អ្នកភូមិអះអាងថា ការខ្វៀលកាត់ដីប្រជាពលរដ្ឋ និងចេញប័ណ្ណកម្មសិទ្ធិតាមរូបភាពស្បែកខ្លា ធ្វើឲ្យក្រុមហ៊ុនប្រើឱកាសនេះឈូសឆាយទន្ទ្រានកាន់តែច្រើនថែមទៀតនៅលើដីក្រៅពីដីបានកាត់ចេញជាកម្មសិទ្ធិឯកជនជូនអ្នកភូមិ ដូចជាក្បាលដីជាប់ស្រែអ្នកភូមិធ្លាប់បានប្រើប្រាស់ដីព្រៃអភិរក្ស និងដីបម្រុងទុកចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាពជាដើម។
ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ជាង ១០០គ្រួសារ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្នើសុំឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញពីការទន្ទ្រានឈូសឆាយដីកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច បន្ទាប់ពីគោលនយោបាយខ្វៀលដីប្រជាពលរដ្ឋកាត់ចេញតាមរូបភាពស្បែកខ្លាត្រូវបានអនុវត្តន៍។
នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ តំណាងអ្នកភូមិចំនួន ៤នាក់ បាននាំគ្នាមកការិយាល័យសមាគមអាដហុក ខេត្ត និងនាំយកលិខិតមានស្នាមមេដៃអ្នកភូមិជាង ៦០នាក់ សុំឲ្យសមាគមនេះជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយបញ្ហាដែលកើតមានចំពោះអ្នកភូមិ។
តំណាងអ្នកភូមិកាំ មួយរូបគឺលោក តាវ៉ាង ព្រាវ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ស៊ីអរឌី (CRD) បានឈូសឆាយទន្ទ្រានយកព្រៃការពារ និងព្រៃអាស្រ័យផលសហគមន៍ រួមទាំងដីត្រៀមបម្រុងចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព ដោយសំអាងថាដីកម្មសិទ្ធិឯកជនប្រជាពលរដ្ឋត្រូវបានកាត់ចេញអស់ហើយ។
លោកបន្តថា សូម្បីដីក្បាលស្រែសម្រាប់គោក្របី ក៏ក្រុមហ៊ុនឈូសឆាយយកអស់ ដោយសំអាងថានិស្សិតវាស់វែងត្រឹមភ្លឺស្រែអ្នកភូមិដែលបានធ្វើស្រែចម្ការជាក់ស្តែង៖ «គេអត់ប្រឆាំងជាមួយរាជរដ្ឋាភិបាលទេ តែចង់ចែកពាក់កណ្ដាល អ៊ីចឹងម្ខាងនោះឲ្យក្រុមហ៊ុន ម្ខាងនេះឲ្យប្រជាពលរដ្ឋ»។
តំណាងអ្នកភូមិម្នាក់ទៀត គឺលោក ចេង ភាព មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនស៊ីអរឌី ក៏បានរំលោភឈូសឆាយដីអ្នកភូមិបីគ្រួសារទៀតដែលបានចុះបញ្ជីដីដោយក្រុមនិស្សិតរួចហើយដែរ។ លោកបន្តថា អ្នកភូមិចង់ឲ្យបែងចែកព្រំដីសម្បទាន និងដីប្រជាពលរដ្ឋរស់នៅធ្វើស្រែចម្ការជាពីរផ្នែកដាច់ពីគ្នា ពីព្រោះក្រុមហ៊ុនហ៊ុំព័ទ្ធដីទាំងអស់ទុកតែដីខ្វៀលចេញមិនអាចឲ្យអ្នកភូមិចេញចូលធ្វើស្រែចម្ការបានស្រួលទេ។
លោក ចេង ភាព៖ «បាទ! គេតវ៉ាមួយភូមិ ពីព្រោះវាខុសទំនៀមទម្លាប់ បាត់បង់ប្រពៃណីរបស់គេៗប្រើប្រាស់អាស្រ័យផល ក្នុងព្រៃហ្នឹង វាបាត់បង់អស់រលីងហើយ បើអ៊ីចឹងគេមិនសុខចិត្តទេ គេចង់ឲ្យកាត់តម្រង់មិនចង់ឲ្យគេឈូសស្បែកខ្លាទេ»។
ក្រុមហ៊ុនស៊ីអរឌី ទទួលបានដីសម្បទានសេដ្ឋកិច្ច ៧ពាន់ហិកតារ នៅស្រុកចំនួនបី គឺស្រុកអណ្ដូងមាស ក្នុងឃុំតាលាវ ស្រុកបរកែវ ក្នុងឃុំកិចុង និងស្រុកអូរជុំ ក្នុងឃុំសាមគ្គី ឃុំល្អក់ និងឃុំពយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ មិនអាចទាក់ទងសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនស៊ីអរឌី ជុំវិញការចោទប្រកាន់របស់អ្នកភូមិបានទេ។ ចំណែកអភិបាលស្រុកអូរជុំ លោក សាក់ សុន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្តីរាយការណ៍ពីករណីនេះនៅឡើយ ប៉ុន្តែលោកថានឹងចាត់មន្ត្រីចុះស្រាវជ្រាវករណីនេះ៖ «ទេចាំមើលឲ្យមើលជាក់ស្តែង មើលអ្នកណាឲ្យទៅធ្វើអ៊ីចឹង។ ធ្វើដើម្បីបម្រើប្រជាពលរដ្ឋយើង ទៅឈូសរបស់គាត់ អត់បានទេ ព្រោះរដ្ឋាភិបាលអ្នកធ្វើវិនិយោគទុនក៏រដ្ឋាភិបាលធ្វើៗអ្វីដែលត្រឹមត្រូវអ្វីដែលវាមិនប៉ះពាល់គ្នាទៅវិញទៅមក»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីប្រជាពលរដ្ឋរួចហើយ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ។ លោកបន្តថានឹងអន្តរាគមន៍ការស្នើសុំនេះទៅស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្ត៖ «យើងអង្កេតទៅរឿងនេះវាពាក់ព័ន្ធការឈូសឆាយប៉ះពាល់ដីព្រៃស្រោង ដីចម្ការវិលជុំ ដីកប់ខ្មោច ដីព្រៃជម្រកសត្វសម្រាប់អាស្រ័យផលរបស់អ្នកភូមិតាមប្រពៃណីជនជាតិដើមភាគតិច ខុសទៅនឹងគោលការណ៍សម្បទានសេដ្ឋកិច្ច»។
យ៉ាងនេះក្តី តំណាងអ្នកភូមិកាំ មានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០១១ រហូតមក ឈើរាប់ម៉ឺនដើមត្រូវក្រុមហ៊ុនកាប់អារច្រៀក។ ចំណែកដីចម្ការចាស់ (វិលជុំ) ភ្នំអារក្ស ព្រៃស្រោង ព្រៃបម្រុងទុក ព្រៃការពារប្រភពទឹក និងព្រៃកប់ខ្មោច ត្រូវក្រុមហ៊ុនហ៊ុំព័ទ្ធយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
