គោលនយោបាយសម្របសម្រួលកាត់ចេញដីទីទូលសុវត្ថិភាពពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហ័ង អាញ លំផាត់ (Hoang Anh Lumphat) មិនទទួលបានជោគជ័យផ្ដល់ឲ្យអ្នកភូមិនៅស្រុកលំផាត់ ខេត្តរតនគិរី ទេ។ អ្នកភូមិអះអាងថា ក្រុមហ៊ុនបានព្យាយាមចូលកាន់កាប់ដីនោះមិនប្រគល់ឲ្យប្រជាពលរដ្ឋតាមការសម្របសម្រួលគ្នាឡើយ។
ប្រជាពលរដ្ឋភូមិថ្មី ឃុំជ័យឧត្ដម ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា បានប្រមូលគ្នាទៅបោះបង្គោលរបងការពារដីទួលសុវត្ថិភាព ២០០ហិកតារ បន្ទាប់ពីក្រុមហ៊ុនព្យាយាមចូលកាន់កាប់ដីនោះឡើងវិញ។
មិនមានអំពើហិង្សាអ្វីកើតមានក្នុងហេតុការណ៍នេះទេ ពីព្រោះភាគីក្រុមហ៊ុនមិនមានវត្តមាន ឬបញ្ចេញប្រតិកម្មណាមួយជាមួយប្រជាពលរដ្ឋនោះឡើយ។
តំណាងប្រជាពលរដ្ឋភូមិថ្មី លោក សាយ ខឿង មានប្រសាសន៍បញ្ជាក់ថា ដីទួលសុវត្ថិភាពមានសារសំខាន់សម្រាប់អ្នកភូមិជម្លៀសក្រុមគ្រួសារ និងសត្វពាហនៈគ្រាមានទឹកជំនន់ហេតុនេះអ្នកភូមិទាមទារកាត់ដីនោះចេញពីដីសម្បទានក្រុមហ៊ុនទុកជាដីត្រៀមបម្រុងរបស់អ្នកភូមិ។
លោកបន្តថា ក្រុមហ៊ុនបានព្យាយាមចូលកាន់កាប់ដីនោះជាថ្មី បន្ទាប់ពីបេសកជនរាជរដ្ឋាភិបាលបានសម្របសម្រួលឯកភាពគ្នារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនឹងកាត់ចេញដីនោះជូនប្រជាពលរដ្ឋ៖ «ក្រុមហ៊ុនកន្លែងដែលគាត់បាននិយាយគ្នាកន្លែងដែលឈូសឆាយកុំអាលប្រមូលកន្លែងមានទំនាស់ក្រុមហ៊ុនគាត់ចូលមកឈូសឆាយ ប្រជាពលរដ្ឋគាត់ព្រួយបារម្ភក៏នាំគ្នាមកដាក់បង្គោលព្រំប្រទល់។ ប្រជាពលរដ្ឋខ្លាចគេយកដីទួលសុវត្ថិភាព»។
កាលពីជិតពាក់កណ្ដាលខែកុម្ភៈ បេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច មានឋានៈជាទេសរដ្ឋមន្ត្រីរួមជាមួយមន្ត្រីពាក់ព័ន្ធអាជ្ញាធរខេត្តរតនគិរី បានទទួលកិច្ចស្វាគមន៍ពីប្រជាពលរដ្ឋភូមិថ្មី និងភូមិស្រែឈូក ក្នុងឃុំជ័យឧត្ដម បន្ទាប់ពីលោកបានសម្របសម្រួលឲ្យក្រុមហ៊ុនទទួលយករូបមន្តស្បែកខ្លា ពោលគឺកាត់ដីទូលសុវត្ថិភាពចេញពីដីសម្បទានសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។
ការសម្របសម្រួលនេះភាគីក្រុមហ៊ុនបានទទួលយកសំណូមពរនេះទៅសុំការសម្រេចពីតំណាងក្រុមហ៊ុននៅវៀតណាម ហើយតំណាងស្ថាប័នពាក់ព័ន្ធរួមចំណែកបំពេញលិខិតស្នាមបែបបទទាក់ទិនគម្រោងកាត់ចេញដីមានផលប៉ះពាល់ប្រជាពលរដ្ឋជូនក្រុមហ៊ុនវិញ ដើម្បីរួមចំណែកការអភិវឌ្ឍប្រកបដោយភាពជោគជ័យ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមេសា មិនអាចទាក់ទងតំណាងក្រុមហ៊ុនសុំអធិប្បាយបញ្ហានេះបានទេ ក៏ប៉ុន្តែអភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន ថ្លែងបញ្ជាក់ថា គម្រោងកាត់ដីជូនប្រជាពលរដ្ឋមិនអាចធ្វើទៅបានទេ ពីព្រោះដីដែលប្រជាពលរដ្ឋទាមទារ គឺក្រសួងបរិស្ថានបានចុះបញ្ជីប្រគល់ឲ្យក្រុមហ៊ុនរួចហើយ។
លោកបន្តថា សកម្មភាពប្រជាពលរដ្ឋនាំគ្នាបោះបង្គោលហ៊ុមព័ទ្ធដីគឺជាអំពើខុសច្បាប់៖ «ដីហ្នឹងវាចុះបញ្ជីក្រុមហ៊ុនទទួលខុសត្រូវកន្លែងនេះគាត់អត់ហ៊ានសម្រេចទេ ត្រូវស្នើសុំទៅអគ្គនាយកក្រុមហ៊ុននៅវៀតណាម ទៀត។ ជាផ្លូវការដីចុះបញ្ជី ហើយមិនងាយយើងស្នើសុំគេបានទេ»។
ក្រសួងបរិស្ថានបានផ្ដល់ដីសម្បទានជាង ៨ពាន់ហិកតារទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីឆ្នាំ២០១៣ បន្ទាប់មកក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មដីសម្បទានទៅឲ្យក្រុមហ៊ុន ហ័ង អាញ លំផាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋពីរភូមិរស់នៅតំបន់នោះបានធ្វើការតវ៉ាទាមទារដីជាង ១ពាន់ហិកតារជាដីត្រៀមបម្រុងអ្នកភូមិប្រើប្រាស់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកដំណោះស្រាយរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលត្រូវបរាជ័យ ដែលធ្វើឲ្យប៉ះពាល់ជីវភាព និងសិទ្ធិរស់នៅរបស់ពលរដ្ឋ។ លោកកត់សំគាល់ថា ដីទួលសុវត្ថិភាពដែលអ្នកភូមិទាមទារគឺជាអាយុជីវិតអ្នកភូមិស្នាក់នៅ គ្រាមានទឹកជំនន់លិចភូមិ៖ «បានសេចក្ដីថា ក្រុមហ៊ុនមិនធ្វើតាមការជួយដោះស្រាយរបស់ថ្នាក់ជាតិ។ អ៊ីចឹងហើយវាបង្កឲ្យមានជម្លោះដីធ្លី ពលរដ្ឋគាត់មិនសុខចិត្តទេ។ ដីដែលក្រុមហ៊ុនឈូសឆាយជាដីទួលសុវត្ថិភាពរបស់ពួកគាត់»។
ករណីដូចគ្នានេះប្រជាពលរដ្ឋភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ អះអាងដែរថា គោលនយោបាយសម្របសម្រួលរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទាក់ទិនទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន រ័ត្ន សាខន ក៏ត្រូវបានរំលោភដូចគ្នាដោយភាគីក្រុមហ៊ុនបន្តការឈូសឆាយដីដែលបានព្រមព្រៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
