ប្រជាសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ បានលើកគ្នាតវ៉ាជាថ្មីនៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៧ ខែមីនា ដើម្បីទាមទារឲ្យបើកវេទិកាពិគ្រោះយោបល់ជុំវិញរឿងគម្រោងអភិវឌ្ឍន៍ផ្លូវដែក។
ឆ្លើយតបការទាមទារនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បានសន្យាជាថ្មីថា នឹងចុះរៀបចំវេទិកាសាធារណៈក្នុងរយៈពេលកន្លះខែទៀត។
«សំឡេងអ្នកតវ៉ាស្រែកច្រៀង»
នេះ គឺជាសំឡេងចម្រៀងរបស់ក្រុមប្រជាសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ រៀបរាប់ពីក្តីបារម្ភជុំវិញគម្រោងអភិវឌ្ឍន៍ផ្លូវដែក និងដង្ហោយរកព័ត៌មានជាក់លាក់ ព្រមទាំងដំណោះស្រាយសមរម្យ។
គម្រោងអភិវឌ្ឍន៍ផ្លូវដែក ឬផ្លូវល្បឿនលឿនចាប់ពីផ្លូវចំណតរថភ្លើងចាស់ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានក្លាយជាប្រផ្នូលអាក្រក់ ដែលប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងនោះមានការព្រួយបារម្ភ និងចង់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បើកវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសឲ្យពួកគេសួរដេញដោលឲ្យបានច្បាស់។
តំណាងប្រជាពលរដ្ឋមួយរូប គឺលោកស្រី ម៉ែង គួន មានប្រសាសន៍ថា ការលើកគ្នាតវ៉ាជាលើកទី៤ នៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៧ ខែមីនា គឺក្នុងបំណងរំឭកឲ្យក្រសួងសាធារណការ បើកវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ បន្ទាប់ពីក្រសួងមួយនេះបំភ្លេចការសន្យារបស់ខ្លួនម្តងហើយម្តងទៀត៖ «ការមកតវ៉ានេះ គឺខ្ញុំចង់ឲ្យក្រសួងសាធារណការ បើកវេទិកាសាធារណៈដើម្បីជាចំណងដៃសម្រាប់ពួកខ្ញុំក្នុងថ្ងៃទិវាសិទ្ធិនារី»។
ក្រុមប្រជាពលរដ្ឋ បានកាន់បដារំលេចដោយរូបភាពស្ត្រីយំសោក ខណៈគ្រឿងចក្រដែលប្រៀបដូចជាសត្វដាយណូស័រ (Dinosaur) កំពុងច្បាមផ្ទះរបស់នាង និងបញ្ចេញអក្សរជាច្រើនផ្ទាំងសរសេរដោយពណ៌ក្រហម ខៀវ ថាការអភិវឌ្ឍត្រូវចូលរួមពីប្រជាពលរដ្ឋ និងពួកយើងត្រូវរកព័ត៌មានផ្លូវល្បឿនលឿនជាដើម។
បន្ទាប់ពីប្រជាពលរដ្ឋតវ៉ាមួយសន្ទុះមក តំណាងសហគមន៍ទាំង៨ ត្រូវបានអនុញ្ញាតឲ្យចូលជួបចរចាជាមួយតំណាងក្រសួងសាធារណការ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចចរចានោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លីម ស៊ីដេនីន មានប្រសាសន៍ថា ការពន្យារពេលដោះស្រាយកន្លងមក ដោយសារក្រសួងពុំទាន់ជ្រើសរើសយកក្រុមហ៊ុនណាមួយជាក់លាក់នោះទេ ក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងតែដេញថ្លៃគ្នា ដើម្បីបានសិទ្ធិវិនិយោគលើគម្រោងសាងសង់ផ្លូវដែកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ក្នុងរយៈ ពេលកន្លះខែទៀត ក្រសួងនឹងជ្រើសរើសក្រុមហ៊ុនមួយជាផ្លូវការ ហើយនឹងបើកវេទិកាសាធារណៈនៅនឹងកន្លែង ដើម្បីដោះស្រាយផលប៉ះពាល់រួចរាល់ជាមុនសិន មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់៖«យើងខ្ញុំប្រកាសថា កន្លះខែទៀតនឹងជួនព័ត៌មាន ថារើសបានក្រុមហ៊ុនណាមួយហើយ ឬនៅ? ព្រោះក្រុមហ៊ុនមានគោលនយោបាយ មានវិធីសាស្ត្រដោះស្រាយផលប៉ះពាល់យ៉ាងម៉េចនោះ។ ដូច្នេះកន្លះខែទៀតនោះ ជួនព័ត៌មាន ថារើសបាន ឬមិនបាន ដោយភ្ជាប់លិខិតអញ្ជើញ ភ្ជាប់នឹងពេលវេលាដែលបងប្អូនសុំធ្វើវេទិកាសាធារណៈលើកទី១ នោះនៅពេលណា។ នេះគឺជាការឯកភាពគ្នា»។
