ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៃប្រទេសឥណ្ឌា មេសស្កូ ហ្គោល ចំណាយប្រាក់ ៦.៣០០ពាន់ដុល្លារជាសំណងផលប៉ះពាល់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តខេត្តរតនគិរី។
ការផ្ដល់ប្រាក់សំណងនេះ ធ្វើឡើងនៅរោងប្រជុំភូមិពាក់ នៅរសៀលថ្ងៃទី២២ ខែមីនា ដោយមានប្រជាពលរដ្ឋសហគមន៍ជិត ១០០នាក់ ជាពិសេសប្រជាពលរដ្ឋ ១៨គ្រួសារអ្នករងផលប៉ះពាល់ផ្ទាល់មន្ត្រីមូលដ្ឋានភូមិឃុំ តំណាងក្រុមហ៊ុន និងតំណាងអង្គការក្រៅរដ្ឋាភិបាលចូលរួមក្នុងពិធីប្រគល់ប្រាក់នោះ។
ប្រធានភូមិពាក់ លោក សេវ លីន ប្រកាសនៅចំពោះមុខសហគមន៍ថា ការទទួលយកប្រាក់សំណងនេះធ្វើឡើងដោយតម្លាភាព គឺប្រជាពលរដ្ឋ ១៨គ្រួសារ និងតំណាងសហគមន៍មានផលប៉ះពាល់ដីបានយល់ព្រមទទួលប្រាក់សំណងដោយស្ម័គ្រចិត្ត។ លោកថា សហគមន៍ ១៨គ្រួសារទទួលបានសំណងដី ២៦ហិកតារជាលក្ខណៈបុគ្គល និងសហគមន៍រួមទទួលបានសំណងដី ១២ហិកតារ៖ «ពិធីចែកលុយថ្ងៃហ្នឹង តាមបុគ្គលមានផលប៉ះពាល់ដោយឡែក ប៉ុន្តែតាមសហគមន៍ទាំងអស់ក៏ដោយឡែក។ តាមខ្ញុំមើលទៅ គឺល្អមែនទែន ស្រុះគ្នាតែម្ដង វាអត់មានបញ្ហា»។
ពិធីប្រគល់ប្រាក់សំណងផលប៉ះពាល់ប្រជាពលរដ្ឋនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយផលប៉ះទាក់ទិនគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេសស្កូ ហ្គោល មុននឹងក្រសួងរ៉ែនិងថាមពល ចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសក្រោមដីជម្រៅ ៣០ម៉ែត្រ និងមានទំហំផ្ទៃដី ១២គីឡូម៉ែត្រក្រឡានៅស្រុកអូរយ៉ាដាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
