដីធ្លីធ្វើកសិកម្ម។ លោកថា ក្នុងចំណោមពលរដ្ឋ ៣៤គ្រួសារ មានពលរដ្ឋពីរ ឬបីគ្រួសារដែលមានលិខិតស្នាមកាន់កាប់ដីទទួលស្គាល់ដោយអាជ្ញាធរភូមិ និងឃុំ៖ «សូមឲ្យខាងលោកគ្រូ (វិទ្យុអាស៊ីសេរី)ផ្សព្វផ្សាយបន្តថា ឲ្យ (អាជ្ញាធរ)ជួយដោះស្រាយគ្រួសារដែលមានដីនៅចំណុចអំពួចហ្នឹង វេទនាណាស់! ព្រោះដីអាស្រ័យផលហើយ តែឥឡូវហ្នឹងខាងក្រុមហ៊ុនបាញ់ថ្នាំយកអ៊ីចឹងប្រជាពលរដ្ឋមានការភិតភ័យ»។
ទាក់ទងបញ្ហានេះអភិបាលស្រុកភ្នំក្រវាញ លោក សូរ សាហុង ថា លោកនឹងចុះស្រាវជ្រាវលើពលរដ្ឋដែលអះអាងថា មានដីនៅចំណុចអំពួច ប៉ុន្តែកន្លងទៅលោកមិនដែលឃើញមានពលរដ្ឋតវ៉ាទាមទារដីនៅចំណុចនេះទេ។ លោកថា អាជ្ញាធរនឹងដោះស្រាយគ្រប់បញ្ហាជាបន្តបន្ទាប់ ប៉ុន្ដែពេលនេះអាជ្ញាធរ និងជំនាញសុរិយោដី យកករណីពលរដ្ឋចំនួន ៤៦គ្រួសារដែលមានជម្លោះជាមួយក្រុមហ៊ុនជាយូរមកហើយនោះ មកដោះស្រាយសិន៖ «អត់ដែលដឹង ព្រោះអត់ដែលមានឃើញការតវ៉ា ហើយក៏អត់ដែលឮថា មានរឿងហ្នឹងកើតឡើង។ អាហ្នឹងទាល់តែចុះពិនិត្យជាក់ស្ដែងសិន បើឲ្យនិយាយឥឡូវ មិនទាន់និយាយកើត ព្រោះអត់ដឹងរឿង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តពោធិ៍សាត់ លោក ភួង សុធា យល់ថា ដើម្បីដោះស្រាយជម្លោះដីធ្លីដ៏ចម្រូងចម្រាសនេះ គឺអាជ្ញាធរ និងពលរដ្ឋដែលមានផលប៉ះពាល់ទាំងអស់ត្រូវជួបពិភាក្សា និងរកដំណោះស្រាយជាមួយគ្នាផ្ទាល់៖ «ខាងជំនាញត្រូវកំណត់ ថាតើដីទាំងអស់អស់ឲ្យទៅប្រជាពលរដ្ឋ ឬមួយឲ្យទៅក្រុមហ៊ុន ហើយបើអត់មានដំណោះស្រាយទេ ឬមានការជជែកគ្នាទេ ខាងក្រុមហ៊ុនក៏ធ្វើអីអត់បាន ខាងប្រជាពលរដ្ឋធ្វើអីអត់បាន ហើយអ្នកដែលមានផលប៉ះពាល់ គឺប្រជាពលរដ្ឋ»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុន តូច ហៀវ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដើម្បីដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វ។ ប៉ុន្តែកន្លងទៅមានពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបាកាន និងស្រុកភ្នំក្រវាញ នៃពោធិ៍សាត់ ចោទក្រុមហ៊ុនថា បានដកហូតដីរបស់ពួកគាត់ទៅជួលឲ្យក្រុមឈ្មួញដំឡូង និងពលរដ្ឋមកពីតំបន់ឆ្ងាយៗ ដើម្បីដាំដំឡូងមីទៅវិញ។
យ៉ាងណាអភិបាលស្រុកបាកាន និងស្រុកភ្នំក្រវាញ អះអាងថា អាជ្ញាធរ និងមន្ត្រីជំនាញសុរិយោដី នឹងចាប់ផ្ដើមចុះវាស់វែងចេញប្លង់កម្មសិទ្ធិជូនអ្នកភូមិជ្រៃក្រឹម ចំនួន ៤៦គ្រួសារ ដែលមានជម្លោះជាមួយក្រុមហ៊ុន ឋិតនៅចំណុចក្បែរភូមិនោះ ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។