រីឯតំណាងប្រជាពលរដ្ឋ លោកស្រី មាស ស្រីមុំ លើកឡើងថា ប្រជាពលរដ្ឋហាក់គ្មានភាពកក់ក្តៅជាមួយក្រសួងសាធារណការ ឡើយ ព្រោះតែងតែសន្យាខ្យល់ម្តងហើយម្តងទៀត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ឬគ្រាន់តែជាការពន្យារពេល៖ «ពួកគាត់ក្រឡិចក្រឡុច ពួកគាត់ធ្វើអីមិនច្បាស់ជាមួយប្រជាពលរដ្ឋ។ ពួកខ្ញុំថា បើធ្វើការអភិវឌ្ឍមែន ទោះមានក្រុមហ៊ុនក៏ដោយ មិនទាន់មានក្រុមហ៊ុនក៏ដោយ អោយគាត់បញ្ជាក់ថា បើកវេទិកានៅថ្ងៃណា ដើម្បីអោយប្រជាពលរដ្ឋអស់ចម្ងល់ចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាល»។
លោកស្រី មាស ស្រីមុំ បន្តរៀបរាប់ថា ការដែលក្រុមពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងចង់បានព័ត៌មានច្បាស់លាស់នេះ ព្រោះពួកគាត់ឃើញគំរូអាក្រក់នៃការអភិវឌ្ឍកន្លងមក បណ្ដាលលឲ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះបាត់បង់ដីធ្លី ផ្ទះសម្បែង។ ជាក់ស្តែង ដូចជាពលរដ្ឋតំបន់បឹងកក់ បុរីកីឡា ឬថ្មគោល ជាដើម៖ «គំរូ អាក្រក់ច្រើនមែនទេ ដូច្នេះខ្ញុំខ្លាចដូចគំរូមុន គំរូដូចជាបឹងកក់ បុរីកីឡា ដីក្រហមជាដើម គ្មានអ្វីជាដំណឹងទេ ស្រាប់តែឈូសឆាយកម្ទេចផ្ទះពួកគាត់តែម្ដង ធ្វើអោយរាស្ត្រហូរទឹកភ្នែក ធ្វើអោយរាស្ត្របាត់បង់លំនៅឋាន បញ្ជូនទៅតំបន់ឆ្ងាយ បាត់បង់ការសិក្សារបស់កូន បាត់បង់មន្ទីរពេទ្យ បាត់បង់ការងាររកស៊ី។ យើងរស់នៅទីក្រុង ទោះបីផ្ទះរបស់យើងតូចចង្អៀតប៉ុណ្ណាក៏ដោយ ក៏យើងអាចរស់នៅបានដែរ យើងមិនចង់ចាកចេញពីលំនៅឋានរបស់ពួកយើងទេ។ ដូច្នេះរដ្ឋាភិបាលជួយធ្វើឲ្យប្រជាពលរដ្ឋរស់នៅសុខសាន្ត ធ្វើយ៉ាងណាអោយមានតម្លាភាពជូនពលរដ្ឋ និងផ្ដល់អុកស៊ីហ្សែនដល់ពលរដ្ឋផង ព្រោះមានរាស្ត្រទើបមានរដ្ឋ ហើយមានរដ្ឋទើបមានរាស្ត្រ»។
សង្គមស៊ីវិលដែលបានតាមដានរឿងនេះ វាយតម្លៃថា មានពលរដ្ឋមិនតិចជាង ២ពាន់គ្រួសារ អាចនឹងរងផលប៉ះពាល់។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក អ៊ី សារ៉ុម ថ្លែងថា ការដែលសន្យាម្តងហើយម្តងទៀតនេះ គឺបង្ហាញឲ្យឃើញថា រដ្ឋាភិបាលហាក់គ្មានទំនួលខុសត្រូវ។ លោកថា នេះជាវិធីសាស្ត្រមួយដែលភាគីពាក់ព័ន្ធក្នុងរដ្ឋាភិបាល តែងតែអនុវត្តកន្លងមកដើម្បីបិទបាំងនូវព័ត៌មានពិត ហើយបណ្ដាលឲ្យប្រជាពលរដ្ឋមានទុក្ខកង្វល់៖ «យើងឃើញអ៊ីចឹងដែរ ដូចជាការអភិវឌ្ឍនៅបឹងកក់ នៅបឹងទំពន់ ហើយថ្មីៗនេះនៅកប់ស្រូវជាដើម គឺរដ្ឋាភិបាល ជាពិសេសសាលារាជធានីភ្នំពេញ គាត់មិនបានបើកចំហអោយប្រជាពលរដ្ឋ ឬភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលដែលធ្វើរឿងនេះ បានដឹងឮទេ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្លាប់រងការបន្ទោសពីលោកនាយករដ្ឋមន្ត្រី ថាជាក្រសួងដែលស្ទក់ ឬអសកម្មក្នុងរឿងការងារនោះ មិនទាន់បញ្ជាក់ថា ការធ្វើផ្លូវនេះមានទទឹងប៉ុន្មាននោះទេ ប៉ុន្តែកាលពីថ្ងៃទី៥ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការសាងសង់ផ្លូវល្បឿនលឿនលើគន្លងផ្លូវរថភ្លើងទទឹងប្រវែង ១៩ម៉ែត្រ និងបណ្ដោយប្រវែងជាង ១៣គីឡូម៉ែត្រ។ ផ្លូវប្រភេទលឿនពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាផ្លូវគិតលុយ ត្រូវរដ្ឋាភិបាលរំពឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
តំណាងសហគមន៍រងផលប៉ះពាល់ ក៏បានប្រកាសដែរថា ប្រសិនបើកន្លះខែទៀតនៅតែមិនឃើញមានវេទិកាសាធារណៈនោះ ពួកគាត់នឹងនៅតែលើកគ្នាតវ៉ារហូតទាល់តែមានដំណោះស្រាយជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
